ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា លោក​គ្មាន​បំណង​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​៤ នៅ ​១០ ​ឆ្នាំក្រោយ​នោះឡើយ បន្ទាប់ពី​លោក​បាន​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​ចំនួន ​៣​លើ​ករូច ដែល​លើកចុងក្រោយ​ក្នុង​ឆ្នាំ​ ២០២២ នេះ ព្រោះ​លក្ខខណ្ឌ​ជរាភាព។ ការណ៍​នេះ ត្រួវបាន​អ្នកតាមដាន​នយោបាយ​យល់ថា គណបក្សកាន់អំណាច​បា​ន​រៀបចំ​សមាសភាព​មេដឹកនាំ​ថ្មី​រួចទៅហើយ​។​

នៅ​ចំពោះ​មុខអ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ លោក ហ៊ុន សែន ថ្លែងថា​៖« ខ្ញុំ​នឹងមិន​ឈានឆ្ពោះ​ទៅរក​ការធ្វើ​ប្រធាន​អាស៊ាន​លើក​ទី​៤ ទេ ព្រោះ​វា​ល្មម​ដល់​អាស៊ាន​លើក​ទី​៤ ខ្ញុំ​ត្រូវ​អាយុ​ ៨០ ហើយ ដូច្នេះ​វា​ល្មម​គ្រប់គ្រាន់​ហើយ ៣​ ដង​នេះ​»។​

លោក​បាន​លើកឡើងថា កិច្ចការ​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​គឺជា​ការលំបាក ដែល​ទាមទារ​ឲ្យ​មាន​រដ្ឋមន្ត្រីការបរទេស​វៃឆ្លាត ជំនួយការ​ពូកែ ព្រមទាំង​បណ្តា​មន្ត្រី​ដែលមាន​សមត្ថភាព​និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​។ លោក​បន្ថែមថា បើសិនជា​គ្មាន​ការចូលរួមចំណែក​ពី​ឧ​ត្ត​ម​មន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ​​ពេញលេញ​នោះទេ កម្ពុជា​ពិតជា​មិនអាច​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ នេះ​បាន​ជោគជ័យ​ឡើយ​។​

ជុំវិញ​បញ្ហា​នេះ លោក​ ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លើកឡើងថា ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​នេះ មិនមែនជា​រឿង​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ ខណៈ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ការរៀបចំ​អ្នក​បន្តវេន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រួចទៅហើយ​។​

លោក​ ហេង គឹមហុង​ បញ្ជាក់ថា៖ «​ការលើកឡើង​នេះ វា​បង្ហាញ​កាន់តែច្បាស់​ថា នៅពេល​វេលា​ដ៏​ខ្លី​ខាងមុខ ខ្ញុំ​ក៏​មិនដឹង​ពេលណា​ដែរ គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ការផ្លាស់ប្តូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី ឬ​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​តាម​កូតា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ ខ្ញុំ​យល់ថា បេក្ខភាព​នេះ គ្មាន​នរណា​ក្រៅពី​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​បានតែងតាំង​ជា​អ្នក​បន្តវេន»​។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​រូបនេះថ្លែងថា វា​ត្រូវ​ដល់​ពេលដែល​កម្ពុជា​គិតគូរ​ផ្តល់​លទ្ធភាព​ដល់​យុវជន​អាច​ចូលរួមចំណែក​ក្នុងការ​សម្រេចចិត្ត​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ហើយ ខណៈ​កន្លងមក​និង​ពេលបច្ចុប្បន្ន​ ការចូលរួម​ពី​សំណាក់​យុវជន​នៅមានកម្រិត​ក្នុងប្រទេស​កម្ពុជា​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ខ្លួនឯង​។​

