ភ្នំពេញៈ ក្រោមខ្យល់ជំនោរដ៏រំភើយនៃមាត់ទន្លេចតុមុខ មនុស្សម្នាជាច្រើន បានមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។ អ្នកខ្លះបាននាំកូនៗដេញចាប់សត្វព្រាបកំពុងស៊ីចំណី ដែលគេបោះឱ្យនៅលើវាលស្មៅ ចំណែកខ្លះទៀត បាននាំគ្នាថតរូបយ៉ាងសប្បាយក្អាកក្អាយជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងបងប្អូន ដោយមិនសូវខ្វល់ពីការកកស្ទះចរាចរណ៍តាមដងផ្លូវ ដ៏មមាញឹក នារសៀលទន់ទេរ នៅពីខាងមុខព្រះអង្គដងកើប៉ុន្មានឡើយ។
បើចោលភ្នែកទៅមើលក្រុមមនុស្ស ដែលបានដើរកម្សាន្ត នៅខាងមុខព្រះបរមរាជវាំងទាំងនោះ គេចាប់អារម្មណ៍ឃើញក្រុមជាងថតរូប ឈរជើងត្រៀបត្រា រំពៃរកអ្នកមកទទួលសេវាកម្មថតរូប ហើយនាវេលាទើបតែម៉ោង៣រសៀលប៉ុណ្ណោះ ប៉ុន្តែផ្ទៃមេឃហាក់អាប់អួរកកល់នឹងភ្លៀង ហាក់បង្ហាញពីភាពស្រពាប់ស្រពោនរបស់បុរសជាជាងថតរូបម្នាក់ ដែលកំពុងអង្គុយលើសួនច្បារមុខព្រះបរមរាជវាំង។
អង្គុយដោយទឹកមុខស្រងូតស្រងាត់ អូសទូរស័ព្ទមិនសូវខ្វល់ពីដំណើររបស់មនុស្ស លោក ប៉ោ ចម្រើន ហាក់អស់សង្ឃឹមលើអាជីពរបស់ខ្លួន ដោយមិនអាចរកប្រាក់ចំណូលបានដូចមុន ព្រោះអាជីពជាជាងថតរូប នៅមុខព្រះបរមរាជវាំង ដើម្បីចិញ្ចឹមអាត្មា និងដោះស្រាយជីវភាពរបស់លោក បានជួបបញ្ហា ដោយសារជាងថតរូប កាន់តែច្រើន ចំណែកអ្នកថត បែរជាថមថយធ្វើឱ្យមុខរបរធ្លាប់រកបានប្រាក់ចំណូលសមរម្យមួយនេះ កាន់តែជួបហានិភ័យ និងមានការលំបាក ក្នុងការរកលុយទៅផ្គត់ផ្គង់ដល់គ្រួសារ។
បុរសមាឌដំបង សម្បុរស្រអែម លោក ប៉ោ ចម្រើន បាននិយាយថា៖ «ខ្ញុំបានថតរូបនៅទីនេះ ជាង៩ឆ្នាំមកហើយ គឺតាំងពីថត ១ ប៉ុស្តិ៍ ១ ៥០០ រៀល ដល់ ១ ប៉ុស្តិ៍ ២ ម៉ឺនរៀល។ ពីមុន កាលមិនសូវមានជាងថត គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យអី ថតមួយភ្លែតៗទេ បាន ៤០ ទៅ ៦០ ម៉ឺនរៀល ហើយថ្ងៃធម្មតា យ៉ាងហោចណាស់ក៏បាន ២០ ម៉ឺនរៀលដែរ ប៉ុន្តែពេលនេះអ្នកថតបានកើនឡើងពីប្រមាណ ៣០ នាក់ ទៅជិត ៦០ នាក់ ហើយបើមានបុណ្យទានវិញ គឺជាងថត នៅពេញហ្នឹងតែម្តងអ៊ីចឹងវាពិបាកណាស់»។
