ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​ហាមឃាត់​ការអនុញ្ញាត​ឱ្យ​រថយន្ត​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ឬ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​កែច្នៃ​ដំឡើង​ម៉ូដែល​រថយន្ត ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយក៏​ព្រមាន​បិទ​យានដ្ឋាន កែច្នៃ​រថយន្ត ដែល​ដំឡើង​ខុស​បច្ចេកទេស​នោះ​ទៀតផង​។

លិខិត​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ស្តីពី​ការកែច្នៃ​ដំឡើង​ម៉ូ​ដែល​រថយន្ត ដោយ​គ្មាន​ការអនុញ្ញាត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៩ មេសា ឱ្យដឹងថា កន្លងមក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សង្កេត​ឃើញ​ថា មាន​រថយន្ត​គ្រួសារ​មួយចំនួន​បាន​កែច្នៃ​ដំឡើង​ម៉ូដែល​រថយន្ត ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន និង​បានធ្វើឱ្យ​ប្រែប្រួល​អត្តសញ្ញាណ​សម្គាល់​របស់​រថយន្ត​។

ក្រសួង​បញ្ជាក់ថា សកម្មភាព​នេះ ផ្ទុយ​ពី​មាត្រា​ ១៩ នៃ​អនុក្រឹត្យ​លេខ​ ១៨០ អនក្រ.បក ចុះ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០០៨ ស្តីពី​ការ​គ្រប់គ្រង​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​។ ហេតុដូចនេះ ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង ការគ្រប់គ្រង​យានយន្ត​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជម្រាបជូន​ដល់​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ដំឡើង​ម៉ូ​ដែល​រថយន្ត​ខុស​បច្ចេកទេស គឺ​មិន​អនុញ្ញាត​ឱ្យចេញ​បណ្ណ​សម្គាល់​យានយន្ត​ឡើយ​។

លិខិត​សរសេរថា​៖ «​រថយន្ត​ដែល​បាន​កែច្នៃ​ដំឡើង​ម៉ូដែល​រថយន្ត ដែល​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន ដូចជា ប្រព័ន្ធ​ចង្កូត ប្រព័ន្ធ​ទ្រសាក់ស៊ី និង​គ្រោង​តួ និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ​មិន​អនុញ្ញាត​ឱ្យចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឡើយ​»​។

ជាមួយ​គ្នា​នោះ ក្រសួង​សាធារណការ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​យានដ្ឋាន​កែច្នៃ​ដំឡើងរថយន្ត​គ្រប់ ប្រភេទ កុំ​ដំឡើង​កែច្នៃ​យានយន្ត ខុស​បច្ចេកទេស​។ បើ​មិន​ដូច្នោះ​ទេ ក្រសួង​នឹង​បិទ​ផ្អាក​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​នៅនឹងកន្លែង​។

ក្រសួង​បញ្ជាក់ថា​៖ «​យានដ្ឋាន​កែច្នៃ​ដំឡើងរថយន្ត​ដែល​ធ្វើ​សកម្មភាព​កែច្នៃ​ដំឡើង​ម៉ូដែល​រថយន្ត ដែល​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន និង​មិនបាន​ស្នើសុំ​ការអនុញ្ញាត​កែច្នៃ​ដំឡើង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការ​ចុះ​បិទ​ផ្អាក​សកម្មភាព​ធ្វើ​អាជីវកម្ម​នៅ​ទីតាំង​យានដ្ឋាន​នោះ​»​។

តាមរយៈ​លិខិត​ជូនដំណឹង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សង្ឃឹម និង​ជឿជាក់ថា ម្ចាស់​រថយន្ត​ទាំងអស់ និង​ម្ចាស់​យានដ្ឋាន​កែច្នៃ​ដំឡើង​រថយន្ត​គ្រប់​ប្រភេទ​ចូលរួម​អនុវត្ត​បទប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ទាំងអស់​គ្នា​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា បញ្ហា​កែច្នៃ​យានយន្ត​នេះ​ពាក់ព័ន្ធ​នឹង​ការគោរព​ច្បាប់​ប្រៀប​ដូច​ពាក្យ​មួយ​និយាយថា ប្រទេស មានច្បាប់ គ្រួសារ​មាន​វិន័យ​។ ហេតុនេះ​ច្បាប់ គឺ​បាន​ហាមប្រាម ចំពោះ​ការកែច្នៃ ការឡើង​ស៊េរី​ផ្សេងៗ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ប្រជាពលរដ្ឋ​មួយចំនួន ក៏ដូចជា​យានដ្ឋាន​មួយចំនួន ចេះតែ​កែច្នៃ​ឡើង​ស៊េរី ដោយ​មិន​ផ្អែកលើ​ច្បាប់ ប៉ុន្តែ​បែរជា​ផ្អែកលើ​តម្រូវការ​របស់​បុគ្គល​ខ្លួនឯង​នោះ​មិន​ត្រឹមត្រូវ​ទេ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ និង​ម្ចាស់​យានដ្ឋាន មុន​ពេលធ្វើ​អ្វីដែល​ខុសពី​លក្ខណៈ​បច្ចេកទេស​ដើម ខុសពី​ម៉ូដ​របស់​គេ​នោះ សូម​សួរនាំ​ទៅកាន់​មន្ត្រី​ជំនាញ​សាធារណការ ដែលមាន​តេឡេក្រាម​ហ្វេសប៊ុក​អី​ជាដើម​ហ្នឹង ផ្ញើ​សារ​សួរ​គេ​ទៅ​ថា ខ្ញុំ​កែ​យ៉ាងនេះ​យ៉ាងនោះ តើ​ផ្ទុយ​នឹង​ច្បាប់​ឬ​អត់​។ អ៊ីចឹង​មន្ត្រី​ជំនាញ​គេ​នឹង​ពិនិត្យមើល​ផ្លូវច្បាប់ ហើយ​គេ​អាចឆ្លើយតប​វិញ​»​។

លោក គឹម បញ្ញា បាន​បញ្ជាក់ដែរថា ការដែល​ប្រជាពលរដ្ឋ និង​ម្ចាស់​យានដ្ឋាន​ធ្វើការ​កែច្នៃ​តាមចិត្ត​ចង់​របស់ខ្លួន ដោយ​មិន​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​នឹង​អាចពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​។ បើសិនជា​ច្បាប់​មិន​អនុញ្ញាត នោះ​គឺជា​រឿង ដែល​មិនអាច​ទទួលយក​បាន​ឡើយ ហេតុនេះ​មន្ត្រី​ដែល​កាន់​ការងារ​ផ្នែក​ច្បាប់​នោះ នឹងត្រូវ​អនុវត្ត​ច្បាប់​មិន​ខាន​៕

វីដេអូ៖