​ភ្នំពេញៈ គណៈកម្មការ​អន្តរ​រដ្ឋា​ភិ​បាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស ​(​អាយ​ឆា​) បាន​ប្តេជ្ញា​លើកកម្ពស់​និង​ការពារ​សិទ្ធិ សេរី​ភាពជា​មូលដ្ឋាន​របស់​មនុស្ស ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ជួប​សន្ទនា​គ្នា​ចំនួន ៤ ​លើក​រួចមក​។​

​កាលពី​ថ្ងៃទី​ ១៩ វិច្ឆិកា ឆ្នាំ​ ២០២២ អាយ​ឆា បាន​បន្ត​ការសន្ទនា​គ្នា​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​អាស៊ាន​ជា​លើក​ទី​៤ នៅ​ខេត្តសៀមរាប ខណៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២២ ដោយ​សហការ​ជាមួយ​ក្រសួង​ការ​​បរទេស​ឥណ្ឌូនេស៊ី​ ដែលជា​រដ្ឋ​នឹងត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ ២០២៣ នៅ​ចំ​ខួប​លើក​ទី​១០ នៃ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ (AHRD) និង​សេចក្តីថ្លែងការណ៍​ភ្នំពេញ​ស្តីពី​ការអនុម័ត​សេចក្តីប្រកាស​អាស៊ាន កាលពី​ឆ្នាំ ​២០១២​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ពី​អាយ​ឆា ពាក់ព័ន្ធ​វេទិកា​កិច្ចសន្ទនា​សិទ្ធិមនុស្ស​អាស៊ាន​លើក​ទី​៤ នេះ មានការ​ចូលរួម​​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំង​ ១០ និង​ពី​សំណាក់​ស្ថាប័ន​សិទ្ធិមនុស្ស​នានា​ក្នុង​តំបន់ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ និង​ការចែករំលែក​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​បទពិសោធន៍​គ្នា​ជុំវិញ​កិច្ច​ការលើក​​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​សម្រាប់​បណ្តារ​ដ្ឋ​ជា​សមាជិក​។

​ក្នុងនោះដែរ តំណាង​អាយ​ឆា បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ជុំវិញ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ព្រមទាំង​សេរី​ភាពជា​មូលដ្ឋាន សម្រាប់​បណ្តា​រដ្ឋ​ជា​សមាជិក​។ រដ្ឋ​ជា​សមាជិក​អាយ​ឆាយល់ថា ការ​​លើកកម្ពស់ និង​ការការពារ​សិទ្ធិ​មនុស្ស ​គឺមាន​សារៈសំខាន់​ខ្លាំង នៅ​ចំពោះ​មុខការ​ប្រឈម​បញ្ហា​នានា ក្នុងស្ថានភាព​នយោបាយ​ក្នុងស្រុក និង​ពិភពលោក​បច្ចុប្បន្ន​។​

​ជាមួយគ្នានេះ លោក Sidharto Reza Suryodipuro អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ អាស៊ាន និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន របស់​ក្រសួង​ការ​​បរទេស​ឥណ្ឌូនេស៊ី បាន​ថ្លែង​សុន្ទរកថា​សង្កត់ធ្ងន់​ក្នុងជំនួប​សន្ទនា​នោះ​ថា​៖ «​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​កាន់តែ​មាន​សារៈសំខាន់​ជាង​ពេលមុន ក្នុងការ​ដោះស្រាយ​បញ្ហា​នាពេល​បច្ចុប្បន្ន ​ខណៈ​តំបន់​អាស៊ាន​កំពុង​ប្រឈម ដូចជា​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ដែលជា​លទ្ធផល​នៃ​ជំងឺ​រា​ត្បា​ត វិបត្តិ​ស្បៀងអាហារ​ និង​ថាមពល និង​ការផ្លាស់ប្តូរ​ទិដ្ឋភាព​នយោបាយ​ក្នុងស្រុក និង​ក្នុង​តំបន់​»​។​

