នៅ​ចំពោះ​មុខ​បញ្ហា​ជម្លោះ អ៊ុយក្រែន-រុស្ស៊ី អាស៊ាន​បាន​និង​កំពុង​ដើរ​តួនាទី​សម្របសម្រួល​វិបត្តិ​នេះ​ដែល​ជា​បញ្ហា​ធំ​សម្រាប់​អន្តរជាតិ ដោយសមាជិក​អាស៊ាន​ភាគច្រើន ជាពិសេស កម្ពុជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ បាន​ប្រកាន់​ជំហរ​គាំទ្រ អ៊ុយក្រែន​ក្តី ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ អង្គការ​តំបន់​មួយ​នេះ ហាក់​មិន​ទាន់មាន​ឯកភាព​គ្នា​នៅ​ឡើយ​ទេ ចំពោះ​សំណុំ​រឿង អ៊ុយក្រែន និង រុស្ស៊ី នេះ ដោយ​បាន​បដិសេធ​សំណើថ្លែង​សុន្ទកថា​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​របស់​ប្រធានាធិបតី អ៊ុយក្រែន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ នៅ​រាជធានី​ភ្នំពេញ។

អ្នក​តាម​ដាន​នយោបាយ​អន្តរជាតិ​ទាំង​នេះ​យល់ថា បញ្ហា​កុងសង់ស៊ីល របស់​អាស៊ាន និង ជំហរ​នយោបាយ​ការទូត​របស់​រដ្ឋ​ជា​សមាជិក​បាននាំ​ឱ្យ​អាស៊ាន​ខ្វែង​គំនិត​គ្នា​ចំពោះ​សំណុំរឿង​វិបត្តិ​ អ៊ុយក្រែន-រុស្ស៊ី ព្រោះ​បណ្តា​រដ្ឋខ្លះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​ មូស្គូ ហើយ​រដ្ឋខ្លះ​ទៀតមិន​ចង់​មើល​មុខ​មិនត្រង់​ជាមួយ​ក្រុង មូស្គូ។

ជុំវិញ​សំណុំរឿងនេះ លោក វណ្ណ ប៊ុនណា អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP) លើក​ឡើងថា បណ្តា​សមាជិក​អាស៊ាន​នៅ​មិនទាន់​មាន​ជំហរ​ស្របគ្នា​នៅ​ឡើយ​ទេ ចំពោះ​វិបត្តិ​សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ដែល​គេ​អាច​មើល​ឃើញ​បានតាម​រយៈយន្ត​ការ​អាស៊ាន​ក្នុង​ការ​ប្រើប្រាស់​កុងសង់ស៊ីស ចំពោះ​សំណើ​របស់​អ៊ុយក្រែន​ដែល​សុំ​ថ្លែង​សុន្ទរកថា ពិសេស​របស់​ប្រធានាធិបតីអ៊ុយក្រែន ត្រូវ​អាស៊ាន​ផាត់ចោល ព្រោះ​បណ្តា​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​មិនគាំទ្រ។

លោក​ពន្យល់​ដូច្នេះ​ថា៖ «បើ​យើង​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​និង​យន្តការ​ការទូត អ៊ុយក្រែន មិនមាន​សិទ្ធិ​ក្នុង​ការ​មក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​ទេ ប៉ុន្តែ វា​អាច​មាន​ករណី​ពិសេស ដោយសារ​បញ្ហា​អ៊ុយក្រែននេះ ជាវិបត្តិ កំពុង​កើត​មាន ប្រទេស​អាស៊ាន អាច​ផ្តល់​ឱកាស​ឱ្យ​អ៊ុយក្រែន ថ្លែង​ពី​អ្វី​ដែល​គាត់​កំពុង​ជួប​ប្រទះ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់ថា អាស៊ាន​មិនទាន់​មាន​ជំហរ​ស្របគ្នាលើ​បញ្ហា​អ៊ុយក្រែន​នេះទេ»។

គួរបញ្ជាក់ថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក គង់ ភោគ អ្នក​នាំពាក្យ​ផ្លូវការ​នៃ​កិច្ចប្រជុំកំពូលអាស៊ាន​បាន​បញ្ជាក់​ថា មិនមាន​ការ​ថ្លែង​សុន្ទរកថា​ពិសេស​របស់​អ៊ុយក្រែន នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឡើយ ដោយ​លោក​បញ្ជាក់ថា ដោយ​គោរព​តាម​ កុងសង់ស៊ីស របស់​អាស៊ាន អ៊ុយក្រែន ត្រឹមជា​ភ្ញៀវ​កិត្តិយស​របស់​អាស៊ាន ដែល​អាច​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​បាន ប៉ុន្តែ​មិនអាច​ចូលរួម​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​បាន​ឡើយ។

តាមរយៈជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) កាល​ពី​ដើម​ខែ​វិច្ឆិកា ប្រធានាធិបតី​អ៊ុយក្រែន បាន​ស្នើសុំ​ថ្លែងសុន្ទរកថា​ពិសេស​ពាក់ព័ន្ធ​ស្ថានការណ៍​សង្គ្រាមនៅ​អ៊ុយក្រែន​តាម​ប្រព័ន្ធ​វីដេអូ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ នៅ​រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​ការ​ថ្លែង​សុន្ទរកថា​ពិសេស​ពាក់ព័ន្ធ​ស្ថានការណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន តាម​ប្រព័ន្ធ​វីដេអូ​របស់​ប្រមុខ​ដឹកនាំ​អ៊ុយក្រែននេះ លោក វណ្ណ ប៊ុនណា យល់ថា នឹង​មិន​ប៉ះពាល់​ធំ​ដុំ​ឡើយ​ចំពោះ​អង្គការ​តំបន់​អាស៊ាន ប៉ុន្តែ​វា​អាច​ជះឥទ្ធិពល​ខ្លះ​ដល់​ឯកភាព​នៃ​បណ្តារដ្ឋ​ជា​សមាជិក​អាស៊ាន ជាពិសេស​មុខមាត់​អាស៊ាន​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការ​មិន​គាំទ្រ​ពេញលេញ​របស់​អាស៊ាន ទៅ​លើ​ភាគី អ៊ុយក្រែន ព្រោះ​វិបត្តិ​នៅ​អ៊ុយក្រែន មិនមែន​ជា​របៀបវារៈ​ចាំបាច់​សម្រាប់​អាស៊ាន។

ជាមួយគ្នានេះដែរ លោក ថុង ម៉េងដាវិត អ្នក​ស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត នៃ​វិទ្យាស្ថាន ចក្ខុវិស័យ​អាស៊ី (AVI) គូស​បញ្ជាក់​បន្ថែមថា ការ​មិន​អនុញ្ញាត​ឱ្យ​មាន​បទបង្ហាញ​របស់​ប្រធានាធិបតី អ៊ុយក្រែន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ គឺ​ជាប់ពាក់ព័ន្ធ​នឹង​ប្រយោជន៍​នយោបាយ យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច របស់​បណ្តា​រដ្ឋជា​សមាជិក​អាស៊ាន ដែល​នាំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញសំណុំ​រឿង​នេះ។

លោក ថុង ម៉េងដាវិត បន្តថា៖ «ដោយសារ​តែ​ផល​ប្រយោជន៍​នយោបាយ យុទ្ធសាស្ត្រ និង សេដ្ឋកិច្ច ដែល​ប្រទេស​មួយ​ចំនួន​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ រុស្ស៊ី ហើយ​ប្រទេស​មួយ​ចំនួន​មិនមាន​ទំនាក់ទំនង​ទ្វេភាគី​សំខាន់​ណា​មួយ​ជាមួយ រុស្ស៊ី​ឡើយ»។

អ្នកជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​រូបនេះ សង្កត់ថា នៅ​ខណៈពេលនេះ អ៊ុយក្រែន​គឺ​ពិតជា​ត្រូវ​ការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ហើយ​ពេលនេះ​អាស៊ាន គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​សម្រាប់​អ៊ុយក្រែន ដើម្បី​ប្រមូល​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ការបញ្ចប់​ជម្លោះ រុស្ស៊ី-អ៊ុយក្រែន និង​ការ​កសាងជាតិ​ឡើងវិញ​របស់​ អ៊ុយក្រែន នៅ​ក្រោយ​ដំណាក់​កាល​សង្គ្រាម។

