ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ៦ មេសាបានលើកយកសំណុំរឿងសម្លាប់បុរសម្នាក់ដោយចោទថាចេះអំពើអាបធ្មប់មកបើកសវនាការជំនុំជម្រះដែលមានជនជាប់ចោទម្នាក់ក្នុងចំណោម ១៦ នាក់ប្រព្រឹត្តអំឡុង ខែមេសា ឆ្នាំ ២០១៤ នៅ ភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
នៅក្នុងបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី ៦ មេសាដែលមាន លោកចៅក្រម ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងចំណោមចៅក្រមប្រឹក្សា ៣ រូប ជនជាប់ចោទឈ្មោះ ឃុន វានា ហៅ អាវ៉ា អាយុ ៤០ ឆ្នាំ រស់នៅភូមិឈើទាលជ្រៃ ឃុំក្រាំងលាវ ស្រុកបាទី បាននិយាយប្រាប់ចៅក្រមថា កាលពីល្ងាច ថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៤ នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី មានមនុស្សក្មេងចាស់ប្រហែល ៥០០ នាក់មកពី ៣ ភូមិបាននាំគ្នាស្រែកនៅពីមុខផ្ទះបុរសឈ្មោះ ពៅ សុវណ្ណ អាយុ ៣៥ ឆ្នាំដោយចោទថា បុរសម្នាក់នោះចេះអំពើអាបធ្មប់ហើយស្រែកជំរុញឱ្យអ្នកចូលរួមសម្លាប់គាត់ចោល។
ជនជាប់ចោទបន្តថា ពេលនោះរូបគាត់បានដើរមកពីភូមិឈើទាលជ្រៃ ឃុំក្រាំងលាវ ស្រុកបាទី ហើយបានឮសំឡេងអ្នកភូមិស្រែកជំរុញឱ្យវាយសម្លាប់ជនរងគ្រោះឈ្មោះ ពៅ សុវណ្ណ ហើយគាត់ក៏ស្រែកបន្ទរឱ្យសម្លាប់ជនរងគ្រោះដូចគេដែរ។ នៅពេលនោះគាត់បានឃើញហ្វូងមនុស្សបានសម្រុកឡើងលើផ្ទះរបស់ជនរងគ្រោះហើយព្រួតគ្នាយកដំបងឈើវាយជនរងគ្រោះ និងគប់ដុំថ្មបណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុគាត់មិនបានរស់នៅក្នុងភូមិទេ ហើយគាត់ត្រូវបាននគរបាលចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវនៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០១៧ ពេលគាត់ចូលក្នុងភូមិរបស់គាត់។
ជនជាប់ចោទនិយាយថា៖ «ខ្ញុំមិនបានចូលរួមវាយសម្លាប់ជនរងគ្រោះទេ ហើយសមាជិកក្នុងគ្រួសាររបស់ខ្ញុំក៏គ្មានអ្នកណាឈឺស្លាប់ដែលសង្ស័យថាជនរងគ្រោះធ្វើអំពើអាបធ្មប់ដែរ។ តែនៅថ្ងៃនោះខ្ញុំបានស្រែកថាសម្លាប់ទៅៗតាមគេដែរ»។
សំណុំរឿងនេះត្រូវបានសាលាដំបូងបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០១៨ សម្រេចផ្តន្ទាទោសបុរសចំនួន ១៦ នាក់ក្នុងនោះមានគាត់ម្នាក់ផងដែរឱ្យជាប់ពន្ធនាគារម្នាក់ ១៣ ឆ្នាំដោយប្តូរបទចោទពីបទឃាតកម្មគិតទុកជាមុនមកជាបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឱ្យជនរងគ្រោះមរណភាព។
ជនជាប់ចោទនិយាយក្នុងសវនាការថា៖ «ខ្ញុំជាប់ពន្ធនាគារបាន ៥ ឆ្នាំហើយ ហើយខ្ញុំសូមចៅក្រមមេត្តាបន្ថយទោសដល់ខ្ញុំផង ដើម្បីឆាប់បានចេញទៅជួបជុំប្រពន្ធកូនខ្ញុំវិញ។ ខ្ញុំគ្រាន់តែបានចូលរួមស្រែកជាមួយគេ តែខ្ញុំមិនបានសម្លាប់ជនរងគ្រោះទេ»។
លោក ជា ម៉េត តំណាងមហាអយ្យការធ្វើសេចក្តីសន្និដ្ឋានថា តាមការសិក្សាអង្គហេតុ និងស្តាប់ចម្លើយរបស់ជនជាប់ចោទបង្ហាញថា ការឆ្លើយដោះសាររបស់ជនជាប់ចោទមិនអាចឱ្យតុលាការជឿបានទេហើយគាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការខេត្តតាកែវពិតប្រាកដមែន។
លោកថ្លែងថា៖ «សាលក្រមរបស់សាលាដំបូងខេត្តតាកែវ បានសម្រេចសេចក្តីនេះត្រឹមត្រូវតាមច្បាប់ហើយ។ ខ្ញុំសូមតម្កល់សាលក្រមទុកជាបានការដដែល»។
លោកមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទដែលស្នើមិនឱ្យបញ្ចេញឈ្មោះបានសន្និដ្ឋាននៅក្នុងបន្ទប់សវនាការនៅថ្ងៃទី ៦ មេសាថា តាមការស្តាប់ចម្លើយ និងតាមការសិក្សាអង្គហេតុបញ្ជាក់ថាកូនក្តីលោកពិតជាបានស្រែកឱ្យអ្នកភូមិសម្លាប់ជនរងគ្រោះមែន៖ «ប៉ុន្តែខ្ញុំស្នើសុំតុលាការបន្ថយទោសដល់រូបគាត់ផង»។ ក្រោយពីបើកសវនាការរយៈពេលជាងកន្លះម៉ោងមកលោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ២៦ មេសា៕