ភ្នំពេញៈ កិច្ចប្រជុំ​អាស៊ាន​បានបិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ នៅ​វេលា​រសៀល ថ្ងៃ​អាទិត្យ ទី ១៣ ខែ​វិច្ឆិកា​នេះ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ ៤១ ដែល​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ចាប់តាំង​ពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា​មក បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​តម្លៃ​ពី​សំណាក់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជាច្រើន​ទូទាំង​ពិភព​លោក​។

លោក​ប្រមុខ​អង្គការ​សហ​ប្រជា​ជាតិ Antonio Guterres កាលពី​ថ្ងៃទី ១២ វិច្ឆិកា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ចំពោះ​មុខការ​បែកបាក់​គ្នា​របស់​ពិភពលោក​ និង​ការ​ប្រកួត​ប្រជែង​នៃ​ភូមិសាស្ត្រ​នយោបាយ​ជា​សកល​ដ៏​ស្រួចស្រាល់ ជា​ពិសេស​ការ​លេច​ត្រដែត​ឡើង​នៃ​មហាអំណាច​ចិន​ឈម​នឹង​មហា​អំណាច​ចាស់​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​យាយី​ដល់​សន្តិសុខ​ពិភព​លោក។

លោក Antonio Guterres៖ «​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​របស់ខ្លួន ក្នុងខណៈពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជា​សកល​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ការ​បែកបាក់​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ដែល​គំរាម​កំហែង​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភព​លោក​។ វោហារ​ស័ព្ទ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ គឺ​កំពុង​បង្កើន​ភាព​តានតឹង​នុយក្លេអ៊ែរ​»​។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​សង្កត់​ធ្ងន់​ថា ការ​បែង​ចែក​ភូមិសាស្ត្រ​នយោ​បាយ​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​បង្ក​ឱ្យ​កើតមាន​អសន្តិសុខ​ពិភពលោក ដែល​នាំ​ឱ្យ​កើត​មាន​ជម្លោះ​ថ្មីៗ ជា​រនាំង​ធ្វើ​ឱ្យគេ​ពិបាក​ក្នុង​ការ​បញ្ចប់​វិបត្តិ​ចាស់​។ លោក​ថា សេដ្ឋកិច្ច​ពិភព​លោក​កំពុង​រង​ការ​បែង​ចែក​ជា ​២​ ផ្នែក ដែល​មួយ​ផ្នែក​ដឹក​នាំ​ដោយ​មហា​អំណាច​ចិន និង​មួយផ្នែក​ទៀត​ដឹកនាំ​ដោយ​មហា​អំណាច​សហរដ្ឋ​អាមេរិក​។

ក្នុង​ការណ៍​នេះ លោក Antonio Guterres ចង់​ឱ្យ​សមាជិក​អា​ស៊ាន​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ ជា​ពិសេស​ដើរ​តួ​ជា​ស្ពាន​ចម្លង នៅ​ចំពោះមុខ​ការ​បែក​បាក់​របស់​ពិភព​លោក ស្រប​ពេល​សកល​លោក​កំពុង​ជួប​វិបត្តិ​តួយ៉ាង បណ្តា​ប្រ​ទេស​ជាច្រើន​នៅ​លោក​ខាង​ត្បូង​កំពុង​រង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ និង​វិបត្តិ​អាកាសធាតុ​ដែល​កំពុង​យាយី​ដល់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​របប​អាហារ ថាមពល ព្រម​ទាំង​បញ្ហា​ហិរញ្ញវត្ថុ ដែល​កាន់តែ​ប្រឈម​ភាព​ធ្ងន់ធ្ងរ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែន​។

អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​រូបនេះ បាន​កោត​សរសើរ​ដល់​អាស៊ាន​ដែល​ប្តេជ្ញា​យ៉ាង​មោះមុត​លើ​ពហុ​ភាគី​និយម និង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​តំបន់ ដែល​លោក​សង្កត់​ធ្ងន់​ថា អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកល​ដ៏​រឹងមាំ​សម្រាប់​ពិភព​លោក​។