ទោះជាយ៉ាងណាក្តី តាម​រយៈយន្តការ​របស់​អាស៊ាន អាស៊ាន​បាន​ក្លាយ​ទៅ​ជា​និយ័តករ​ដ៏​សំខាន់​សម្រាប់​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​សម្របសម្រួល​និង​ជំរុញ​ឱ្យ​ប្រទេស​មហាអំណាច​នានា​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន​នេះ​ និង បញ្ហា​ដទៃៗ​ទៀត​តួយ៉ាង វិបត្តិ​ថាមពល វិបត្តិសន្តិសុខ​ស្បៀង វិបត្តិ​សេដ្ឋកិច្ច​ជាសកល ដែល​ចេញ​ពី​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដែល​កំពុង​យាយី​ពិភពលោក​នេះបាន​តាម​ការ​បញ្ជាក់​បន្ថែមពី​លោក ថុង ម៉េងដាវិត។

គួរជម្រាប​ជូន​ផងដែរ​ថា នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ពោល​គឺ​នៅថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​រាជធានី​ភ្នំពេញ អាស៊ាន បាន​ទទួល​អ៊ុយក្រែន​ជា​សមាជិក​ទី៥០ នៃ​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា TAC ក្រោម​ការ​ចុះហត្ថលេខា​ពី​បណ្តា​មេដឹកនាំ​អាស៊ាន និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន ឌីមីត្រូ គូឡេបា (Dmytro Kuleba) ជា​តំណាង​ភាគី​អ៊ុយក្រែន។

តាមរយៈកិច្ចការ​ចុះ​សន្ធិសញ្ញា TAC នេះ លោក សេង វណ្ណលី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ យល់ថា វាជា​ភាព​ជោគជ័យ​មួយរបស់ អ៊ុយក្រែន ទៅហើយ តាម​រយៈការ​ជួយ​សម្របសម្រួល​ពី​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​លើក​ទី​៣ នេះ ហើយ​ការ​ដែល​មិន​បាន​ថ្លែងសុន្ទរកថា​ពី​ប្រមុខ​ដឹកនាំ​របស់​អ៊ុយក្រែន​នេះ នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ គឺ​មិន​អាច​រាប់ថា​ ជាបរាជ័យ​របស់​អាស៊ាន និង​អ៊ុយក្រែន​ឡើយ ព្រោះ​ជា​ប្រពៃណី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កន្លងមក មិន​ធ្លាប់​មាន​ការ​ថ្លែងសុន្ទរកថា​របៀប​នេះ​ឡើយ។

មិនសូវខុសគ្នា​ពី​អ្នក​ជំនាញ​ផ្សេងៗ​ឡើយ លោក សេង វណ្ណលី យល់ថា កុងសង់ស៊ីស និង​កត្តា​ឯកភាព​គ្នា​រវាង​រដ្ឋជា​សមាជិក​អាស៊ាន​ជារនាំង​ក្នុង​ការ​សម្រេច​ចិត្ត​នានា​របស់​អាស៊ាន ចំពោះ​វិបត្តិ​សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ។

លោក សេង វណ្ណលី៖ «ដោយសារ អាស៊ាន​ផ្តោត​សំខាន់​លើ​ កុងសង់ស៊ីស គឺ​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ហើយ​អាស៊ាន​ខ្លួនឯង មានប្រទេស​មួយ​ចំនួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​រុស្ស៊ី ហើយ​ប្រទេស​ផ្សេង​ទៀត ទោះ​មិន​ជិតស្និទ្ធ​ក៏​ដោយ​ក៏​មិន​ចង់​មាន​បញ្ហា​ជាមួយ រុស្ស៊ីដែរ»។

ជារួមតាមរយៈ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ អាស៊ាន​និង​អ៊ុយក្រែន បាន​សម្រេច​កិច្ចការ​ដ៏​សំខាន់មួយ​ចំពោះ​សំណុំ​រឿង​សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន តាម​រយៈការ​ទទួល​យក​អ៊ុយក្រែន ជា​សមាជិក​ទី​៥០ នៃ​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដែល​អ្នក​វិភាគ​ទាំង​នេះ​យល់ថា គឺជា​សារ​បង្ហាញ​ប្រាប់​អន្តរជាតិថា កម្ពុជា​និយាយ​ដោយ​ឡែក និង​អាស៊ាន​និយាយ​ជារួម មិនចង់ឃើញ មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ឬ​ការ​ឈ្លានពាន​កាន់​កាប់​ប្រទេស ពី​រដ្ឋ​មួយ​ទៅ​រដ្ឋមួយ ដោយ​ប្រើប្រាស់កម្លាំង​នោះទេ៕