បន្ថែមពីលើការកើនឡើងនៃចំនួនជាងថត នៅមុខព្រះបរមរាជវាំង លោក ប៉ោ ចម្រើន បានអះអាងថា សម័យបច្ចេកវិទ្យាទំនើប ពិសេសការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនបានក្លាយជារបត់ថ្មីមួយទៀត ដែលកំពុងដើរតួជំនួសកាមេរ៉ារបស់គាត់ហើយបានញាំញីជីវភាពអ្នកថតរូបនៅមុខព្រះបរមរាជវាំងកាន់តែមានការលំបាកក្នុងការរកប្រាក់ចំណូល។
«ការកើនឡើងនៃចំនួនអ្នកប្រើស្មាតហ្វូន ពិតជាបានជះឥទ្ធិពលដល់មុខរបរអ្នកថតរូបនៅមុខវាំង ព្រោះនៅពេលយើងទៅសួរភ្ញៀវដែលមកលេងនៅទីនេះគាត់បង្ហាញអាភ្នែក៣មកវិញ ដល់អ៊ីចឹងយើងមានតែដើរចេញ។
និយាយទៅ សព្វថ្ងៃនេះមានតែអ្នកមកពីខេត្តទេ ដែលគាត់នៅថតរូប ដោយកាម៉េរា ពេលគាត់មកលេងនៅទីនេះ ចំណែកអ្នកនៅភ្នំពេញវិញ គឺភាគច្រើន គេប្រើអាភ្នែក៣ ថតខ្លួនឯងហើយ»។នេះបើតាមការបញ្ជាក់ពី លោក ប៉ោ ចម្រើន។

សំឡេងអ៊ូអរនៃទីប្រជុំជនហាក់លុបលើសំឡេងឪពុកកូន ២ ក្នុងបន្ទុករូបនេះបាត់ទៅហើយ តែដើម្បីជីវិតរស់នៅប្រចាំថ្ងៃ លោក ប៉ោ ចម្រើន នៅតែអាចបង្ហាញឱ្យអ្នកមកកម្សាន្តនៅខាងមុខព្រះបរមរាជវាំងមើលឃើញថា គាត់ជាអ្នកថតរូបស៊ីឈ្នួលម្នាក់ដែលមានចំណេះជំនាញច្បាស់លាស់។ដោយមានប្រពន្ធជាអ្នកប្រកបរបរលក់អាហារសម្រន់នៅមុខព្រះបរមរាជវាំងដែរនោះលោកចម្រើន បានលើកឡើងថា អាជីពជាជាងថតនេះលោកស្រឡាញ់ខ្លាំងណាស់។
យ៉ាងណាក៏ដោយ ការប្រឹងប្រែងរកប្រាក់កម្រៃនៅខាងមុខព្រះបរមរាជវាំងរបស់ប្តីប្រពន្ធមកពីខេត្តព្រៃវែង ១ គូនេះ មិនអាចឱ្យជីវិតគ្រួសាររបស់ពួកគាត់រស់នៅបានសុខស្រួលទេ។ «ប៉ុន្មានឆ្នាំនេះពិបាកណាស់ ណាមួយកូវីដផង ប្រពន្ធកូនខ្ចីផង ខ្ញុំចង់បែកទ្រូងហើយ គឺទើបតែឥឡូវឃើញស្ថានភាពល្អបន្តិចវិញ។ ចំណែកការថតរូបរបស់ខ្ញុំ ខែណារកបាន គឺទូទាត់ការហូបចុក និងចំណាយផ្សេងៗរួចហើយ អាចសល់ ៤០០ ទៅ ៥០០ ដុល្លារដែរ ប៉ុន្តែបើខែរកមិនបានវិញ គឺបានត្រឹមម៉ារស់ៗទេ»។
