The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ​១៦ ​នាក់​បាន​ស្លាប់ ​ដោយ​គ្រោះ​ទឹក​​ជំនន់​ ខណៈ​ផ្ទះ​ពលរដ្ឋ​រាប់ពាន់​ខ្នង​ត្រូវ​ជន់​លិច​

មនុស្ស ​១៦ ​នាក់​បាន​ស្លាប់ ​ដោយ​គ្រោះ​ទឹក​​ជំនន់​ ខណៈ​ផ្ទះ​ពលរដ្ឋ​រាប់ពាន់​ខ្នង​ត្រូវ​ជន់​លិច​

Content image - Phnom Penh Post
មន្ទីរពេទ្យ​បង្អែក​ក្រឡាញ់ នៅ​ខេត្ត​សៀម​រាប​ ត្រូវ​បាន​ជំនន់ទឹកភ្លៀងជន់លិច​​​។ រូបថត រដ្ឋបាលខេត្ត​សៀមរាប​

មនុស្ស ​១៦ ​នាក់​បាន​ស្លាប់ ​ដោយ​គ្រោះ​ទឹក​​ជំនន់​ ខណៈ​ផ្ទះ​ពលរដ្ឋ​រាប់ពាន់​ខ្នង​ត្រូវ​ជន់​លិច​

​ភ្នំពេញៈ ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ (Noru) បានធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ផ្ទៃ​អាង​ទន្លេមេគង្គ និង​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​លិចលង់​លំនៅឋាន​ពលរដ្ឋ​រាប់ពាន់​ខ្នង នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ខណៈ​អ្នកស្លាប់​ដោយ​គ្រោះ​​ទឹកជំនន់ បាន​កើន​ដល់​ ១៦​ នាក់ គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ ​២០២២​។

​លោក​ ​សុទ្ធ គឹម​កុល​​មុន្នី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅតាម​តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប ភាគ​​ពាយព្យ និង​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា​។ លំនៅឋាន​រាប់ពាន់​ខ្នង​របស់​ប្រជាពលរដ្ឋ​ក្នុង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ​បាន​រង​ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង ព្រមទាំង​ប៉ះពាល់ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ និង​ផ្លូវលំ​ជនបទ​ជាច្រើន​កន្លែង​។

​លោក​ថ្លែងថា​៖ «​យោងតាម​របាយការណ៍​បឋម ចំនួន​អ្នក​ស្លាប់​ដោយ​ករណី​លង់ទឹក ក្នុងពេល​មាន​គ្រោះទឹកជំនន់​កើត​​ឡើង កើន​ដល់​ ១៦ ​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី ​២៧ ខែកញ្ញា ឆ្នាំ ​២០២២»​។ បើតាម​លោក គឹម​កុល​មុន្នី ខេត្ត​ដែល​កំពុង​ជួប​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ដោយ​​សារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​ទី​១៦ នាពេលនេះ​រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ និង​ខេត្តកំពង់ឆ្នាំង​។​

​ជុំវិញ​ករណី​ជំនន់​ទឹកភ្លៀង​នេះ លោក សុខ សាន្ត​តា​រ៉ា អភិបាលស្រុក​ឆែប​នៃ​ខេត្តព្រះវិហារបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បានធ្វើឱ្យ​មានការ​ជន់​លិច​លំ​នៅ​ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង និង​ប៉ះពាល់​ខូចខាត​ផ្លូវ​ជាច្រើន​កន្លែង រួមទាំង​កំណាត់​ផ្លូវជាតិ​លេខ​ ៩​ ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍​ប្រកប​​ដោយ​សុវត្ថិភាព បច្ចុប្បន្នអាជ្ញា​​ធរ​យើង​បានសម្រេចផ្អាក​ការធ្វើចរាចរណ៍​ជា​បណ្តោះអាសន្ន​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៩ ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ​ ៥៦០ ដល់​គីឡូម៉ែត្រ​លេខ ​៥៦១ ស្ថិត​ក្នុងភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្ត​ព្រះ​​វិហារ​»​។

​ស្រដៀង​គ្នា​នេះ កំណាត់​ផ្លូវជាតិ​លេខ​ ៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ ២២០ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ ២២៤ ស្ថិតក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏​រង​ការ​ជន់​លិច​ធ្វើឱ្យប៉ះពាល់​ធ្ងន់​ផងដែរ​។ ដើម្បី​រួមចំណែក​ថែរក្សា​ផ្លូវ ស្ពាន​​សម្រាប់​ការ​​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២២ បានសម្រេច​បិទ​ការធ្វើ​ចរាចរណ៍ ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ក្នុង​តំបន់​ខាងលើនេះ ជា​បណ្ដោះអាសន្ន​។

