ភ្នំពេញៈ ​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជួបពិភាក្សា​ជាមួយ​លោក Zhang Ming អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​(SCO) អំពី​បេក្ខភាព​និង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា​ក្នុងការ​ក្លាយជា​អ្នកសង្កេតការណ៍​នៃ​អង្គការ SCO នេះ បន្ថែម​លើ​សមភាព​កម្ពុជា​ជា​ដៃគូ​សន្ទនា​ចាប់តាំងពី​ឆ្នាំ​ ២០១៥​។​

អ្នកតាមដាន​បញ្ហា​កិច្ចការ​នយោបាយ​អន្តរ​ជាតិ បាន​ថ្លែង​ដោយ​យល់ថា ចំពោះ​ការពង្រីក​ខ្លួន​របស់​កម្ពុជា​ទៅជា​អ្នកសង្កេតការណ៍​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ នឹង​នាំឱ្យ​កម្ពុជា​ពង្រឹង​តួនាទី​ខ្លួន​បន្ថែម​ក្នុង​សណ្តាប់ធ្នាប់​ពិភពលោក ទាំង​កិច្ចការ​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​ពង្រឹង​យន្តការ​ពហុភាគី​និយម​ដែល​កម្ពុជា​តែង​ប្រកាន់ខ្ជាប់​ផង ដោយសារ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ នេះ​ជា​ជញ្ជីង​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ពិភពលោក​ប្រឈម​នឹង​ការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ​។​

លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចូល​ជា​អ្នកសង្កេតការណ៍​របស់​កម្ពុជា​នៅក្នុង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ​(SCO) នេះ​មាន​សារៈសំខាន់​ដែល​កម្ពុជា​អាច​ពង្រឹង​បន្ថែមទៀត​ក្នុង​គោលការណ៍​ពហុភាគី​និយម​របស់​ខ្លូន ព្រមទាំង​ពង្រឹង​យុទ្ធសាស្ត្រ​សម្រាប់​សន្តិសុខ​ជាតិ នៅ​ចំពោះមុខ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្រួចស្រាល់​នាពេល​បច្ចុប្បន្ន​។​

លោក​ គិ​ន ភា បញ្ជាក់​ពី​ជំហរ​កម្ពុជា​នៅក្នុង​លម្ហ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិថា​៖ «​អ្វីដែល​កម្ពុជា​តែង​អនុវត្ត​នៅក្នុង​នយោបាយ​ការបរទេស​របស់ខ្លួន​ហ្នឹង​ គឺ​គោលការណ៍​ពហុភាគី​និយម​និង​គោលការណ៍​ច្បាប់​អន្តរជាតិ អ៊ីចឹង​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ​នេះ គឺជា​យន្តការ​ពហុភាគី​ដ៏​សំខាន់​មួយ​ដែលមាន​ផលប្រយោជន៍​ទាំង​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​» ។​

​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ គូសបញ្ជាក់ថា អង្គការ​សហប្រតិបត្តិ​ការ​នេះ​មាន​ប្រទេស​ជា​សមាជិក​ច្រើន​ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែលមាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច ថាមពល នយោបាយ និង​យុទ្ធសាស្ត្រ ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​ដែល​ទទួលបាន​ផលប្រយោជន៍​ផ្នែក​ច្រក​សេដ្ឋកិច្ច ច្រក​ការទូត ជាដើម​។​

លោក ​គិ​ន ភា បន្ថែមថា​៖ «​លើសពីនេះ ក្នុងនាម​ជា​អ្នកសង្កេតការណ៍​របស់ SCO កម្ពុជា​អាច​ពង្រឹង​តួនាទី​ខ្លួន​បាន​ផង​សម្រាប់​កិច្ចការ​តំបន់​និង​ពិភពលោក ព្រោះ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ ជជែក​បញ្ហា​ធំ​ជា​អន្តរជាតិ​ក្នុង​កម្រិត​សកល​ដែល​ផ្តល់ឱ្យ​ទង់ជាតិ​កម្ពុជា សំឡេង​កម្ពុជា លេច​ត្រដែត​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដ៏​ធំ​មួយ​នេះ​»​។​

​សម្រាប់​កិច្ច​ការចូល​ជា​សមាជិក​នៃ​អ្នកសង្កេតការណ៍​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​នេះ លោក​ គិ​ន ភា ថ្លែងថា នឹងមិន​មាន​ជា​បញ្ហា​ចោទ​សម្រាប់​កម្ពុជា​ឡើយ ខណៈ​អង្គការ​នេះ​មាន​ចិន​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​ជា​ចន្ទល់ ព្រមទាំង​បណ្តា​សមាជិក​ផ្សេងទៀត​សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ស្រាប់​។​

គូរ​បញ្ជាក់​ផងដែរ​ថា អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​ (SCO) គឺជា​អង្គការ​អន្តររដ្ឋាភិបាល​ដែល​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០០១ នៅ​ទីក្រុង​សៀង​ហៃ ដោយ​ប្រទេស​ចំនួន ​៦ រួមមាន ចិន ជាមួយ​ប្រទេស​អតីត​សហភាពសូវៀត​ចំនួន​ ៥ ទៀត​នោះ​គឺ រុស្ស៊ី កា​ហ្សា​ក់​ស្ថាន កៀ​ហ្គី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន​។​

