ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលសម្លាប់ប្រពន្ធព្រោះតែរឿងប្រចណ្ឌនៅក្នុងបន្ទប់ជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានរត់គេច កាលពីថ្ងៃទី ១២ ខែមីនាបានចូលទៅសារភាពនៅនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់នៅថ្ងៃទី ១៥ មីនា នៅពេលនេះកំពុងត្រូវបាននគរបាល ខណ្ឌសែនសុខ សាកសួរបន្ទាប់ពីនាំខ្លួនពីខេត្តពោធិ៍សាត់មករាជធានីភ្នំពេញវិញ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងនៅថ្ងៃទី ១៥ មីនា ថា ករណីបុរសសង្ស័យឈ្មោះ រ័ត្ន វិជ្ជា អាយុ ៣៥ ឆ្នាំ គឺសមត្ថកិច្ចរបស់លោកទើបតែទទួលពីនគរបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ១៥ មីនាហើយនគរបាលជំនាញរបស់លោកកំពុងចាត់ចែងសួរចម្លើយបន្តទៀត។
លោកថ្លែងថា៖ «មូលហេតុនៃការសម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធនេះ បើតាមចម្លើយរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចយើងថា បណ្តាលមកពីរឿងប្រចណ្ឌ។ ជនសង្ស័យយកដៃក្រៀក ក ស្ត្រីរងគ្រោះពេលប្រតាយប្រតប់គ្នារហូតដាច់ខ្យល់ស្លាប់»។
ចំណែកលោក រ័ត្ន ភារម្យ អធិការរងទទួលផែននគរបាលព្រហ្មទណ្ឌ ស្រុកក្រគរ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ មីនាថា ជនសង្ស័យឈ្មោះ រ័ត្ន វិជ្ជា បានចូលមកសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រគរថា គាត់បានសម្លាប់ប្រពន្ធរបស់គាត់ឈ្មោះ ហ៊ាង ស្រីជាតិ អាយុ ២៨ ឆ្នាំនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី ១២ មីនាឆ្នាំ ២០២២។ ចំពោះមូលហេតុនៃការសម្លាប់នេះគឺដោយសារបញ្ហាប្រចណ្ឌប្រពន្ធរបស់គាត់លួចមានប្រុសថ្មី។
លោកបន្តតាមសម្តីរបស់ជនសង្ស័យថា កាលពីថ្ងៃទី ១២ មីនា ឆ្នាំ ២០២២ ជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួនហើយនៅពេលនោះពួកគេទាំង ២ នាក់បានប្រតាយប្រតប់គ្នាជាមួយស្ត្រីរងគ្រោះ។ គ្រានោះ ជនសង្ស័យបានយកដៃក្រៀក ក របស់ស្ត្រីរងគ្រោះហើយទាញទៅក្រោយរហូតដាច់ខ្យល់ស្លាប់។ ភ្លាមៗបន្ទាប់ពីដឹងថាស្ត្រីរងគ្រោះស្លាប់ហើយនោះ ជនសង្ស័យបានបិទទ្វារបន្ទប់ ហើយធ្វើដំណើរមកស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបានបន្តទៀតថា នៅក្រោយថ្ងៃកើតហេតុនោះ ម្តាយរបស់ស្ត្រីរងគ្រោះបានទទួលដំណឹងថា កូនរបស់គាត់ត្រូវបានគេសម្លាប់ តែមិនឃើញប្តីនៅបន្ទប់ជួលនោះទេ។ ចំណែកសាច់ញាតិរបស់ស្ត្រីរងគ្រោះបានព្យាយាមទូរស័ព្ទទាក់ទងជនសង្ស័យដែរតែមិនចូល។ លុះនៅថ្ងៃទី ១៥ មីនា ឆ្នាំ ២០២២ ពេលដែលជនសង្ស័យចូលសារភាពនៅអធិការដ្ឋាននគរបាលក្រគរទើបសមត្ថកិច្ចរបស់លោកសាកសួរជនសង្ស័យរកលេខទូរស័ព្ទសាច់ញាតិខាងស្ត្រីរងគ្រោះ និងបានជូនដំណឹងឱ្យពួកគាត់ដឹងតែម្តង៕
វីដេអូ៖