កណ្តាលៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល ​បាន​ថ្លែងថា រហូត​មកដល់នឹង​ពេលបច្ចុប្បន្ន​នេះ គម្រោង​សាងសង់​មន្ទីរពេទ្យ​តេជោសែន​កោះធំ​សម្រេច​វឌ្ឍនភាព​សាងសង់​បាន​ប្រមាណ​ ២២,៩៦​ ភាគរយ ហើយ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី​នៃ​វត្តពុទ្ធពរ​ត្រៃនិគម ស្ថិតនៅក្នុង​ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៧ ខែមីនា ឆ្នាំ​ ២០២២​ នេះ​។

គម្រោង​នេះ​ចំណាយពេល​សាងសង់​ចំនួន​ ១២ ​ខែ​ដោយ​គិត​ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​ ២០២២ និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែធ្នូ ឆ្នាំ​ ២០២២ ​ខាងមុខនេះ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​មន្ទីរពេទ្យ​តេជោសែន​កោះធំ ជា​មន្ទីរពេទ្យ​ធំ និង​ទំនើប​ជាង​បណ្តា​មន្ទីរពេទ្យ​ស្រុក​ទាំងអស់​នៅក្នុង​ប្រទេស​។ មន្ទីរពេទ្យ​នេះ​អាច​ផ្តល់​សេវាសាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​នាក់​មកពី​ស្រុក​កោះធំ ស្រុក​ស្អាង ស្រុក​លើកដែក​នៃ​ខេត្តកណ្តាល និង​ស្រុក​ព្រៃកប្បាស​នៃ​ខេត្តតាកែវ ដោយ​សហការ​ជាមួយ​មន្ទីរពេទ្យ​កាល់ម៉ែត​»​។

គម្រោង​សាងសង់​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​សមស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​សម្រាប់​អភិវឌ្ឍ​ជាតិ​របស់​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​គិតគូរ យកចិត្តទុកដាក់​លើ​សុខទុក្ខ សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

មន្ទីរពេទ្យ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ទាំងអស់​ប្រមាណ​ ១០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ គម្រោង​សាងសង់​មន្ទីរពេទ្យ​នេះ​រួមមាន ការសាងសង់​អគារ​ថ្មី​ចំនួន​ ០៣ ​ខ្នង ដែលមាន​ដូចជា អគារ​មន្ទីរពេទ្យ​ចំនួន ០១ ​ខ្នង មាន​ ០៣ ​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ៣៥១៤,៨ ម៉ែត្រការ៉េ​, អគារ​ខាងឆ្វេង​ចំនួន ០១ ​ខ្នង មាន​ ០២ ​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​ទំហំ ៥០០ ​ម៉ែត្រការ៉េ និង​ជាន់​ទី​ ១ ​មាន​ទំហំ ៥០០ ម៉ែត្រការ៉េ និង​អគារ​ខាងស្តាំ​ចំនួន​ ០១ ​ខ្នង មាន ​០២ ​ជាន់​។

អគារ​ទាំង ០៣ ខាងលើ​មាន​ទំហំ​សរុប​ស្មើនឹង ១២ ៥៤៤​ ម៉ែត្រការ៉េ​ដែល​អាច​ផ្ទុក​គ្រែ​អ្នកជំងឺ​បាន​ចំនួន ១៥០ គ្រែ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ សម្ភារ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​បច្ចេកទេស​ទំនើបៗ​បម្រើ​ឱ្យ​ការព្យាបាល​៕