ភ្នំពេញៈ រថយន្ត​ដឹក​លើស​ទម្ងន់​ជិត ៣០០ គ្រឿង​ត្រូវបាន​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ និង​ត្រូវបាន​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង ១២ ​ម៉ឺន​ដុល្លារ នៅក្នុង​ខែមីនា ឆ្នាំ​ ២០២២ ដែល​ចំនួន​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ​មានការ​ថយចុះ ៥ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ខែកុម្ភៈ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

គណៈកម្មាធិការ​សម្របសម្រួល​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ​ក្រសួង​សាធារណការ​បាន​ឱ្យដឹងថា នៅក្នុង​ខែមីនា ឆ្នាំ ២០២២ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចាប់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ចំនួន ២៨២ គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤៩៩ លាន​រៀល ​(១២ ​ម៉ឺន​ដុល្លារ​) ដែល​ចំនួន​នេះ​មាន​ការថយចុះ​ចំនួន​ ១៧ ​គ្រឿង​ស្មើ ៥ ​ភាគរយ បើ​ធៀប​នឹង​ទិន្នន័យ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២៩៩ គ្រឿង ។

ទន្ទឹមនេះដែរ ក្រសួង​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងអស់​សូម​បញ្ឈប់​ការដឹក​លើស​ទម្ងន់​នាំឱ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន និង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ផងដែរ​។

ក្រសួង​បន្តថា​៖ «​សូម​ម្ចាស់​រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវ​ដឹងថា ការបង្ក​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការដឹកជញ្ជូន​លើស​ទម្ងន់ គឺ​បាន​បំផ្លាញ​ផ្លូវជាតិ​ដែលនាំឱ្យ​ខាតបង់​ថវិកាជាតិ ព្រមទាំង​បង្ក​នូវ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជីវិត​មនុស្ស​»​។

ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់ លោក​ តាំង ពៅ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែមេសា​ថា រថយន្ត​ទាំងនោះ​ត្រូវបាន​ឃាត់ទុក​រយៈពេល ១ ​ឆ្នាំ ដោយ​គិត​ចាប់​ពីថ្ងៃ​ចាប់បាន ហើយ​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ក្នុង​ ១​ តោន​ត្រូវ​ផាក​ពិន័យ ៣០​ ម៉ឺន​រៀល​។ លោក​បន្តថា រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនោះ​ភាគច្រើន​ចាប់បាន​នៅ​ខេត្តកណ្តាល​ហើយ​ជា​ប្រភេទ​រថយន្ត​ដឹក​ខ្សាច់ ថ្ម ហើយ​មាន​ដឹកទំនិញ​ផ្សេងៗ​ដូចជា​គ្រឿងសំណង់ ស៊ីម៉ងត៍ ជាដើម​។

លោក​ថា​៖ «​ដឹក​ខ្សាច់ ថ្ម សព្វថ្ងៃនេះ​ភាគច្រើន​ដែល​យើង​ប្រតិបត្តិការ​ជួបប្រទះ​គឺ​នៅ​ខេត្តកណ្តាល​រថយន្ត​ដឹក​លើស​ទម្ងន់​ច្រើនជាងគេ ដោយសារ​យើង​ដឹង​ហើយ​ផ្លូវជាតិ​ចេញពី​ភ្នំពេញ​ទៅ​សុទ្ធតែ​ខេត្តកណ្តាល អ៊ីចឹង​យើង​ចាប់បាន​ច្រើនជាងគេ​ក្នុង​ខេត្ត​នេះ​»​។ លោក​គូសបញ្ជាក់​ផងដែរ​ថា ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​ផ្សព្វផ្សាយ ពន្យល់​ណែនាំ​ដល់​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន ការដ្ឋាន​អាជីវកម្ម​កិន​ថ្ម ដេប៉ូ​ខ្សាច់ រណ្តៅ​ដី និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​កាន់តែ ទូលំទូលាយ អំពី​បទដ្ឋាន​ច្បាប់ នានា​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ជាពិសេស​ច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​ ៦០ និង​មាត្រា ​២៦ ដែល​ចែង​ពី​ការផាកពិន័យ​ចំពោះ​ការដឹក​លើស​ទម្ងន់​។

យោង​ច្បាប់​ស្តីពី​ផ្លូវថ្នល់​មាត្រា ៦០ បាន​ចែងថា អ្នកប្រើប្រាស់​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ដឹកជញ្ជូន​ទំនិញ​លើផ្លូវថ្នល់​ដែល​មិន​ចូល​ថ្លឹង​នៅ​ស្ថានីយ​ជញ្ជីង​តាម​បណ្តាញ​ផ្លូវ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​ ៥ សែន​រៀល ។ ផ្ទុក​ទម្ងន់​មិន​លើស​ ៥ ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ។

ផ្ទុក​ទម្ងន់​លើសពី ៥ ភាគរយ ទៅ​ ១០​ ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវ​រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន ១០​ ថ្ងៃ និង​ត្រូវ​ពិន័យ​អន្តរការណ៍ ជា​ប្រាក់​ចំនួន ១០ ​ម៉ឺន​រៀល ក្នុង​ទម្ងន់ ១ តោន ។ ផ្ទុក​ទម្ងន់​លើសពី​ ១០ ភាគរយ ទៅ ២០ ​ភាគរយ​ត្រូវ​រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន ១ ខែ និង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំនួន ២០ ​ម៉ឺន​រៀល ក្នុង​ទម្ងន់​ ១​ តោន​។ ផ្ទុក​ទម្ងន់​លើសពី​ ២០ ភាគរយ​នៃ​ទម្ងន់​កម្រិត​កំណត់​ត្រូវ​វើ​ទំនិញ​ចេញ​ និង​ឃាត់​យានជំនិះ​ទុក​ចំនួន​ ១ ឆ្នាំ​និង​ពិន័យ​អន្តរការណ៍​ជា ប្រាក់​ចំនួន ៣០ ​ម៉ឺន​រៀល​ក្នុង​ទំនិញ​ទម្ងន់​ ១ ​តោន ។

មាត្រា​ដដែល​បន្តថា ក្នុង​​ករណី​ដឹក​លើស​ទម្ងន់​លើស​កម្រិត​អនុគ្រោះ​នឹងត្រូវ​ផាក​ពិន័យ​កាន់តែច្រើន ហើយ​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​រយៈពេល ២ ​ឆ្នាំ​។ យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​បាន​ឱ្យដឹងថា ការអនុវត្ត​ការងារ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ២ ៣៣៤ ៣៧១ គ្រឿង យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១,៦៨% ក្នុងនោះ​យានយន្ត​ផ្ទុក​លើស​ក្នុង​កម្រិត​អនុគ្រោះ ចំនួន​ ៧៣៦ ៧៣៥ ​គ្រឿង​៕

វីដេអូ៖