សៀមរាបៈ ច្រាំង​កសិន្ធុ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត​ប្រវែង​ ២០ ​ម៉ែត្រ​ទៀត​នឹង​បញ្ចប់​ការជួសជុល​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ខណៈ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា ក៏​បាន​បរិច្ចាគ​ថវិកា​ជួយ​ជួសជុល​ចម្លាក់​ទេវតា​ទាញព្រ័ត្រ​តួ​ទី​ ៨ នៅ​ខ្លោងទ្វារ​តាកាវ​ផងដែរ​។

ក្រុមការងារ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹងថា គម្រោង​ជួសជុល​ច្រាំង​កសិន្ធុ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត​ប្រវែង​ ២០​ ម៉ែត្រ​ថ្មី​ទៀត​អាច​នឹង​បញ្ចប់​នៅមុន​ការគ្រោងទុក​។

បន្ទាប់ពី​ការងារ​រៀប​កាំជណ្តើរ​ថ្មបាយក្រៀម​ថ្មី​បាន​រួចរាល់ ការងារ​រៀប​ឡើងវិញ​នូវ​កាំជណ្តើរ​ថ្មភក់​បុរាណ​ត្រូវ​បាន​រៀប​តាម​លំនាំ​ដើម មាន​ដំណើរការ​ឆាប់រហ័ស ដែល​មកដល់​ពេល​នេះ នៅសល់​តែ​កាំជណ្តើរ​ថ្មភក់​ផ្នែក​ខាងលើ​ប្រហែល ​២​ ទៅ​ ៣​ ដុំ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ធ្វើ​បង្ហើយ​ឆាប់ៗ​នេះ​។

បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ និង​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ការដ្ឋាន​ជួសជុល​ច្រាំង​កសិន្ធុ​អង្គរវត្ត​ជ្រុង​ខាងជើង លោកស្រី នង បូរ៉ាវី មាន​ប្រសាសន៍​ថា ការងារ​ជួសជុល​ច្រាំង​កសិន្ធុ ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត​អាច​នឹង​បញ្ចប់​នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ដោយសារ​តែ​ការរៀប​កាំជណ្តើរ​ថ្មភក់​បុរាណ​ត្រូវ​តាម​លំនាំ​ដើម​មាន​ដំណើរការ​រលូន​ល្អ មិន​រើ​ផ្គុំ​ច្រើន​លើក​ច្រើន​សា​។

លោកស្រី នង ប៉ូរ៉ាវី ឱ្យដឹង​ទៀត​ថា បច្ចុប្បន្ននេះ ការងារ​ជួសជុល​ច្រាំង​កសិន្ធុ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត ដែល​នៅ​សេសសល់​ប្រហែល​ ១០ ​ភាគរយ​ប៉ុណ្ណោះ ដូចជា​ការសម្អាត និង​បំពេញ​ថ្មភក់​ថ្មី​ជំនួស​ថ្មភក់​ចាស់​ដែល​បាត់បង់ ដើម្បី​ឱ្យ​កាំជណ្តើរ​មាន​លំនឹង​ឡើងវិញ​។

គម្រោង​ជួសជុល​ច្រាំង​កសិន្ធុ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត បាន​ចាប់ផ្ដើម​ឡើង​តាំងពី​អំឡុង​ខែមីនា ឆ្នាំ ​២០២២ ​មក ដែល​រហូតមក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ ​៧ ​ខែ​មកហើយ​។

ចាប់តាំងពី​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​ឆ្នាំ ​២០២២ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​គម្រោង​ជួសជុល​ច្រាំង​កសិន្ធុ អង្គរវត្ត ជ្រុង​ខាងជើង​ចំនួន​ ៧ ​ដំណាក់កាល​រួច​មក​ហើយ បើ​គិត​ជា​ប្រវែង​សរុប​ចំនួន​ប្រមាណ ​១៤៣ ​ម៉ែត្រ​។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា​បាន​រួមគ្នា​បរិច្ចាគ​ថវិកា​មួយចំនួន ដើម្បី​ជួយ​ដល់​ដំណើរការ​ជួសជុល​រូបចម្លាក់​ថ្ម​ទេវតា​ទាញព្រ័ត្រ​ចំនួន​មួយ​នៅ​ខ្លោងទ្វារ​តាកាវ​នៃ​ក្រុង​អង្គរធំ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយសារ​តែ​ទឹកចិត្ត​ស្រឡាញ់ មាន​បំណង​ចង់​ចូលរួម​អភិរក្ស​ប្រាសាទ​បុរាណ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ដែល​ជា​ស្នាដៃ​ដ៏មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ​ឱ្យ​ស្ថិតនៅ​គង់វង្ស​ជា​បន្តទៀត​ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

ស្ថាបត្យករ និង​ជា​ក្រុម​ការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តាកាវ កញ្ញា ម៉េង សុវណ្ណលីលីន បាន​សម្តែង​ការត្រេកអរ និង​ថ្លែង​អំណរគុណ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា​បាន​ជួយឧបត្ថម្ភ​ចំពោះ​ដំណើរការ​ជួសជុល អភិរក្ស​នៅ​ខ្លោងទ្វារ​តាកាវ​នេះ​។

បច្ចុប្បន្ន ក្រុម​ការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​បន្ត​ជួសជុល​រូបចម្លាក់​ទេវតា​ទាញព្រ័ត្រ​តួ​ទី ​៨ តាមរយៈ​ជំនួយ​ថវិកា​ពី​សប្បុរសជន​ខ្មែរ​នៅ​ប្រទេស​កាណាដា​នេះ​។

ប៉ុន្តែ​ការងារ​ជួសជុល​រូប​ទេវតា​ទាញព្រ័ត្រ​នេះ មិនអាច​ធ្វើ​បន្ត​ត្រឹមតែ​តួទី​ ៨ ​ប៉ុណ្ណោះ​ទេ គឺ​ចាំបាច់​ទាមទារ​ឱ្យ​មាន​ការជួសជុល​តួ​ទី ​៩ ស្រប​ពេល​ជាមួយ​គ្នា ពី​ព្រោះ​តែ​រចនាសម្ព័ន្ធ​ខ្លួន​នាគ​ទី​ ៨ និង​ទី​ ៩ ​មាន​ទំនាក់​ទំនង​ និង​គ្នា​។

គម្រោង​ជួសជុល​ខ្លោងទ្វារ​តាកាវ​មាន​ ២ ​ផ្នែក គឺ​ដំណាក់កាល​ទី​ ១ ក្រុម​ការងារ​បាន​ជួសជុល​ពង្រឹង​តួ​ខ្លោងទ្វារ និង​ដំណាក់កាល​ទី ​២ គឺ​ជួសជុល​ចម្លាក់​ទេវតា និង​ចម្លាក់​អសុរា​ទាញព្រ័ត្រ​នៅ​អម​សង​ខាង​ស្ពាន​ហាល​បាន​ចំនួន​ ៧​ តួ​រួចហើយ​៕