Content image - Phnom Penh Post
រថយន្ត និងម៉ូតូកំពុងបើកបរឆ្លងកាត់កំណាត់ផ្លូវទឹកជំនន់ជន់លិចក្នុងខេត្តកំពង់ធំពីថ្ងៃទី ២៦ កញ្ញា។ រូបថត រដ្ឋបាលខេត្ត

​ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បានចេញ​បញ្ជា​ឱ្យកម្លាំង​អន្តរាគមន៍​នៃ​បញ្ជា​ការឯកភាព​ខេត្ត ចុះ​​សម្រួល​ចរាចរណ៍​នៅតាម​ទីតាំង​ផ្លូវ​ដែល​ជន់​លិច​ខ្លាំង និង​ជួយ​ជម្លៀស​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ទៅកាន់​ទីទួល​សុវត្ថិភាព ក្នុងករណី​ទឹក​ជន់​លិច​ផ្ទះ​ធ្ងន់ធ្ងរ​មិនអាច​រស់នៅ​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​សុវត្ថិភាព​អ្នក​ដំណើរ យើង​ចាំបាច់​ត្រូវ​ចុះជួយ​អន្តរាគមន៍ សម្រួល​ចរាចរណ៍​ដល់​អ្នកដំណើ​រ​នៅតាម​ដងផ្លូវ​ដែលមាន​ទឹក​លិច និង​ហូរ​កាត់​ខ្លាំង​។ ត្រូវ​ជួយ​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​ជាបន្ទាន់ ក្នុងករណី​ផ្ទះ​របស់គាត់​ជន់​លិច​ខ្លាំង​មិនអាច​រស់​​នៅបាន​»​។​

​ចំណែក​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ឱ្យដឹង​ដែរ​ថា នៅពេលនេះ ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ក្នុងស្រុក​ព្រះ​នេត្រ​ព្រះ បាន​រង​ការ​ជន់​លិច​យ៉ាង​​ខ្លាំង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា ២ ​ថ្ងៃ​មកនេះ​។ លោក​បាន​បន្តទៀតថា អាជ្ញាធរកំពុង​ចុះ​អន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ​មួយចំនួន​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​អាកាស​​ធាតុនៅ​បន្ត​មាន​ភ្លៀង​ធ្លា​ក់នៅ​ឡើយ​។​

​ជុំវិញ​បញ្ហា​អាកាសធាតុ​នេះ​ផងដែរ អ្នកនាំពាក្យ​ក្រសួង​ធន​​ធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​និយាយថា នៅពេលនេះ​ព្យុះ​ណូ​រុ ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងកើត ប្រទេស​ហ្វីលីពីន បានធ្វើ​ដំណើរ​ចូលមក​ដល់​​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ហើយ​កំពុង​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង​។

​លោក​បាន​បញ្ជាក់ថា​៖ «​ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​បន្តិច​ម្ដង ដោយ​វិ​វត្ត​ខ្លួន​ទៅជា​វិ​សម្ពាធ នៅពេល​បក់​ឆ្លងកាត់​លើ​តំបន់​ផ្ទៃ​អាង​ទន្លេមេគង្គ​នៃ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ឥទ្ធិពល​នៃ​ព្យុះ​នេះ បានធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​ ២៨-៣០ ខែកញ្ញា​ខាងមុខនេះ ជាពិសេស​នៅក្នុង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ​»​។

​ទន្ទឹមនឹងនេះ លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ដល់​ប្រជា​​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​ជាប់​ផ្លូវទឹក និង​តំបន់​ផ្ទៃ​រងទឹក​​ភ្លៀង ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​។ ចំណែក​អ្នក​ដែល​រស់​នៅតាម​តំបន់​មាត់សមុទ្រ ក៏ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​ឥទ្ធិពល​នៃ​ព្យុះ​នេះ នឹង​បង្ក​ឱ្យ​​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង ព្រមទាំង​ធ្វើឱ្យមាន​រលក​សមុទ្រ​ធំៗ ដែល​អាចមាន​កម្ពស់​ប្រមាណ​ជាង​ ២ ​ម៉ែត្រ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