មណ្ឌលគិរីៈ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១ មីនា បានបញ្ជូនបុរសជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីចាប់ខ្លួនពីយប់ថ្ងៃទី ២៨ កុម្ភៈ ក្នុងខេត្តក្រចេះ ប៉ុន្មានម៉ោងក្រោយពេលធ្វើសកម្មភាពអារកសម្លាប់ប្លន់យកលុយ និងគ្រឿងអលង្ការពីស្ត្រីម្នាក់ រស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ មីនា ថា ជនសង្ស័យឈ្មោះ ថន សិទ្ធធាន អាយុ ២២ ឆ្នាំ ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថរបស់លោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី ១ មីនាឆ្នាំ ២០២២ ។ ជនសង្ស័យម្នាក់នេះបានរត់គេចខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានសមត្ថកិច្ចអាវុធហត្ថលោកសហការជាមួយកងអាវុធហត្ថខេត្តក្រចេះតាមចាប់ខ្លួនបាន។
លោកថ្លែងថា៖ «នៅព្រឹកថ្ងៃនេះ (ថ្ងៃទី ១ មីនា) មន្ត្រីជំនាញរបស់ខ្ញុំកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តមណ្ឌលគិរី។ យើងអាចបញ្ជូនគាត់ទៅតុលាការនៅល្ងាចថ្ងៃនេះ»។
បើតាមកំណត់ហេតុរបស់កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីសហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន សិទ្ធធាន អាយុ ២២ ឆ្នាំជនជាតិខ្មែររស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់ខ្លួនបានកាលពីយប់ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំនេះ។
ចំណែកស្រី្តជនរងគ្រោះឈ្មោះ វេង ភា អាយុ ៥១ ឆ្នាំ រស់នៅភូមិអន្ទ្រងសាមគ្គីមានជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា មណ្ឌលគិរី។
កំណត់ហេតុបង្ហាញទៀតថា ជនសង្ស័យបានសារភាពថា រូបគេបានសម្លាប់ស្ត្រីរងគ្រោះដោយយកអង្រែបុកគ្រឿងវាយក្បាលពីក្រោយចំនួន ៥ អង្រែ បន្ទាប់មកគេបានយកជើងជាន់ខ្នងស្ត្រីរងគ្រោះ ហើយចាប់ក្បាលភ្ងើយកឡើង រួចយកកាំបិតអារករហូតហូរឈាមស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យមានម៉ូតូមាកវ៉េវអាល់ហ្វាពណ៌ខ្មៅចំនួន ១ គ្រឿង ខ្សែកមាស ២ ខ្សែ ខ្សែកជើង ២ ខ្សែ កងជើង ២ វង់ ចិញ្ចៀន ២ វង់ កាបូបដៃចំនួន ១ លុយខ្មែរចំនួន ៦៩៥ ០០០ រៀល លុយវៀតណាមចំនួន ៥ ពាន់ដុង និងលុយថៃចំនួន ១០០ បាត។
ទោះយ៉ាងណា បើតាមលោកនាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាឱ្យដឹងតាមសម្តីសាក្សីនៅថ្ងៃទី ១ មីនា ថា ជនសង្ស័យនេះបានស្រឡាញ់នារីម្នាក់ ហើយបានប្រាប់ឪពុកម្តាយឱ្យចូលស្តីដណ្តឹងនាង។ ប៉ុន្តែត្រូវបានម្តាយឪពុកជននេះប្រាប់ថា គ្មានលុយរៀបការទេ និងឱ្យចាំឆ្នាំក្រោយទៅ។
លោកបន្តថា លុះដល់ម៉ោងប្រហែល ៨ យប់ថ្ងៃទី ២៨ កុម្ភៈ ខណៈប្តីស្ត្រីរងគ្រោះចេញទៅជួបម៉ូយទិញគោ ស្រាប់តែជនសង្ស័យលបចូលក្នុងផ្ទះហើយយកអង្រែបុកគ្រឿងវាយក្បាល និងអារកសម្លាប់តែម្តង។
បន្ទាប់ពីជនសង្ស័យសម្លាប់ស្ត្រីរងគ្រោះរួចក៏បើកម៉ូតូ ១ គ្រឿងរត់គេចខ្លួនទាំងឈាមប្រឡាក់ពេញខ្លួនសំដៅទៅស្រុកកំណើតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកបន្តទៀតថា នៅយប់ថ្ងៃដដែលនោះប្តីរបស់ស្ត្រីរងគ្រោះបានទូរស័ព្ទមកប្រពន្ធ តែគ្មានអ្នកទទួលជាហេតុធ្វើឱ្យគាត់សង្ស័យ ហើយក៏មកដល់ផ្ទះឃើញប្រពន្ធរបស់ខ្លួនដេកស្លាប់ទើបបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ពូជ្រៃ។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍បានដឹងតម្រុយថា ជនសង្ស័យអាចគេចខ្លួនទៅខេត្តក្រចេះ ក៏រាយការណ៍បន្តទៅកាន់កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ហើយនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍បន្តទៅនគរបាលខេត្តក្រចេះ ដើម្បីសហការចាប់ខ្លួនជនសង្ស័យ។
លោកប្រាប់ថា៖ «នៅយប់នោះជនសង្ស័យបានជិះម៉ូតូដល់ភូមិមួយក្នុងទឹកដីខេត្តក្រចេះ ហើយចូលសុំបាយអ្នកភូមិហូប។ ពេលនោះអ្នកភូមិឃើញសកម្មភាពជនសង្ស័យប្លែកក៏រាយការណ៍ប្រាប់មន្ត្រីកងរាជអាវុធហត្ថដែលនៅជិតនោះឱ្យចាប់ខ្លួនតែម្តង»៕