លោក យង់ ពៅ អគ្គ​លេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា ការ​លើក​ឡើង​របស់​ប្រមុខ​អង្គការ​សហ​ប្រជា​ជាតិ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ពេល​នេះ ជាការ​ថ្លឹង​ថ្លែង​តុល្យភាព​អំណាច​របស់​មហា​អំណាច​ធំៗ​២​របស់​ពិភព​លោក​ពោលគឺ សហរដ្ឋ​អាមេរិក​ដែល​ជា​មហា​អំណាច​ចាស់ និង​ចិន​ដែល​កំពុង​រះ​ត្រដែត​ឡើង ប្រាប់​ដល់​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ និង​ពិភព​លោក​ឱ្យ​បានដឹង ដែល​មហា​អំណាច​ ២ ​នេះ​កំពុង​គំរាម​កំ​ហែង​ដល់​សន្តិសុខ​ពិភព​លោក​ចំពោះមុខ​ការ​ប្រណាំង​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​។

អ្នក​ជំនាញ​ភូមិ​សាស្ត្រ​ន​យោ​បាយ​រូបនេះ​បញ្ជាក់ថា អាស៊ាន​នា​ពេល​បច្ចុប្បន្ន​បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុងការ​ចូលរួម​ចំណែក​នូវ​សណ្តាប់​ធ្នាប់​ពិភព​លោក ដែល​អាស៊ាន​បាន​រៀបចំ​ជា​វេទិកា ​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​ឈរលើ​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

លោក យង់ ពៅ​៖ «​មជ្ឈ​ភាព​អាស៊ាន​បច្ចុប្បន្ន កាន់​តែមាន​តួនាទី​សំខាន់ ជា​តួអង្គ​សំខាន់ ក្នុង​ការ​ជជែក​វែក​ញែក​ពី​បញ្ហា​សកល និង​បញ្ហា​តំបន់​ជាដើម​។ ដូច​ករណី​ពេល​នេះ យើង​បាន​អញ្ជើញ​ប្រទេស​មហា​អំណាច ប្រទេស​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​របស់​អាស៊ាន មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ រួមមាន​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា ជាដើម​បានមក​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​សកល​»​។

លោក យង់ ពៅ បន្ថែមថា អាស៊ាន​គួរតែ​ពង្រឹង​បន្ថែមទៀត​នូវ​ឯកភាព​របស់ខ្លួន​ក្នុង​រង្វង់​រដ្ឋ​ជា​សមាជិក ព្រោះ​កន្លង​មក អង្គការ​តំបន់​មួយ​នេះ រង​ការ​ចោទ​ប្រកាន់​ថា ជា​ឈ្នាន់ ឬ​ជា​ឧបករណ៍​នយោបាយ​របស់​មហា​អំណាច​។

លោក រីម សុខវី សហ​ស្ថាបនិក​របស់ The Thinker Cambodia ជា​វេទិកា​អត្ថា​ធិ​ប្បាយ និង​វិភាគ​ទៅលើ​កិច្ច​ការ​បរទេស ថ្លែង​ថា ការ​លើក​ឡើង​របស់​ប្រមុខ​អង្គការ​សហ​ប្រជា​ជាតិ​ដូច្នេះ ពីព្រោះ​លម្ហ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​កំពុងមាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពី​សំណាក់​សហ​រដ្ឋ​អាមេរិក និង​ចិន ស្រប​ពេល​អាស៊ាន​ជា​វេទិកា​សំខាន់​សម្រាប់​បណ្តា​ប្រទេស​មហា​អំណាច​មក​អង្គុយ​ជជែក​ចរចា​គ្នា​ព្រោះ​អាស៊ាន​ជា​អង្គការ​ដាច់​ដោយ​ឡែក​មិន​ផ្អែក​ចំពោះ​មហា​អំណាច​ណា​មួយ​។

លោក​ថា​៖ «​អាស៊ាន ជា​អង្គ​ការ​តំបន់ ខុសពី​អង្គការ​តំបន់​ផ្សេង​ទៀត​ដែល​ផ្អែក​ទៅ​លើ​មហា​អំណាច​ណា​មួយ វា​ជា​អំណាច​មួយ​របស់​អាស៊ាន ដែល​ជួយ​ដោះស្រាយ​បញ្ហា​សកល​បាន​»​។ អ្នកវិភាគ​នយោបាយ​វ័យក្មេង​រូបនេះ ថ្លែងថា អង្គការ​តំបន់​អាស៊ាន មាន​អំណាច​ដោយសារ​ភាព​ជា​កណ្តាល​របស់​ខ្លួន ដែល​ផ្តល់​ជា​វេទិកា​សម្រាប់​បណ្តា​មហា​អំណាច​មក​ជួបជុំ ជជែក ចរចា រក​ដំណោះ​ស្រាយ​ទៅលើ​វិបត្តិ​ជា​សកល​៕