​គួរ​បញ្ជាក់ថា កិច្ចសន្ទនា​សិទ្ធិ​​មនុស្ស​អាស៊ាន​លើក​ទី​៤ នេះ​បាន​លើកយក​ប្រធានបទ​ពាក់​​ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស មួយចំនួន រួមមាន សេរីភាព​ខាង​សាសនា​ និង​ជំនឿ សេរីភាព​សារព័ត៌មាន​ និង​ការបញ្ចេញមតិ សិទ្ធិ​ពលករ​​ចំណាកស្រុក សិទ្ធិ​ស្ត្រី​រួមទាំង​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​នយោបាយ និង​ការព្យាបាល​អ្នក​​ទោស​ស្ត្រី ការការពារ​ពលកម្ម​ដោយ​បង្ខំ សិទ្ធិ​កុមារ ការជួញដូរ​មនុស្ស សិ​ទិ្ធ​ជន​មាន​ពិការភាព គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (SDGs)​ ធុរកិច្ច និង​សិទ្ធិមនុស្ស វិធានការ​ក្នុងការ​ដោះស្រាយ​កូ​វីដ ​១៩ ការលុបបំបាត់​ភាពក្រីក្រ ទោស​ប្រហារជីវិត ការអប់រំ​សិ​ទិ្ធ​មនុស្ស សិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​បម្រែបម្រួល​អាកាសធាតុ​។​

​ជាមួយគ្នានេះដែរ លោក​ ជិន​ ម៉ា​លីន ជា​តំណាង​រង​កម្ពុជា នៅ​អាយ​ឆា​បានដឹងថា គោលដៅ​នៃ​ការបង្កើត​យន្តការ​អាយ​ឆា និង​កិច្ចសន្ទនា​សិទ្ធិមនុស្ស​អាស៊ាន​នេះ ដើម្បី​ជា​វេទិកា​ជជែក​ពិភាក្សា​ផ្លាស់​​ប្តូរ​បទពិសោធន៍ លើ​ការអនុវត្ត​ច្បាប់ និង​ការលើកកម្ពស់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ក្នុង​បណ្តា​ចំណោម​រដ្ឋ​ជា​សមាជិក​។

​លោក​ ជិន ម៉ា​លីន មាន​ប្រសា​​សន៍​ថា​៖ «​យន្ត​ការដែល​ធ្វើ​រួមគ្នា​ភាគច្រើន​ក្នុង​តំបន់​តាមរយៈ​អាយ​ឆា​នេះ គឺ​ការបង្កើន​កិច្ច​​សហប្រតិបត្តិការ ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ផ្សព្វផ្សាយ​បទ​ប្បញ្ញត្តិ ច្បាប់​ជាតិ និង​អន្តរ​ជាតិ ពាក់ព័ន្ធ​សិទ្ធិមនុស្ស ការ​​បណ្តុះបណ្តាល​ធនធានមនុស្ស ពាក់ព័ន្ធ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​ដល់​គ្រប់ភាគី ពាក់ព័ន្ធ សាធារណជន រដ្ឋាភិបាល និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ដើម្បី​យល់​ពី​តួនាទី​ខ្លួន​ត្រឹមត្រូវ តាម​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ​ទៅលើ​សិទ្ធិមនុស្ស​»​។​

​លោក ​អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ សាទរ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ដែល​សហគមន៍​អាស៊ាន​លើក​យកមក​ពិភាក្សា​តាមរយៈ​យន្តការ​អាយ​​ឆា​នេះ​។ ប៉ុន្តែ​លោក​ថា តាមរយៈ​យន្តការ​អាយ​ឆា​នេះ​បាន​ចូលរួមចំណែក​តិចតួច​ខ្លាំងណាស់​លើ​ការកែលម្អ​បញ្ហា​សិទ្ធិមនុស្ស​របស់​សហគម​ន៍​អាស៊ាន​ ដែល​កំពុង​ «​រង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​» ដែល​មិនទាន់​អាច​ជំរុញ​ឱ្យ​តំបន់​អាស៊ាន​មាន​ស្តង់ដា​អន្តរជាតិ​ជាក់លាក់​លើ​ការគោរព​សិទ្ធិ​​មនុស្ស​ឡើយ ដែល​លោក​ចង់ឃើញ​អាយ​ឆា​មាន​គោលការណ៍​ច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ​។​

