ភ្នំពេញៈ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធា​រណៈ (City Bus) មាន​ថ្នាក់​ដឹកនាំ​ថ្មី គឺ​លោក ​កែវ ចាន់​ណារិទ្ធ​ ដែលបាន​​ឡើង​មក​កាន់​តំណែង​នេះជំនួស​លោក ​អ៊ាង សុខឃីម​។ ពិធី​ផ្ទេរ​តំណែង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ​០៧ ខែ​កញ្ញា នៅទីស្នាក់​ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធា​រណៈ​រថយន្ត​ក្រុង ក្រោម​អធិប​តីភាព​លោក ​កើត ឆែ អភិបាល​រង​រា​ជធានី​ភ្នំពេញ​។

នៅ​ក្នុង​ពិធី​នោះ អភិបាល​រង​រាជ​ធានី​ភ្នំ​ពេញ​ លោក កើត​ ឆែ​​ បាន​ថ្លែង​ផ្ដែផ្ដាំ​លោក​ កែវ ចាន់​ណារិទ្ធ ដែល​ជាអភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​​ថ្មី​ ឱ្យ​បន្ត​និរន្តរ​ភាព​ក្នុង​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ (City​ Bus​)​ ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​កាណូត​សាធារណៈ​ (Taxi​ Boat​) និង​ថែរក្សា​សមិទ្ធផល​នា​នា​របស់​រដ្ឋាករ។ ​

លោក​សង្កត់​ធ្ងន់​​ថា​ ក្នុង​នាម​ជាអភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​ថ្មី​ លោក កែវ ចាន់ណារិទ្ធ ​ត្រូវ​ដឹក​នាំ​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ប្រសិទ្ធ​ភាព​ និង​គុណ​ភាព​។​

សូម​បញ្ជាក់​ថា​ កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធា​រណៈរថយន្ត​ក្រុង (City Bus) នៅរាជ​ធានីភ្នំ​ពេញ​ក្នុង​ឆ្នាំ​ ២០១៥ ក្នុង​គោល​បំណង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ធ្វើ​យ៉ាង​ណា​បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ធានា​សុវត្ថិ​ភាព ផាសុកភាព​ សន្សំសំចៃ​ពេល​វេលា​ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ការ​ប្រើប្រាស់ថា​មពលខ្ជះ​ខ្ជាយ ឧស្ម័ន​បំពុល​បរិស្ថាន​ និង​ផល​ប៉ះពាល់​សុខុ​មាល​ភាពប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេ​ញ។​

រថយន្ត​ក្រុង​សាធារណៈ​ដែល​ដំណើរការ​នៅ​កម្ពុជា​សព្វ​ថ្ងៃ បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ និង​ជប៉ុន ដែល​មាន​ចំនួន​ជាង​ ២០០​ គ្រឿង​ ដែល​បាន​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​មាន​​ចំនួន​ ១៣​ ខ្សែ​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

​​

ថ្មីៗ​នេះ​ ក្រោម​ជំនួយ​​របស់​ប្រទេស​កូរ៉េខាង​ត្បូង ​កម្ពុជា​បាន​ទទួល​រថ​យន្ដ​ក្រុង​សាធារណៈ​ថ្មី​ចំនួន ​២០០​ គ្រឿង​ទៀត​ ដែល​រថយន្ត​ក្រុង​ថ្មីពី​កូរ៉េខាង​ត្បូង​នេះ អាជ្ញាធ​រ​ក្រុង​បញ្ជាក់​ប្រាប់​ថា កំពុង​សិក្សា​និង​រៀបចំ​ផែន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​នា​ពេល​ខាង​មុខ៕