ទោះបីជាយ៉ាងណា លោក ប៉ោ ចម្រើន មិនបោះចង់ឆ្នាំងបាយចាស់នេះទេ ប៉ុន្តែលោក ក៏មិនឱ្យកូនទាំង ២ នាក់ ចាប់យកអាជីពជាងថតនេះដូចគ្នា ដោយលោកបានទម្លាយថា មុខរបរជាងថតនេះ ពេលខ្លះក៏មិនថ្លៃថ្នូរដែរ គឺត្រូវធ្វើមុខក្រាស់ តាមសួរភ្ញៀវត្រឹកៗ តែបើមិនធ្វើបែបនេះ ក៏មិនអាចរកអតិថិជនបានដែរ ដ្បិតអីអ្នកថតមានច្រើន និងមានការប្រជែងគ្នាខ្លាំង ដោយអ្នកខ្លះស៊ូនៅកណ្តាលថ្ងៃក្តៅហែង ឱ្យតែរកបានអ្នកថត។
បុរសវ័យ ៣១ ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំមិនប្តូរអាជីពនេះទេ ព្រោះយើងមានកំណើតក៏ដោយសារវាដែរ ហើយខ្ញុំនិយាយ ១ ម៉ាត់ទៅចុះ ទឹកដីព្រះអង្គដងកើនេះ ស័ក្តិសិទ្ធិណាស់ នៅតែអាចរកលុយបាន ត្រឹមចិញ្ចឹមប្រពន្ធកូនរស់ មិនឱ្យយើងស្លាប់នោះទេ។ ប៉ុន្តែចំពោះកូនរបស់ខ្ញុំទាំង ២ នាក់នេះ ខ្ញុំឱ្យគាត់រៀន គឺមិនឱ្យដើរតាមគន្លងឪពុកនោះទេ ព្រោះរយៈពេលជាង៩ឆ្នាំនេះ ប្តីប្រពន្ធខ្ញុំ ហត់ខ្លាំងណាស់ ដូច្នេះខ្ញុំមិនចង់កូនៗរបស់ខ្ញុំមានវាសនាដូចពួកខ្ញុំនោះទេ»។
ស្រដៀងគ្នានេះ ស្ដ្រីជាអ្នកថតរូបមកពីតំបន់អ្នកលឿងឈ្មោះ ស្រីលក្ខណ៍ ដែលប្រើជំនាញជាអ្នកស៊ីឈ្នួលថតរូប នៅមុខព្រះបរមរាជវាំងអស់ពេលជាង ១០ ឆ្នាំមកហើយដែរនោះ បានលើកឡើងថា ពលរដ្ឋដែលមកកម្សាន្តនៅមុខព្រះបរមរាជវាំងគឺភាគច្រើនពេញនិយមប្រើស្មាតហ្វូនស៊េរីទំនើប ដើម្បីថតរូបភាពផ្ទាល់ខ្លួនរបស់ពួកគេ។
ទោះជាចុងសប្តាហ៍ មានភ្ញៀវមកលេងកម្សាន្តច្រើនមែន ប៉ុន្តែស្ត្រីវ័យ ៣១ ឆ្នាំរូបនេះ បែរជាត្អូញត្អែរពីការធ្លាក់ចុះចំណូល និងគ្មានអ្នកទេសចរណាចាប់អារម្មណ៍ទទួលសេវាកម្មថតរូបរបស់អ្នកស្រីទៀតឡើយ ហើយថ្ងៃខ្លះស្ទើរតែគ្មានភ្ញៀវតែម្តង។ស្រីលក្ខណ៍និយាយថា៖«បញ្ហារបស់អ្នកថតរូបនៅមុខព្រះបរមរាជវាំងគឺមានការធ្លាក់ចុះដោយសារស្មាតហ្វូតនេះឯង គឺគេលែងសូវថតរូបដោយកាមេរ៉ាទៀតហើយ»។
យ៉ាងណាក៏ដោយ អ្នកថតរូបមុខវាំងដែលមានជំនាញបន្តពីបងប្អូនរូបនេះ ហាក់មិនទាន់បង្ហាញការបាក់ទឹកចិត្ត សម្រាប់មុខរបរមួយនេះឡើយ ហើយបងប្អូនមកពីតំបន់អ្នកលឿង ខេត្តកណ្តាលចំនួន ១០ នាក់ទៀតរបស់ស្រីលក្ខណ៍ ក៏បានប្រើមុខរបរជាអ្នកថតរូបនៅមុខព្រះបរមរាជវាំង ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចគ្នា។
