ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មហាសន្និបាត​អន្តរសភា​អាស៊ាន ​(​អាយប៉ា​/AIPA) លើក​ទី ​៤៣ រយៈពេល​ជិត​ ១ ​សប្តាហ៍ នៅ​ចុងខែ​វិច្ឆិកា​នេះ ដែល​នឹងមាន​ការចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ព្រមទាំង​ប្រទេស​ជា​អ្នកសង្កេតការណ៍ និង​អង្គការ​ដៃគូ​ជាច្រើន​។

ការចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​នានា​នេះ ដើម្បី​ប្រមូលផ្តុំ​សំឡេង​ពលរដ្ឋ​សហគមន៍​អាស៊ាន​ជំរុញ​ឱ្យបាន​គោលដៅ និង​ចក្ខុវិស័យ​តែមួយ​របស់​អាស៊ាន និង​ជាការ​ផ្តល់យោបល់​បន្ថែម​ដល់​អង្គ​នីតិប្រតិបត្តិ​អាស៊ាន​ក្នុង​ការបោះ​ជំហាន​ទៅមុខ​រួមគ្នា​។ តាមរយៈ​សេចក្តី​ប្រកាស​កាល​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២២ ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា​បាន​ឱ្យដឹងថា កម្ពុជា​នឹង​រៀបចំ​មហាសន្និបាត​អន្តរសភា​អាស៊ាន​លើក​ទី​ ៤៣ នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ២០-២៥ វិច្ឆិកា ឆ្នាំ​ ២០២២ ក្រោម​មូលបទ​ «​បោះជំហាន​ជាមួយ​គ្នា ដើម្បី​និរន្តរភាព បរិយាប័ន្ន និង​ភាព​ធន់​របស់​អាស៊ាន​»​។

មហាសន្និបាត​អន្តរសភា​អាស៊ាន​នេះ​នឹង​ដឹកនាំ​ដោយ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា និង​មាន​ការចូលរួម​ពី​សំណាក់​ឥស្សរជន​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ​ប្រទេស​សមាជិក​អាយប៉ា ព្រមទាំង​វត្តមាន​នៃ​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍ ភ្ញៀវ​ម្ចាស់ផ្ទះ និង​អង្គការ​ដៃគូ​នានា​ផងដែរ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា ពិធី​បើក​មហាសន្និបាត​អន្តរសភា អាស៊ាន លើក​ទី​ ៤៣ ជា​ផ្លូវការ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ២១ ​ខែវិច្ឆិកា ដោយ​មាន​ព្រះរាជសារ​ស្វាគមន៍​របស់​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​កម្ពុជា​។

ក្រៅពីនោះ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា រួមមាន​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​លោក​ ហេង សំរិន ​ដែល​ជា​ប្រធាន​មហាសន្និបាត​អន្តរសភា​អាស៊ាន​លើក​ទី​ ៤៣ នេះ​នឹង​ឡើង​ថ្លែង​សុន្ទរកថា​បើក​មហាសន្និបាត​។

លោក​ ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បាន​ឱ្យ​ដឹងថា មហាសន្និបាត​អន្តរសភា​អាស៊ាន​ហៅ​កាត់​ថា អាយប៉ា នេះ​មាន​សារៈសំខាន់​ណាស់ ដែល​ដើរតួ​ជា​អង្គនីតិប្បញ្ញត្តិ សម្រាប់​អង្គការ​អាស៊ាន ដែលជា​តួអង្គ​នីតិប្រតិបត្តិ​នៃ​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ព្រមទាំង​ដើម្បី​ផ្តល់​មតិយោបល់​បន្ថែម​ទៅដល់​អាស៊ាន ហើយ​អាយប៉ា​នេះ​ជា​ប្រពៃណី​ត្រូវ​រៀបចំ​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​ប្តូរ​វេន​តាម​យន្តការ​អាស៊ាន​ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ «​អាយប៉ា​នឹង​ជូន​ជា​មតិយោបល់​មួយ​ចំនួន​ទៅកាន់​អាស៊ាន​ ដើម្បី​ឱ្យ​អាស៊ាន​ចាប់អារម្មណ៍​លើ​បញ្ហា​មួយចំនួន​ ដែល​ខាង​អន្តរ​សភា​អាស៊ាន​យល់ថា មាន​សារៈសំខាន់​។ អាយប៉ា ​ក៏​នឹង​ពិភាក្សា​ពី​ដំណើរ​ឈានទៅ​មុខ​របស់​អាស៊ាន​ផងដែរ​»​។