​លោក​ អំ សំអាត លើកឡើង​ពី​ចំណុច​ដែលនាំឱ្យ​អាយ​ឆា​រាំង​-​ស្ទះ​ដល់​ការអនុវត្ត​បទ​ប្បញ្ញត្តិ ដែល​ខ្លួន​ពាក់ព័ន្ធ​ក្នុង​ការលើក​​កម្ពស់​សិទ្ធិមនុស្ស​ដូច្នេះ​ថា​៖ «​ដោយសារ​អាស៊ាន គេ​ផ្តោត​សំខាន់​លើ​គោលការណ៍​កុង​​សង់​ស៊ី​ស ទាល់តែ​ ១០ ប្រទេស​មូលមតិ​គ្នា​អនុម័ត អ៊ីចឹង​ហើយ​មាន​ឆ្នាំ​ណា​នោះ សេចក្តី​ថ្លែង​​ការណ៍​អាយ​ឆា​ក៏​ចេញ​អត់​រួច​ដែរ​។ ក្នុង​តំបន់​អាស៊ាន​យើង មាន​ប្រទេស​ខ្លះ​ប្រកាន់​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ ខ្លះ​កុម្មុយនីស្ត​ជាដើម ហើយ​ការជំរុញ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ក្នុងប្រទេស​នីមួយៗ​ហ្នឹង​ក៏​ខុសគ្នា​ដែរ នេះ​ជា​បញ្ហា​ចោទ​»​។​

​ចំណែក​លោក ​សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​​សិទ្ធិមនុស្ស​អាដហុក​បាន​លើកឡើងថា បណ្តា​រដ្ឋ​ជា​សមាជិក​អាយ​ឆា ហាក់​មិនបាន​បំពេញ​តួនាទី និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅលើ​កតិកាសញ្ញា អនុសញ្ញា​នៃ​លិ​ខិ​តូ​បក​រណ៍​នានា​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​រដ្ឋ​ខ្លួន​បានផ្តល់​សច្ចាប័ន​នោះឡើយ​។

លោក​ប្រាប់ថា​៖ «​ជា​អ្នកធ្វើការ​សិទ្ធិមនុស្ស​នេះ យើង​ចង់ឃើញ​រដ្ឋាភិបាល និង​គណៈកម្មការ​សិទ្ធិ​​មនុស្ស​អាស៊ាន មានការ​ត្រួត​​ពិនិត្យមើល​ឡើងវិញ​អំពី​ការទទួល​​យក និង​ការផ្តល់​សច្ចាប័ន​នានា ប្រសិនបើ​មិនទាន់​មានការ​អនុ​​វត្ត​ល្អប្រសើរ​នៅឡើយ​ទេ គួរ​មាន​វិធានការ​ជំរុញ​យ៉ាងណា​ឱ្យ​សមា​​ជិ​ក​ទាំង​អស់ហ្នឹង​ខិតខំ​កែលម្អ​ និង​អនុវត្ត​ឱ្យ​ប្រសើរ​ឡើងវិញ ឱ្យស្រប​តាម​គោលដៅ​ដែល​ខ្លួន​ផ្តល់​សច្ចាប័ន​នោះ​»​។​

​សូម​រំឭកថា អាយ​ឆា បានធ្វើ​ជំនួប​សន្ទនា​ស្តីអំពី​សិទ្ធិមនុស្ស​អាស៊ាន​ចំនួន​ ៤​ លើក​រួចហើយ ក្នុងនោះ លើក​ទី​១ នៅ​ឆ្នាំ​ ២០១៣ លើក​ទី​២ នៅ​ឆ្នាំ​ ២០១៤ លើក​ទី​៣ នៅ​ឆ្នាំ​២០២១ និង​លើក​ទី​៤ នៅ​ឆ្នាំ​ ២០២២ ​នេះ ស្របពេល​កម្ពុជា​ជា​ប្រធាន​អា​​ស៊ាន​ឆ្នាំ ​២០២២ មុនពេល​ប្រគល់​ភារកិច្ច​ទៅដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែលជា​ម្ចាស់ផ្ទះ​ប្រធាន​អា​​ស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២៣៕