ដោយពាក់មួកក្រណាត់មានរបាំងបិទមុខជិត ស្រីលក្ខណ៍ បានបញ្ជាក់៖ «កាលពីមុន របរនេះអាចរកចំណូលបានគួរសម សម្រាប់ចិញ្ចឹមគ្រួសារ ប៉ុន្តែបច្ចុប្បន្នបានត្រឹម ១ ក្រពះ។ តែទោះបីជាយ៉ាងណា ខ្ញុំមិនទាន់គិតថា នឹងឈប់ថតរូបនៅទីនេះ ពេលណានោះទេ ព្រោះនៅរកបានខ្លះដែរ មិនទាន់មានហានិភ័យខ្លាំងពេកទេ។ តែប្រហែលជា ១០ ឆ្នាំអីទៀត គេមានទូរស័ព្ទប្រើអស់ហើយ ហើយគេក៏លែងថតកាមេរ៉ា នៅមុខវាំងទៀតនោះដែរ អ៊ីចឹង ១០ឆ្នាំក្រោយខ្ញុំប្រហែលនៅផ្ទះហើយ»។
ងាកទៅមើលក្រុមយុវតី ៤ នាក់ ដែលបានមកលេងនៅមុខព្រះបរមរាជវាំងវិញ គឺឃើញមានកាន់ទូរស័ព្ទស្មាតហ្វូនពេញដៃ ហើយពួកគេបាននាំគ្នាថតរូបឱ្យគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ពីក្រុមជាងថតរូប ដែលដើរក្បែរនោះទេ។ ក្នុងនោះយុវតី សាន ស្រីនីត បាននិយាយទាំងទឹកមុខស្រស់បស់ថា រូបថតដែលចេញពីការមេរ៉ាជាងថត រូបស្អាតជាងការថតទូរស័ព្ទខ្លួនឯង តែការថតរូបដោយទូរស័ព្ទ អាចជួយកាត់បន្ថយការចំណាយរបស់កញ្ញា និងថតបានគ្រប់ពេលវេលា និងទីកន្លែង។
និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះបានថ្លែងថា៖ «និយាយទៅកាមេរ៉ាពួកគាត់ដឹងតែស្អាតជាងទូរស័ព្ទរបស់យើងហើយ ប៉ុន្តែពួកខ្ញុំនៅតែចង់ប្រើទូរស័ព្ទ ព្រោះវាមិនចាំបាច់ចំណាយច្រើន ហើយយើងឃើញថា អ្នកផ្សេងទៀតក៏បានប្រើទូរស័ព្ទថតដោយខ្លួនច្រើនជាងការទទួលសេវាកម្មថតរបស់ជាងថតផងដែរ»។
មិនខុសគ្នាប៉ុន្មានពីក្រុមយុវតីខាងលើស្ត្រីមេផ្ទះម្នាក់សុំមិនបញ្ចេញឈ្មោះបានទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំងនាល្ងាចថ្ងៃចុងសប្តាហ៍ ក្រោមទិដ្ឋភាពអ៊ូអរ និងមានមនុស្សម្នាប្រដេញគ្នាថតរូប និងកម្សាន្តផ្សេងៗ។ គាត់បានលើកឡើងថា៖ «សម័យនេះហើយមិនចាំបាច់ផ្តិតរូបអីទេ ផូស្តតែក្នុងហ្វេសប៊ុកទៅបានហើយ»។
និយាយបណ្ដើរយកដៃសៀតសក់បណ្ដើរ អ្នកស្រី យល់ថា ពេលនេះជាសម័យបច្ចេកវិទ្យាហើយ មិនចាំបាច់ត្រូវការជាងថតរូបឡើយ។ «ជំនាន់មុនមនុស្សម្នាពិតជាត្រូវការរូបភាព ដើម្បីទុកជាអនុស្សាវរីយ៍ តែឈានដល់សម័យឌីជីថលនេះ មនុស្សមានស្មាតហ្វូនផ្ទាល់ខ្លួន ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ថែមទាំងថតបានច្រើនប៉ុស្តិ៍ ច្រើនស្ដាយល៍ និងចំណេញថវិកា»។
