​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទៅ​រដ្ឋបាល ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ឱ្យ​បញ្ឈប់​ធ្វើ​អាជីវកម្ម​យក​កម្រៃ​សេវា​នាំ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វចតុប្បាទ ​គោ ក្របី ជ្រូក​ ឆ្លងកាត់ និង​ចេញ​ក្រៅ​ខេត្ត​។​

យោងតាមរយៈ​លិខិត​ផ្ញើ​ទៅកាន់​អភិបាលខេត្ត​ទាំង ៣​ នេះ កាលពី​ថ្ងៃទី៥ ខែសីហា លោក វេ​ង សាខុន បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ពិនិត្យឃើញថា នាពេល​កន្លងមក រដ្ឋបាលខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​បានផ្តល់​គោលការណ៍​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​យក​កម្រៃ​សេវា​នាំ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វចតុប្បាទ គោ ក្របី ជ្រូក​ ឆ្លងកាត់ និង​ចេញ​ក្រៅ​ខេត្ត​សាមី​នីមួយៗ​។​

លោក​បន្តថា ការអនុវត្ត បែបនេះ​គឺ​ផ្ទុយទៅនឹង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា និង​ការប្រមូល​ចំណូល​មិនមែន សារពើពន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​បរិយាកាស​នៃ​ការធ្វើ​អាជីវកម្ម​សត្វ និងផលិតផល​មាន​ដើមកំណើត​ពី​សត្វ​របស់​វិស័យ​ឯកជន​ផងដែរ​។​

លិខិតដដែលនេះបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្នើឱ្យ រដ្ឋបាលខេត្ត​កំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ត្រូវ៖​​​ ១-​ និ​រាករណ៍​នូវ​រាល់​គោលការណ៍​អនុញ្ញាត​ទាំងអស់ ដែល​រដ្ឋបាលខេត្ត​សាមី​នីមួយៗ​បានផ្តល់​ជូនទៅ រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ឱ្យធ្វើ​អាជីវកម្ម​ប្រមូល​កម្រៃ​សេវា​នាំ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វចតុប្បាទ គោ ក្របី ជ្រូក​ ឆ្លងកាត់ និង​ចេញ​ក្រៅ​ខេត្ត ដែល​បាននិងកំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។ ២-​ ជំរុញ​ និង​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ដាក់ពាក្យ​ស្នើសុំ​សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែ ១ និង​បង់ក​ម្រៃ​សេវា​តាម​ការកំណត់​នៅក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន​។​

លោក ទា គឹម​សុទ្ធ ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៨ ខែសីហា​ថា ការយក​កម្រៃ​សេវា​នាំ​សត្វ​របស់​រដ្ឋបាលខេត្ត​សៀមរាប ចាប់តាំងពី​អភិបាលខេត្ត​មុនៗ​មក​ម្ល៉េះ ប៉ុន្តែ បច្ចុប្បន្ននេះ ក្រោម​ការគ្រប់គ្រង​រប​ស់ លោក ទៀ សីហា ​អភិបាលខេត្ត​សៀមរាប​ប​ច្ចុ​ប្បន្ន​មិនមាន​គោលការណ៍​ឱ្យ​យក​កម្រៃ​នេះ​ទៀត​ទេ។

លោក​ថ្លែងថា​៖ «​ការយក​ភាស៊ី​លើ​ក្បាលសត្វ​ដូចជា​មិនមាន​ទេ ជំនាន់​ឯកឧត្តម ទៀ ​សីហា​នេះ»​។

លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៨ ខែសីហា​ថា រដ្ឋបាលខេត្ត​ នឹង​អនុវត្ត​ទៅតាម​ការណែនាំ​នេះ ព្រោះ​ចាប់តាំងពី​ជំនាន់​អភិបាលខេត្ត​មុនៗ ឱ្យ​អាជីវករ​នាំចេញ​សត្វ​បង់​កម្រៃ​សេវា​ដើម្បី​បាន​ចំណូល​យកមក​អភិវឌ្ឍ​ខេត្ត។​