បើតាម​អ្នក​នាំពាក្យ​រូបនេះ កិច្ចពិភាក្សា​នឹង​ផ្តោតលើ​បញ្ហា​លើក​តម្កើង​ស្ត្រី​, សភា​វ័យក្មេង​, លើក​តម្កើង​សន្តិភាព ស្ថិរភាព​ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន​, លើក​កម្ពស់​ពហុភាគី​និយម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​មាន​សំណើ​ឱ្យមាន​បណ្ណាល័យ​អេឡិចត្រូនិក​អាស៊ាន ​(E-Library ASEAN) ​ជាដើម​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ក្នុង​យន្តការ​កិច្ចសហប្រតិបត្តិការ​នូវ​ក្របខ័ណ្ឌ​អាស៊ាន​នេះ​មាន​ច្រើន​ទម្រង់​ហើយ​តួអង្គ​នីតិប្បញ្ញត្តិ​ក៏​ជា​ភាពចាំបាច់​​មួយ​ដែរ ដើម្បី​រួមគ្នា​ក្នុង​គោលការណ៍​ពហុភាគី​និយម​ក្នុង​ការជជែក​ពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា វា​ជា​វេទិកា​សំខាន់​មួយ សម្រាប់​ក្របខ័ណ្ឌ​ពហុភាគី​និយម ដើម្បី​អម​ជាមួយ​យន្តការ និង​វេទិកា​ផ្សេង​ទៀត​របស់​អាស៊ាន ដើម្បី​ឱ្យ​វា​ដើរ​ទាំង​ព្រម​គ្នា​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​។ ដោយឡែក​អាយប៉ា​នេះ ជា​ពហុភាគី​និយម​ផ្នែក​នីតិប្បញ្ញត្តិ ដែល​លើកឡើង​ពី​បញ្ហា​ប្រឈម​ពី​ដំណោះស្រាយ ជា​អនុសាសន៍ ដែល​ញ៉ាំង​ឱ្យ​កិច្ចសហប្រតិបត្តិការ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​»​។

សម្រាប់​មហាសន្និបាត​ជិត​ ១ ​សប្តាហ៍​នេះ​ក៏​នឹង​មាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ​អាយប៉ា​ ជាច្រើន​ដែរ ដែល​ប្រធាន​រដ្ឋសភា និង​សមាជិក​គណៈប្រតិភូ​ចូលរួម​ប្រជុំ​រួមមាន កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​កិច្ចប្រជុំ​ពេញអង្គ កិច្ចប្រជុំ​គណៈកម្មាធិការ​ស្ត្រី​ (WAIPA) កិច្ចប្រជុំ​សមាជិកសភា​អាយប៉ា​វ័យក្មេង កិច្ចប្រជុំ​គណៈកម្មាធិការ​នយោបាយ កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​កិច្ចប្រជុំ​គណៈកម្មាធិការ​សង្គមកិច្ច​។

អាយប៉ា ជា​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ ​រួមមាន ប្រ៊ុយណេដារូសាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ដែលជា​សំឡេង​ប្រមូលផ្តុំ​នៃ​ពលរដ្ឋ​សហគមន៍​អាស៊ាន​ ដែល​ជា​ដៃគូ​អាស៊ាន​ដើម្បី​ជំរុញ​ឱ្យបាន​សម្រេច​គោលដៅ និង​ចក្ខុវិស័យ​រួម​របស់​អាស៊ាន​៕