ភ្នំពេញៈ ​ក្រសួង​មុខងារ​សារ​ធារ​ណៈ បានធ្វើ​ការណែនាំ​ពី​បែបបទ នីតិវិធី នៃ​ការគ្រប់គ្រង បោះ​ពុ​ម្ភ ការកំណត់​សុពលភាព​និង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​ដែលជា​ទម្រង់​ប្រភេទ​ស្មា​ត​កាត ​(Smart Card) សម្រាប់​មន្ត្រីរាជការ​ប្រើ​ជា​បណ្ណ​សម្គាល់​ខ្លួន​ និង​សម្រាប់​ដក​ប្រាក់បៀវត្សរ៍ ដោយមាន​ធនាគារឯកជន​ជា​ដៃគូ​របស់​រដ្ឋ​រួមសហការ ក្នុងន័យ​ធ្វើ​ទំនើបកម្ម​ស្របតាម​ការវិវត្ត​ជឿនលឿន​នៃ​បច្ចេកវិទ្យា​។​

យោងតាម​សេចក្តីណែនាំ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​មុខងារ​សារ​ធា​រណៈ​នៅ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​ឲ្យ​ដឹងថា ក្រសួង​បានសម្រេច​ឱ្យមាន​ការរៀបចំ​បោះ​ពុ​ម្ពសាជាថ្មី​នូវ​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ​ស៊ីវិល ជា​លក្ខណៈ​ស្មា​ត​កាត ​(Smart Card) ដែល​អនុលោម​គោល​កាណ៍​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បានអនុញ្ញាត​កាលពី​ថ្ងៃទី​ ៥ ខែវិច្ឆិកា​។​

តាមរយៈ​សេចក្តីណែនាំ​នេះ ក្រសួង​មុខងារ​សារ​ធារ​ណៈ​បាន​គូសបញ្ជាក់ថា​៖ ប្រភេទ​ស្មា​ត​កាត​ (Smart Card) ដែល​អាចឱ្យ​មន្ត្រីរាជការ​ប្រើប្រាស់​ជា​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន និង​ជា​បណ្ណដក​ប្រាក់​បៀវត្សរ៍​តាម​ធនាគារ ព្រមទាំង​អាច​ប្រើប្រាស់​វា​ជា​មធ្យោបាយ​សម្រាប់​មុខងារ​ចាំបាច់​ដទៃទៀត​។ ក្រសួង​មុខងារ​សា​ធារ​ណៈ​បាន​សហការ​ជាមួយ​ធនាគារ​អេ​ស៊ី​លីដា ធនាគារ​កាណាឌីយ៉ា ធនាគារ​វី​ង ដើម្បី​គ្រប់គ្រង បោះ​ពុ​ម្ព កំណត់​សុពលភាព និង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​អត្តញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល។​

អាស្រ័យ​នឹង​បញ្ហា​ស្នើសុំ​ប្រភេទ​បណ្ណ​សម្គាល់​ខ្លួន​ថ្មី​នេះ ក្រសួង​មុខងារ​សា​ធារ​ណៈ តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ​ត្រូវ​រៀបចំ​សំណើសុំ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​នេះ មកកាន់​ក្រសួង​ដោយ​ភ្ជាប់​ជាមួយ​នូវ​ទិន្នន័យ​ចាំបាច់​រួមមាន ចំនួន​អង្គភាព ចំនួន​មន្ត្រី បញ្ជីឈ្មោះ​មន្ត្រី និង​ព័ត៌មាន​ចាំបាច់​នានា​ទៀត ដែល​ក្រសួង និង​ស្ថាប័ន​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រសួង​មុខងារសាធារណៈ​។​

ជុំវិញ​បញ្ហា​នេះដែរ លោក ​ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ (TIC) ថ្លែងថា យន្តការ​នៃ​ការធ្វើ​ទំនើបកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នេះ ជា​យន្ត​ការល្អ​មួយ ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​ទៅតាម​អេ​ឡិច​ត្រូ​និ​ក​ដែល​ចៀសវាង​ការប្រាស្រ័យ​រវាង​បុគ្គល​ និង​បុគ្គល ដែល​អាចជួយ​កាត់បន្ថយ​ការកេងប្រវ័ញ្ច អំពើពុករលួយ និង​ស៊ីសំណូកសូកប៉ាន់​នានា ក្នុង​កិច្ច​ការទូទាត់​ប្រាក់បៀវត្ស​រ៍នៃ​ជួរ​មន្ត្រីរាជការ​ស៊ីវិល​នេះ​ផង​។​

លោក​ ប៉ិច ពិសី ដែលមាន​ជំនាញ​ផ្នែក​សេវាសាធារណៈ​រូបនេះ លើកឡើងថា​៖ «​យើង​គួរ​ជំរុញ​យន្តការ​បច្ចេកវិទ្យា​នេះ​ឲ្យ​កាន់តែច្រើន​ថែមទៀត ទៅលើ​ផ្នែក​សេវាសាធារណៈ​នានា​ទៀត ដែល​យើង​នៅ​បណ្តា​ប្រទេស​ផ្សេងៗ គេ​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ E-Governance ហ្នឹង​ជាការ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​សា​ធា​រណៈ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​»​។​

លោក​ ប៉ិច ពិសី ថ្លែង​ដោយ​លើកទឹកចិត្ត​ឱ្យ​អ្នកពាក់ព័ន្ធ​សម្រួល​បច្ចេកវិទ្យា​បណ្ណ​សម្គាល់​ខ្លួន​ថ្មី​នេះ ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​ម​ន្ត្រី​ដែលមាន​វ័យ​ចំណាស់ ឬ​មន្ត្រី​ដែលមាន​ពិការភាព​ជាដើម​។​

លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា យន្តការ​ថ្មី​នេះ គឺជា​សមាហរណកម្ម​បច្ចេកវិទ្យា​ទៅនឹង​គោលនយោបាយ​រដ្ឋាភិបាល ​ដើម្បី​បង្កើន​ភាពងាយស្រួល​បន្ថែ​ម​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល ព្រោះ​នៅពេល​បច្ចុប្បន្ន​មន្ត្រីរាជការ​ស៊ីវិល​ភាគច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ATM ដើម្បី​បើកប្រាក់​បៀវត្ស​រ៍ស្រាប់​ទៅហើយ ដែលមាន​បទពិសោធន៍​ប្រមាណ​ជាង​ ១០ ឆ្នាំ​។

លោក​ថា ការបន្ថែម​មុខងារ​សម្គាល់​ខ្លួន​និង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​នេះ នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន​និង​បង្ក​បរិយាកាស​ងាយស្រួល​ដល់​មន្ត្រីរាជកា​រ​ស៊ីវិល​។​

លោក ​យង់ ពៅ ថ្លែងថា​៖ «​វា​ជាការ​គាំទ្រ​ក្នុង​កំណែទម្រង់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​មន្ត្រីរាជការ ព្រោះ​ការគ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​មាន​ភាពទូលំទូលាយ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់ និង​អាច​ជំរុញ​និន្នាការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុងប្រទេស​ផង​»​។​

លោក មា​ជ សុវណ្ណារ៉ា នាយក​បេសកកម្ម​ក្រៅប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​គោលនយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ថ្លែង​ដោយ​គាំទ្រ​ចំពោះ​ការធ្វើ​ទំនើបកម្ម​លើ​ផ្នែក​បច្ចេកវិទ្យា​នៃ​យន្តការរដ្ឋបាល​សាធា​រណៈ​នេះ ដោយសារ​ជា​កំណែទម្រង់​ឱ្យស្រប​សម័យកាល ដែល​កម្ពុជា​កំពុង​លូតលាស់​លើ​វិស័យ​បច្ចេកវិទ្យា ជាពិសេស​យុវជន និង​ក្មេងជំនាន់ក្រោយ​។

លោក​ថា សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​ដែលមាន​វ័យ​ចំណាស់ និង​អ្នក​មានចំណេះ​ខ្វះខាត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ លោក​ថា មិនមែនជា​បញ្ហា​ចោទ​ឡើ់យ ដែល​គេ​អាចជួយ​សម្រួល​ពួកគាត់​បាន​។​

លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា រដ្ឋាភិបាល​កម្ពុជា គួរ​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ឲ្យ​កាន់តែច្រើន​ក្នុង​វិស័យ​រដ្ឋបាល​ដោយ​បន្ថែម​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល ដូច​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​តួយ៉ាង​សិង្ហ​បុរី ដែល​គេ​បាន​អនុវត្ត​រួចរាល់​។

សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ការបោះ​ពុ​ម្ភ​បណ្ណ​ស្មា​ត​កាត​ថ្មី​នេះ ជាការ​ងារ​រួមសហការ​រវាង​ក្រសួង​មុខងារ​សា​ធា​រណៈ​ និង​ធនាគារឯកជន​ជា​ដៃគូរ​រួមមាន​អេ​ស៊ី​លី​ដា ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​វី​ង ដែល​ធ្វើឡើង​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​សន្ធានកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ​(API Integration) ដែល​ធនាគារ​ដៃគូ​ទាំងនេះ​ជា​អ្នករៀបចំ​បោះពុម្ព​បណ្ណ ដែល​ក្រសួង​ជា​អ្នកត្រួតពិនិត្យ​មុន​យកទៅ​ចែកចាយ​តាម​បណ្តា​អង្គភាព​។

ធនាគារ​ក៏មាន​ភារៈ​ក្នុងការ​ណែនាំ​ពី​របៀប​ដំណើរការ​បណ្ណ​ទាំងនេះ​ផង បើសិន​ក្នុងករណី​បណ្ណ​មិន​ដំណើរការ ម្ចាស់​ប​ណុ្ណ​ត្រូវ​ទាក់ទង​ដោ​យផ្ទាល់​ទៅកាន់​ធនាគារ​។​

​បណ្ណសម្គាល់ខ្លួន​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​ក្នុង​ទម្រង់​ស្មា​ត​កាត​នេះ មាន​សុពលភាព​រយៈពេល ១០ ​ឆ្នាំ ហើយ​បើសិន ក្នុងករណី​បណ្ណ​ខូច បាត់បង់​ដោយ​ប្រការ​ណាមួយ ឬ​ចង់​ផ្លាស់ប្តូរ​ទិន្នន័យ​ព័ត៌មាន​ផ្ទាល់ខ្លួន សាមីខ្លួន​ត្រូវ​ស្នើសុំ​បោះពុម្ព​ឡើងវិញ​តាមរយៈ​សាមី​អង្គភាព​ខ្លួន​។​

សូម​រំឭកថា​ កាលពី​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២២ ក្រសួង​មុខងារសាធារណៈ​ធ្លាប់បាន​ប្រកាស​ពី​គម្រោង​ត្រៀម​នឹង​ប្តូរ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ប្រភេទ​ចាស់​ដោយ​ជំនួស​មកវិញ​ដោយ​បណ្ណ​ឆ្លាត​វៃ ដែលមាន​មុខងារ​ដូច​បណ្ណ ATM និង​មុខងារ​ឆ្លាត​វៃ​ផ្សេងៗ​ទៀត ដើម្បី​ស្របតាម​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​៕