យ៉ាងណាមិញ អ្នកថតរូបឯករាជ្យ លោក ម៉េង គឹមឡុង បានលើកឡើងក្នុងរឿងរ៉ាវនេះថា បញ្ហាប្រឈមទៅនឹងការងារជាអ្នកថតរូបនេះ គឺមិនមែនមានត្រឹមតែអ្នកថតរូបនៅមុខព្រះបរមរាជវាំងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកថតរូបទូទៅជាអាជីព ក៏បានជួបបញ្ហាបែបនេះផងដែរ។
លោកបាននិយាយថា៖ «សម្រាប់ខ្ញុំ អ្វីដែលបានយល់ឃើញ គាត់ត្រូវមានការច្នៃប្រឌិត ព្រោះយើងដឹងស្រាប់ហើយថា មនុស្សសព្វថ្ងៃ គេចង់បានរូបស្អាត តាមស្តាយល៍របស់គេ តាមទូរស័ព្ទ ដែលគេមានជម្រើសច្រើនតាមកម្មវិធីផ្សេងៗ ឬកាត់រូបឱ្យស្អាត ហើយយើងត្រូវផ្លាស់ប្តូរអ្វីដែលគេគិតថា មិនស្អាតដូចជាការថតរូបដែលឈរនឹងមួយកន្លែង នៅទីតាំងណាមួយនៅពីខាងក្រោយ។ ហ្នឹងហើយជាបញ្ហាដែលយើងត្រូវផ្លាស់ប្តូរចេញ»។
ទោះបីជាយ៉ាងណា អ្នកថតរូបឯករាជ្យវ័យក្មេង រូបនេះ បានមើលឃើញថា ការផ្លាស់ប្តូររបត់របស់មនុស្សជំនាន់ថ្មី ដែលពឹងតែទៅលើការថតរូប ដោយស្មាតហ្វូន ហើយមិនផ្តិតរូបភាពទុកនេះ ក៏អាចនឹងធ្វើឱ្យពួកគេ បាត់បង់រូបភាពនៅក្នុងឯកសារជាច្រើននៅក្នុងផ្ទះ នៅពេលដែលទូរស័ព្ទវាខូចគឺយើងបាត់បង់អស់ដែលមិនដូចពីមុនអាចបន្សល់ទុករូបភាពតៗគ្នាឱ្យកូនចៅមើលបានឡើយ។
លោកម៉េង គឹមឡុង បានបន្ថែមថា៖«វាពិបាកដោយសារទី១ ការផ្លាស់ប្តូររបស់មនុស្ស ហើយទី២ អាស្រ័យទៅលើការច្នៃប្រឌិតរបស់អ្នកថតរូបដើម្បីទាក់ទាញអ្នកដទៃ។ គាត់អាចបន្ថែមនូវអ្វីម្យ៉ាង ដែលអាចទាញចំណាប់អារម្មណ៍ អ៊ីចឹងពេលអ្នកដែលទៅដល់មុខវាំងហ្នឹងគេឃើញទៅគេចង់ថតចង់ផ្តិតរូបដូច្នេះជាគំនិតរបស់ខ្ញុំគាត់គួរស្វែងយល់បន្ថែមទៀតប៉ុន្តែបើមិនដូច្នេះទេថ្ងៃណាមួយមនុស្សនឹងលែងទៅ ដើម្បីថតរូបនៅទីនោះហើយ»។
