បាត់ដំបងៈ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងនៅថ្ងៃទី ៣ មេសា កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនស្ត្រីសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីចាប់ខ្លួនបាន ១ ថ្ងៃ ករណីបោះកូនស្រីបង្កើតរបស់ខ្លួនអាយុ ១ ខែ ១០ ថ្ងៃទៅក្នុងទឹកប្រឡាយនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឱ្យដឹងនៅថ្ងៃទី ៣ មេសាថា សមត្ថកិច្ចរបស់លោកនៅថ្ងៃទី ៣ មេសា កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនស្ត្រីសង្ស័យឈ្មោះ ហន សាម៉េន អាយុ ២២ ឆ្នាំ ទៅសាលាដំបូងខេត្តបាត់ដំបង។ ស្ត្រីសង្ស័យបានបោះកូនស្រីតូចរបស់ខ្លួនអាយុ ១ ខែ ១០ ថ្ងៃចូលទៅក្នុងទឹកប្រឡាយកាលពីថ្ងៃទី ២ មេសា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «នៅថ្ងៃទី ៣ មេសានេះ ខាងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខ្ញុំ កំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនស្ត្រីសង្ស័យទៅតុលាការ។ នៅក្នុងកំណត់ហេតុរបស់យើងបានចោទគាត់បឋមក្នុងបទឃាតកម្ម យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ»។
លោករៀបរាប់តាមសម្តីស្ត្រីម្តាយក្មេងរងគ្រោះថា ស្ត្រីសង្ស័យ ឈ្មោះ ហន សាម៉េន មានប្តីឈ្មោះ ជៀប ចំណាប់ ហៅ ម៉ៅ អាយុ ៤៥ ឆ្នាំមានកូនចំនួន ២ នាក់ ប្រុសម្នាក់ ស្រីម្នាក់។ កូនប្រុសច្បងអាយុ ១១ ខែ មិនទាន់ផ្តាច់ដោះ រីឯកូនស្រីប្អូនអាយុ ១ ខែ ១០ ថ្ងៃ (ក្មេងរងគ្រោះ)។ តាំងពីចាប់កំណើតមក គឺក្មេងស្រីរងគ្រោះម្នាក់នេះយំរហូត បើពេលយប់ពីម៉ោង ៨ យប់ដល់ម៉ោង ៤ ទៀបភ្លឺ គ្មានលស់ថ្ងៃណាឡើយ ហើយឪពុកម្តាយត្រូវតែផ្លាស់ប្តូរវេនគ្នា ដើម្បីមើលកូនម្នាក់នេះ។
លោកបន្តថា ស្ត្រីជាម្តាយតែងតែគិតក្នុងចិត្តថា កូនរបស់ខ្លួនតាំងពីចាប់កំណើតមក គឺមិនដែលឱ្យម្តាយឪពុកបានសុខស្រួលម្តងណាឡើយ ហើយដោយសារតែកូនម្នាក់នេះទើបធ្វើឱ្យជីវភាពរបស់គាត់ក្រីក្រ។ ដោយសារតែយល់ឃើញដូច្នេះទើបព្រឹកថ្ងៃទី ២ មេសា ឆ្នាំ ២០២២ ពេលបុរសជាឪពុកកំពុងពកូនប្រុសច្បងចេញទៅក្រៅផ្ទះ ចំពេលដែលក្មេងរងគ្រោះកំពុងដេកលក់ក្នុងអង្រឹង ស្រាប់តែស្ត្រីសង្ស័យបីក្មេងរងគ្រោះដើរទៅខាងក្រោយផ្ទះ ហើយបោះចូលក្នុងទឹកប្រឡាយ ដែលមានជម្រៅត្រឹមចង្កេះមនុស្សចាស់។ ពេលបោះចូលទឹក ក្មេងរងគ្រោះអណ្តែតឡើងលើម្តង បន្ទាប់មកក៏លិចទៅបាត់។
លោកថា បន្ទាប់ពីស្ត្រីសង្ស័យបោះកូនចូលក្នុងទឹកប្រឡាយរួចមកបានដើរត្រឡប់មកអង្គុយក្នុងអង្រឹងដែលជាអង្រឹងកូនដេកនោះវិញ ហើយប្រាប់ម្តាយមីងបង្កើត និងប្តីរបស់ខ្លួនថា មាននរណាមកលួចកូនរបស់គាត់បាត់ពីអង្រឹងហើយ។ ភ្លាមៗនោះម្តាយមីងរបស់ស្ត្រីសង្ស័យរួមទាំងឪពុករបស់ក្មេង និងស្ត្រីសង្ស័យបាននាំគ្នាទៅប្តឹងមេភូមិ និងចៅសង្កាត់អូរចារ និងនាយនគរបាលប៉ុស្តិ៍សង្កាត់អូរចារក្រុងបាត់ដំបង ដើម្បីឱ្យជួយអន្តរាគមន៍រកកូនរបស់ពួកគេ។
បើតាមលោក ស៊ុនកាំង បន្ទាប់ទទួលបានបណ្តឹងផ្ទាល់មាត់ អាជ្ញាធរសង្កាត់អូរចារបានរាយការណ៍ទៅនគរបាលក្រុងបាត់ដំបង ហើយនគរបាលក្រុងបាត់ដំបងបានរាយការណ៍បន្តទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ លោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងសុំគោលការណ៍ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសហការជាមួយលោកអធិការនគរបាលក្រុងបាត់ដំបង ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុនៅថ្ងៃទី ២ មេសាដដែលនោះ។
លោកបញ្ជាក់ថា នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចរបស់លោកបានហៅម្តាយក្មេងរងគ្រោះមកសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង។ នៅពេលនោះស្ត្រីសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់មិនមែនបាត់ ដោយសារចោរលួចទេ តែគាត់បានយកកូនគាត់ទៅទម្លាក់ក្នុងទឹកប្រឡាយ ព្រោះគាត់គិតថា កូនរបស់គាត់កើតមកចង្រៃធ្វើឱ្យឪពុកម្តាយក្រ ទើបគាត់សម្រេចចិត្តយកកូនម្នាក់នេះទៅបោះចូលទឹកប្រឡាយចោលទៅ។ ចំណែកឯក្មេងស្រីរងគ្រោះក៏ត្រូវបានឪពុករបស់នាងចុះរាវរកនៅថ្ងៃទី ២ មេសាដដែលនោះនៅទីតាំងដែលប្រពន្ធរបស់គាត់បោះចោល ហើយរកឃើញមកវិញ តែក្មេងរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕
វីដេអូ៖