គោលដៅ​ចម្បង​នៃ​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ គឺ​ដើម្បី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​ដែល​ប្រទេស​សមាជិក​អង្គការ​នេះ តែងតែ​រៀបចំ​ធ្វើ​សមយុទ្ធ​រួមគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ព្រមទាំង​សហការគ្នា ក្នុងការ​ចែកចាយ​ព័ត៌មាន​ក្នុង​វិស័យ​សន្តិសុខ​ឱ្យ​គ្នា​ទៅវិញទៅមក​ផង​។​

នាពេល​បច្ចុប្បន្ន​អង្គការ​នេះ​មាន​សមាជិក​កើន​ដល់​ចំនួន​ ៩ ក្នុងនោះ​រួមមាន​បន្ថែម ឥណ្ឌា ប៉ា​គី​ស្ថាន និង​ថ្មីៗ​នេះ គឺ​អ៊ីរ៉ង់ បន្ថែម​លើ​សមាជិក ៦ ដែលមាន​ស្រាប់ ហើយ​អង្គការ SCO ក៏មាន​រដ្ឋ​ដៃគូ​សន្ទនា​ផងដែរ ដែល​រួមមាន តួ​ក​គី ស្រីលង្កា នេ​ប៉ាល់ អា​ស៊ែ​បៃ​ហ្ស​ង់ អា​មេ​នី អារ៉ាប៊ីសាអ៊ូឌីត អេ​ហ្ស៊ី​ប កាតា និង​កម្ពុជា​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពាក់ព័ន្ធ​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ នៅ​ថ្ងៃទី ​១១ ខែវិច្ឆិកា ឆ្នាំ ​២០២២ លោក​ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​ចាប់តាំងពី​បាន​ក្លាយជា​ដៃគូ​សន្ទនា​របស់ SCO ក្នុង​ឆ្នាំ​ ២០១៥ កម្ពុជា​បាន​ចូល​រូ​ម​ចំណែក​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង SCO ដោយបាន​លើកឡើង​ពី​ការចូល​រូ​មយ៉ាង​សកម្ម​របស់​កម្ពុ​ជា​នៅក្នុង​អង្គការ​នានា​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព និង​ការរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​។​

ជាមួយគ្នានេះដែរ​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​ដែល​ប្រសូត​ចេញពី​ប្រទេស​នៃ​អ៊ុយ​រ៉ាស៊ី ឬ​អាស៊ី​កណ្តាល ដែល​សុទ្ធសឹង​ជា​ប្រទេស​អតីត​សហភាពសូវៀត​នេះ ហើយ​មាន​ស្នាក់ការ​កណ្តាល​នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន​នេះ មាន​ធម្មនុញ្ញ​របស់ខ្លួន​ដំបូង​ក្នុង​គោលដៅ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​នយោបាយ ក៏ប៉ុន្តែ​នៅក្នុង​ទិដ្ឋភាព​លម្ហ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន អង្គការ​នេះ​បាន​ដើរតួ​បន្ថែម​លើ​ផ្នែក​សេដ្ឋកិច្ច​។​

លោក​បាន​បន្តថា អង្គការ​នេះ​មានអំណាច​យោធា​របស់ខ្លួន​យ៉ាង​សម្បើម ស្របពេល​សមាជិក​គោល គឺ​ចិន និង​រុស្ស៊ី ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ហើយ​រដ្ឋ​ជា​សមាជិក​ដទៃទៀត​តួយ៉ាង​ឥណ្ឌា អ៊ីរ៉ង់ ប៉ា​គី​ស្ថាន កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទោះបី​មិន​ស្របតាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ក្តី​។​

លោក​ យង់ ពៅ បាន​ថ្លែង​ដោយ​ពន្យល់​ពី​ស្ថានភាព​កម្ពុជា​ចូល​ជា​ប្រទេស​សង្កេតការណ៍​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃថា​៖ «​ក្នុងឋានៈ​ដែល​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​១​គឺ​យើង​ចូលទៅក្នុង​អង្គការ​តំបន់​នេះ គឺ​មិនមែន​ឆ្ពោះ​មហិច្ឆតា​យោធា​ដើម្បី​រំខាន​ដល់​បស្ចិម​លោក​ទេ វា​មិនមែនជា​បញ្ហា​ទេ​។ ផ្ទុយទៅវិញ វា​នាំឱ្យ​កម្ពុ​ជាមាន​ដៃ​គួ​សន្ទនា​ធំៗ​ក្នុង​តំបន់​ហើយ​ជំរុញ​ការដោះដូរ​សេដ្ឋកិច្ច នយោបាយ ការទូត និង​យោធា កាន់តែ​ប្រសើរ​»​។​

គួរ​ជម្រាបជូន​ផងដែរ​ថា អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ ​(SCO)​ មាន​សមាជិក​ចំនួន​ ៩ ​ប្រទេស ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​ទំហំ​ប្រមាណ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក គ្របដណ្តប់​ដែនដី​ប្រមាណ ៦០% នៃ​ដែនដី​ក្នុង​លោក ហើយ​ដែលមាន​ប្រជាជន​ប្រមាណ ៣ ៤០០ ​លាន​នាក់ ឬ​ស្មើ ៤៣% នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​។ កម្ពុជា​បាន​ក្លាយជា​សមាជិក​ដៃគូ​សន្ទនា​របស់​អង្គការ​នេះ​នៅក្នុង​ឆ្នាំ​ ២០១៥ ដែល​មកដល់​ឆ្នាំ​ ២០២២ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា​កំពុង​ដាក់​បេក្ខភាព​ខ្លួន​ចូល​សមាជិក​នៃ​អ្នកសង្កេតការណ៍​ម្តង​៕