ទន្ទឹមនឹងនេះ លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលស្គាល់ថា ប្រព័ន្ធឌីជីថល ពិតជាបានធ្វើឱ្យមុខរបរអ្នកថតរូបបាត់បង់ចំណូល។ដូច្នេះប្រសិនបើមិនបង្កើតសហគមន៍សហជីពរបស់ខ្លួន ក្រុមអ្នកថតរូប មិនអាចការពារប្រយោជន៍ និងទាមទារលក្ខខណ្ឌការងារ ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនបាននោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា យ៉ាងហោចណាស់ក៏អាជ្ញាធររដ្ឋយកចិត្តទុកដាក់ការដោះស្រាយ ក្នុងការបង្កើនប្រាក់ចំណូលពួកគាត់ផងដែរ»។ លោកបានបន្តថា ក្រុមជាងថតទាំងអស់ មាននៅក្នុងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយប្រជាជនប្រមាណ ៥-១០ ភាគរយ នៃ ១ លាន ៦ សែននាក់ បានចូលក្នុងសមាគម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះគាំទ្រឱ្យមានការបង្កើតសមាគមដើម្បីចរចាទៅអាជ្ញាធររដ្ឋដើម្បីការពារប្រយោជន៍ ឬទាមទារឱ្យអាជ្ញាធររៀបចំយន្តនាការទាក់ទាញភ្ញៀវទេសចរ។ បើមានភ្ញៀវទេសចរ គាត់អាចរកប្រាក់ចំណូលដែលសមរម្យជាងនេះតាមគោលនយោបាយរបស់រដ្ឋ ឬគោលនយោបាយទាក់ទងទៅនឹងប្រព័ន្ធហិរញ្ញវត្ថុ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់រដ្ឋណាមួយ មានការប្រាក់ទាបបំផុត ជាកត្តាផ្តល់ឱកាសឱ្យអាជីវករទាំងអស់អាចខ្ចីលុយរដ្ឋ ក្នុងការបង្កើត និងពង្រីកមុខរបររបស់ពួកគាត់។
លោកបានបញ្ជាក់ថា៖ «វាជាការល្អ ប្រសិនបើពួកគាត់បង្កើតសមាគមខ្ញុំគិតថា ចំណុចនេះ វាអាចទៅដល់លឿន ព្រោះក្រុមជាងថតរូប នៅមុខព្រះបរមរាជវាំង អាចមានសិទ្ធិ មានឆន្ទៈក្នុងការបង្កើតសមាគមឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគាត់ ឬចូលក្នុងសមាគមរបស់ខ្ញុំក៏បាន ដើម្បីការពារប្រយោជន៍របស់គាត់»។
បើផ្អែកទៅតាមការលើកឡើងរបស់ជាងថតរូបនៅមុខព្រះបរមរាជវាំងក៏ចង់ឱ្យមានការចងក្រងជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដោយពួកគេបានលើកឡើងថា៖«យើងពិតជាចង់បង្កើតឱ្យមានសមាគមដើម្បីជួយសម្រួលទៅដល់មុខរបររបស់ពួកយើង និងថែរក្សាការងារថតរូបនៅខាងមុខព្រះបរមរាជវាំងនេះ សម្រាប់ទៅដល់អ្នកជំនាន់ក្រោយទៀត»៕
រាយការណ៍បន្ថែមដោយ បឿ សុភា , ឡាក់ ច័ន្ទតារា , ហាក់ អ៊ីឌី , អ៊ុក ចាន់ធីដា, និង វង្ស លីលី