តាកែវៈ នគរបាលស្រុកត្រាំកក់នៅថ្ងៃទី ១២ មេសា កំពុងបើកការស្រាវជ្រាវករណីស្លាប់យុវជនម្នាក់ដែលសង្ស័យថា ជាអំពើឃាតកម្ម បន្ទាប់ពីអ្នកភូមិប្រទះឃើញដេកស្លាប់នៅវាលស្រែកាលពីព្រឹកថ្ងៃទី ១១ មេសា នៅក្នុងភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ឱ្យដឹងនៅថ្ងៃទី ១២ មេសា ថា ករណីយុវជនឈ្មោះ កាន ឆៃរ៉ាត់ អាយុ ២២ ឆ្នាំ ដែលសង្ស័យថា ពាក់ព័ន្ធនឹងរឿងឃាតកម្មកំពុងត្រូវកម្លាំងនគរបាលស្រុកត្រាំកក់បើកការស្រាវជ្រាវហើយ។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់កំណត់អំពីមូលហេតុនៃការស្លាប់នោះបានច្បាស់នៅឡើយទេ។
លោកថ្លែងថា៖ «ពេលនេះកម្លាំងសមត្ថកិច្ចរបស់ខ្ញុំកំពុងដុតដៃដុតជើងស៊ើបរឿងនេះ។ យើងកំពុងប្រមែប្រមូលព័ត៌មានមុននឹងវាយតម្លៃកំណត់ឱ្យបានជាក់លាក់»។
លោក ហុក សំអុល នាយនគរបាលប៉ុស្តិ៍ឃុំជាងទង ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ មេសា ពាក់ព័ន្ធការស្លាប់របស់យុវជនរងគ្រោះឈ្មោះ កាន ឆៃរ៉ាត់ ម្នាក់នេះ សមត្ថកិច្ចលោករកប្រភពទំនាស់ ឬប្រភពបង្កហេតុមិនទាន់ឃើញនៅឡើយទេ ហើយទាំងនគរបាលស្រុកត្រាំកក់ ទាំងនគរបាលឃុំជាងទង កំពុងស្រាវជ្រាវ។ ជនរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់នៅវាលស្រែកាលពីព្រលឹមថ្ងៃទី ១១ មេសា នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោក។
លោកថា បើតាមសាក្សីកាលពីយប់ថ្ងៃទី ១០ មេសា មានពិធីមង្គលការមួយនៅទិសខាងត្បូងទីតាំងជនរងគ្រោះស្លាប់ក្នុងចម្ងាយប្រហែលជា ៤០០ ម៉ែត្រស្ថិតក្នុងភូមិស្រែគ្រួ ឃុំជាងទង។ ចំណែកសាកសពវិញ សមត្ថកិច្ចពិនិត្យឃើញថានៅដៃទាំងសងខាងមានរយះ និងផ្នែកក្បាលមានស្នាមវាយនឹងវត្ថុរឹង និងផុងលលាដ៍ក្បាលផង។
លោកបន្តថា៖ «ឥឡូវនេះខាងខ្ញុំ និងកម្លាំងជំនាញស្រុកកំពុងដុតដៃដុតជើងរកមុខសញ្ញា និងកំពុងបន្តអង្កេតបន្ថែមទៀត។ យើងហៅសាក្សីមកបំភ្លឺដើម្បីបានព័ត៌មានខ្លះជាតម្រុយក្នុងការស្រាវជ្រាវ»។
លោក ហែម ខន មេភូមិទទឹង ក្នុងឃុំជាងទង បានឱ្យដឹងនៅថ្ងៃទី ១២ មេសា តាមសម្តីឪពុកម្តាយជនរងគ្រោះ ថាតាមពិតយុវជនដែលស្លាប់មានឪពុកម្តាយ និងមានកំណើតនៅភូមិទទឹងថ្ងៃ ឃុំជាងទង។ ជនរងគ្រោះមានបងប្អូន ៤ នាក់ ស្រី ២ ប្រុស ២ នាក់ ហើយគាត់ជាកូនពៅក្នុងគ្រួសារ។ ប៉ុន្តែដោយសារយុវជនរូបនេះចេះតែដើរលេងច្រើនមិនខំធ្វើការទើបឪពុកម្តាយស្តីបន្ទោសហើយគាត់ខឹងក៏រត់ទៅរស់នៅជាមួយយាយក្នុងភូមិស្រែគ្រួ (ភូមិកើតហេតុ) ។
លោកបន្តថា បើតាមសាច់ញាតិថា ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន តែគេមិនដែលទៅលួចប្លន់ ឬទៅធ្វើបាបនរណាទេ ពោលគឺគាត់រកលុយបានប៉ុន្មានគាត់ទិញថ្នាំញៀនជក់ទៅតាមលទ្ធភាពរបស់គាត់។
លោកមេភូមិថ្លែងថា៖ «ឪពុកម្តាយរបស់ជនរងគ្រោះមិនបានដឹងថា កូនស្លាប់ទេ ទើបតែព្រឹកព្រលឹមថ្ងៃទី ១១ មេសា មានគេទូរស័ព្ទប្រាប់ថាកូនត្រូវគេសម្លាប់ ហើយពួកគាត់យកសពមកធ្វើបុណ្យនៅផ្ទះ»។
ពាក់ព័ន្ធបញ្ហានេះ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងនៅថ្ងៃទី ១២ មេសាថា យុវជនមួយចំនួនបានបង្កបញ្ហាដល់សង្គម ដោយសារតែពួកគេអវិជ្ជា ដែលជាមូលហេតុនាំឱ្យកើតមានភាពកោងកាច សាហាវ ភ្លើតភ្លើន។ ម្យ៉ាងវិញទៀត វិធានការការពារសន្តិសុខ-សង្គមហាក់មិនមានគុណភាព ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅឡើយ។
លោកបញ្ជាក់ថា៖ «កង្វះគុណភាពនៅក្នុងការអប់រំសីលធម៌ ពិសេសការបណ្ដែតបណ្ដោយនៅក្នុងគ្រួសារ ឬការមិនយកចិត្តទុកដាក់ចំពោះអនាគតបុត្រ-ធីតានៅក្នុងគ្រួសារទាំងនោះ»៕