លោក​ថ្លែងថា​៖​ «ក្រោយ​មាន​បញ្ហា​អ៊ីចឹង អន្តរ​ក្រសួង គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម​ឱ្យបញ្ឈប់ យើង​ក៏​និរាករណ៍​ចោល​តាម​ហ្នឹង​ទៅ​។ អត់​មានអី​ទេ»។​

​លោកស្រី ​នួន វ​ល័​ក្ខ​ នាយិករង និង​អ្នកជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះវិហារប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ខែសីហា​ថា ការយក​កម្រៃ​នីមួយៗ​ គឺ​អនុវត្ត​ទៅតាម​ការកំណត់​របស់​ក្រសួង​ស្ថាប័ន​ជាតិ ហើយ​ករណី​ដែល​ក្រសួងកសិកម្ម​ឱ្យ​បញ្ឈប់​យក​កម្រៃ​ពី​អាជីវ​កម្មនេះ​វិញ​រដ្ឋបាលខេត្ត​ព្រះវិហារ​នឹង​អនុវត្ត​ទៅតាម​ការណែនាំ​នេះ។​

លោកស្រី​បន្តថា ការនាំ​សត្វ​ចេញ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះវិហារ​មិន​ដែលមាន​ក្រុមហ៊ុន​ធំៗ​នោះទេ ភាគច្រើន​គឺ​ជា​ក្រុមហ៊ុន​តូចៗ តែប៉ុណ្ណោះ ដោយ​ឡែ​កការយក​កម្រៃ​លើ​ការនាំចេញ​មាន់ គឺ​រដ្ឋបាលខេត្ត​មិនដែល​យក​ទេ រដ្ឋបាលខេត្ត​យកតែ​ការនាំចេញ​ជ្រូក និង​គោ​ជាដើម​។

លោកស្រី​​ថ្លែងថា​៖ «និយាយ​ទៅ​បើ​ក្រសួង​កំណត់ថា បញ្ឈប់​ឱ្យ​យកកម្រៃ យើង​នឹង​អនុវត្ត​ទៅតាម​ថ្នាក់លើហើយ​»​។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ខែសីហា​ថា បើ​ខេត្ត​ទាំង៣​នេះ មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ​ទេ និង​ត្រូវ​ទទួលរង​ពិន័យ​ទៅតាម​ច្បាប់ ព្រោះ​រឿងនេះ មិនមែនជា​រឿង​ធម្មតា​ទេ ពីព្រោះ​ទទួលបាន​ការវាយតម្លៃ​ពី​អន្តរក្រសួង បន្ទាប់ពី​មានការ​ត្អូញត្អែរពី​មហាជន។

លោក​ថ្លែងថា​៖ «​ខេត្ត​ទាំង​៣នេះ អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ជា​ធរមាន​»​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ខែសីហា ស្វាគមន៍​ចំពោះ​ចំណាត់ការ​ទាន់ពេលវេលា និង​ការ​គិតគូ​រខ្ពស់​របស់​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើ​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ទាំង​ការដឹក​ញ្ជូ​ន និង​ការចិញ្ចឹម។​

លោក​បន្តថា ខេត្ត​ទាំង​ ៣ នេះ អនុវត្ត​ផ្ទុយទៅនឹង​គោលការណ៍​ណែនាំ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល ខណៈ​ខេត្ត​ផ្សេងទៀត មិនបាន​យក​កម្រៃ​ដូច​ខេត្ត​ទាំង ៣ ​នេះទេ។

លោក​ថ្លែងថា​៖ «បិទ​ទាំង​ ៣ ខេត្ត​នេះ ដូច​បិទ​នៅ​ទូទាំងប្រទេស​ដែរ យើងខ្ញុំ​សូម​ស្វាគមន៍​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​នេះ»៕