លោក​ ហេង គឹមហុង បន្ថែមថា ដើម្បី​ឲ្យ​ការ​ត្រៀមខ្លួន​ចូលរួមចំណែក​របស់​យុវជន​បន្តវេន​ជំនាន់​ក្រោយ​នៅ​កិច្ចការ​តំបន់ និង​ពិភពលោក តួយ៉ាង​ភារកិច្ច​ជា​ប្រធាន​អាស៊ាន​លើក​ទី​៤ នា​ ១០​ ឆ្នាំក្រោយ លោក​ចង់ឃើញ​មានការ​បង្ហាញផ្លូវ​ពី​សំណាក់​យុវ​ចាស់​ដែលមាន​បទពិសោធ ជាទី​ប្រឹក្សា ផ្តល់យោបល់ ដល់​អ្នក​បន្តវេន​ឲ្យ​ការ​កាន់​ភារកិច្ច​ទាំងនោះ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើង​ពី​សមិទ្ធផល​ដែល​សម្រេចបាន​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ចំនួន ៣​លើក​កន្លងមក ដែល​លោក​ថា កម្ពុជា​បាន​បញ្ជ្រាប​គោល​គំនិត​និង​ទស្សនៈ​ខ្លួន​ទៅក្នុង​អង្គការ​តំបន់​ដែល​សម្រេច​ចេញ​ជា​ឯកសារ​រាប់រយ ជាពិសេស​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដើរ​នាទី​សំខាន់​ក្នុងការ​សម្របសម្រួល​ទំនាក់ទំនង​អាស៊ាន​-​ចិន ដែល​ល្អក់កករ​ជុំវិញ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។​

លោក​​ គិ​ន ភា ថ្លែងដោយរៀបរាប់​ពី​សមិទ្ធ​ផល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ សម្រេចបាន​ចាប់​តាំង​ឆ្នាំ​ ១៩៩៩ សម្រាប់​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​ក្របខណ្ឌ​អាស៊ាន​៖ «លោក (ហ៊ុន សែន) ​បាន​បើកទ្វារ​ការទូត​សំខាន់​ឲ្យ​កម្ពុជា នាំមក​នូវ​មោទនភាព​ជាតិ ដែលជា​ច្រក​ការទូត​កាន់តែ​ទូលំទូលាយ​សម្រាប់​កម្ពុជា​។ នាំមក​នូវ​ការអភិវឌ្ឍ​ប្រទេស​ក្នុង​យន្តការ​អាស៊ាន សម្រាប់​ការពង្រីក​ដៃគូ​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​ការវិនិយោគ​របស់​កម្ពុ​ជា​ទៅក្នុង​តំបន់​និង​ពិភពលោក​។ មួយវិញទៀត តាមរយៈ​យន្តការ​អាស៊ាន​នេះ​ក៏​ជា​ខែល​សន្តិសុខ​ការពារ​សំខាន់​ដល់​កម្ពុជា​ផងដែរ​»​។​

លោក​ប គិ​ន ភា បន្ថែមថា មរតក​នយោបាយ​សំខាន់​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អង្គការ​អាស៊ាន​គឺ​ការនាំមក​នូវ​ដំណើរ​សមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​តំបន់ និង​ពិភពលោក ដែល​ផ្លាស់​ស្ថានភាព​កម្ពុជា​ដែល​ធ្លាប់​ត្រូវបាន​គេ​ផាត់​ចោល​ឲ្យ​នៅឯ​កា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ទៅជា​ប្រទេសមួយ​ដែលមាន​ឋានៈ​ស្មើមុខស្មើមាត់​ជាមួយ​កិច្ចការ​តំបន់​និង​អន្តរជាតិ​។ លោក​សង្កត់ធ្ងន់ថា អន្តរជាតិ​ចាប់ផ្តើម​ស្គាល់​កម្ពុជា​ក្នុង​កេរ្តិ៍ឈ្មោះ​ល្អ កម្ពុជា​បាន​ចូល​រូ​ម​ចំណែក​ក្នុង​កិច្ចការ​តំបន់​និង​ពិភពលោក ខុសពី​គេ​ធ្លាប់​ស្គាល់​កម្ពុជា​ជា​វាលពិឃាត ដោយ​ចម្ការមីន ដោយ​ភាពអត់ឃ្លាន និង​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​៕