ភ្នំពេញៈ ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ធ្វើការ​សម្របសម្រួល​តាម​ច្រក​ការទូត​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​កសិកម្ម​កម្ពុជា​ម្នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​សហរដ្ឋអាមេរិក ក្រោម​បទចោទប្រកាន់​ថា បាន​សមគំនិត​ក្នុង​ការរត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋអាមេរិក​។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា​៖ «​ចំពោះ​ករណី​មន្ត្រី​របស់​យើង​ត្រូវ​ឃាត់ខ្លួន​នៅ​ញូវយ៉ក ខ្ញុំ​សូមជម្រាប​ថា ក្រសួង​ការបរទេស និង​ស្ថានទូត​កម្ពុជា​នៅ​វ៉ាស៊ីនតោន និង​ញូវយ៉ក​កំពុង​ធ្វើការ​សម្រប​សម្រួល​តាម​ច្រក​ការទូត និង​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ និង ស្វែងរក​យុត្តិធម៌​ជូន មន្ត្រី​របស់​យើង ដែល​ត្រូវបាន​ឃាត់ខ្លួន ក្នុង​ពេល​កំពុង​បំពេញ​បេសកកម្ម​ផ្លូវការ​»​។

លោក​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ក៏​កំពុង​ស្វះស្វែង​ ដើម្បី​បាន​ចូលជួប​មន្ត្រី​កម្ពុជា​ដែល​បាន​ឃាត់ខ្លួន​នេះ ហើយក៏​កំពុង​រក​មេធាវី​ការពារ​ក្តី​នេះ​ផងដែរ​។

តាម​ការប្រកាស​ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា លើ​គេហទំព័រ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ រួមទាំង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ម្នាក់ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ការរត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋអាមេរិក​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម​នាយប់​ថ្ងៃទី ​១៧ ខែវិច្ឆិកា​បាន​បញ្ជាក់ថា លោក គ្រី ម៉ះផល ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល​លោក​កំពុង​រង់ចាំ​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ CITES (​សាយ​តេស​) នៅ​ប្រទេស​ប៉ាណាម៉ា​។

ក្រោយ​ ១ ​ថ្ងៃ​នៃ​ការឃាត់ខ្លួន​នេះ ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​សម្ដែង​ការហួសចិត្ត​ចំពោះ​ការឃាត់ខ្លួន​លោក គ្រី ម៉ះផល និង​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​របស់ខ្លួន​៕