ភ្នំពេញៈ ក្រសួង​ការបរទេស​អូស្ត្រាលី​ប្រកាស​ពីការ​តែង​តាំង​ឯក​អគ្គរាជ​ទូត​អូស្ត្រាលីថ្មី​ គឺ​លោក Justin Whyatt ​ជំនួស​លោក Pablo Kang ​ ដែល​ត្រូវ​បញ្ច​ប់​បេសក​កម្មកា​រងារ​នៅ​កម្ពុជា​។

លោក​ស្រី Penny Wong រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលីថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​កាល​ពីថ្ងៃទី​ ២០ ខែ​វិច្ឆិកាថា៖ «ថ្ងៃនេះ​ខ្ញុំ​សូម​ប្រកាស​ពីការ​តែង​តាំង​លោក Justin Whyatt ជា​ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា។​ កម្ពុជា​ជា​ដៃគូ​ដ៏សំខាន់​ក្នុង​តំបន់​ជាមួយ​អូស្ត្រាលី និង​ជា​សមាជិក​ដ៏​មានតម្លៃ​របស់​អាស៊ាន​។ ឆ្នាំ​នេះ​ គឺជា​ខួប​លើក​ទី​៧០ នៃទំ​នាក់​ទំនង​ការទូត​រវាង​ប្រជា​ជាតិ​យើង​ទាំង ​២​»។

លោក​ស្រីថ្លែង​ថា ទំនាក់​ទំនង​រវាង​អូស្ត្រា​លី និង​កម្ពុ​ជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ដ៏រឹ​ងមាំ ការ​អប់រំ និង​កិច្ចស​ហប្រតិបត្តិ​ការ​លើ​បញ្ហា​សំខាន់ៗ​ជា​យុទ្ធ​សាស្ត្រ រួមទាំ​ង​ឧក្រិដ្ឋកម្មឆ្លង​ដែន និង​ការ​ស្តារ​ឡើង​វិញ​បន្ទាប់​ពីជំងឺ​កូវីដ​ ១៩។

លោក Whyatt បច្ចុប្បន្ន​គឺជា​មន្ត្រីជាន់​ខ្ពស់​នៅ​ក្រសួង​ការប​រទេស និង​ពាណិជ្ជ​កម្ម​អូស្ត្រាលី​ ហើយថ្មីៗ​នេះ​លោក​ធ្លាប់​ជាឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ទទួល​បន្ទុក​កិច្ចការ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ា​ស៊ី​ហ្វិក និង​ដែន​សមុទ្រ​ក្នុង​តំបន់។​ លោក​ក៏​ធ្លាប់​បម្រើ​ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក និង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​ផងដែរ។

លោក​ស្រី Wong បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ Kang​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ផល​ប្រយោជន៍​របស់​អូស្ត្រាលី​នៅកម្ពុជា​ចាប់​តាំង​ពីឆ្នាំ​ ២០១៩។

ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋ​មន្ត្រីអូ​ស្ត្រាលី លោក​ Anthony Albanese កាលពី​ថ្ងៃទី១២​ ខែវិច្ឆិកា ​Albanese ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅរាជ​ធានី​ភ្នំពេញ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ស្នើដ​ល់អូស្ត្រាលី​ឱ្យ​បន្ត​ផ្តល់​ជំនួយ​លើការ​បោស​សម្អាត​មីន ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោល​ដៅ «កម្ពុជា​គ្មាន​មីន ត្រឹម​ឆ្នាំ ២​០២៥​»។

ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អូស្ត្រាលី​ក្នុង​ការរួម​ចំណែក​ដល់កា​រក​សាង​សន្តិ​ភាព ​និង​ការ​បន្តផ្ត​ល់ជំ​នួយដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​នៅក​ម្ពុជា ​តាមរ​យៈកា​រផ្ដល់​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​លើវិ​ស័យ​ផ្សេងៗ រួ​ម​មាន អប់រំ កសិកម្ម ហេដ្ឋារ​ចនាស​ម្ព័ន្ធ ការ​បោស​សម្អាត​មីន និង​សុខា​ភិបាល។​

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះ​ផ្លាស់​ប្ដូរ​ឯក​អគ្គរាជ​ទូតថ្មី​ក៏ដោយ ក៏អូស្ត្រា​លីជា​ធម្មតា​នៅតែ​រក្សា​នូវ​គោល​ជំហរ​នៃគោល​នយោ​បាយ​ការ​បទេស​របស់​ខ្លួន​។ លោក​ Kang ក៏បាន​ធ្វើកិច្ច​ការ​បាន​ប្រសើរ​ផង​ដែរ ​ក្នុង​អាណត្តិ​របស់​លោក ហើយ​លោក Whyatt ក៏​នឹង​បន្ត​បេសកកម្ម​បន្ត​ទៀត​។

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ចង់​ឃើញ​ពីការ​ប្រសើរ​ពី​ឯក​អគ្គរាជ​ទូត​ថ្មី​នេះ​ដែរ ទន្ទឹ​ម​នឹង​កិច្ចសហការ​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​ផ្សេងៗ ការ​ជំរុញ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​អីផ្សេងៗ​ ក៏យើង​ចង់​ឃើញ​ការរួម​ចំណែក ការ​គិត​គូរ ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ទៅលើការ​លើក​ស្ទួយ​ប្រជាធិប​តេយ្យ បញ្ហាសិ​ទ្ធិមនុស្ស ក៏ដូច​ជាអភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ក្រោម​ជំនួយ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី ដែល​បាន​ជួយ​មក​ដល់ប្រទេស​កម្ពុជា​»។

លោក​ ថុង ម៉េង​ដាវិត អ្នក​សិក្សាស្រាវ​ជ្រាវ​នៅម​ជ្ឈម​ណ្ឌល-មេ​គង្គ ស​ម្រាប់​ការ​សិក្សាយុ​ទ្ធសាស្ត្រ​នៃវិទ្យា​ស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែង​ថា អូស្រ្តា​លីគឺជា​ដៃគូ​អភិវឌ្ឍដ៏សំខាន់​មួយ​សម្រា​ប់ក​ម្ពុជា​ ហើយ​អំឡុ​ងអា​ណត្តិ​លោក Pablo Kang ទំនាក់​ទំនង​កម្ពុជា និ​ងអូស្ត្រាលី​ក៏បាន​រីកច​ម្រើន​គួ​រឱ្យកត់​សម្គា​ល់ ​ជាពិ​សេសជំ​នួយហិ​រញ្ញ​ប្បទាន និង​វ៉ាក់សាំង​កូវីដ ១៩ ដល់​កម្ពុជា និង​ជំនួយ​ហិរញ្ញប្បទាន​ដល់កា​រអភិវឌ្ឍ​ន៍ធ​នធាម​នុស្ស ​កិច្ច​សហប្រ​តិប​ត្តិកា​រកា​រពា​រឧក្រិ​ដ្ឋកម្ម​ឆ្លងដែ​ន ការ​ពារ​បរិ​ស្ថាន ជំនួយ​បច្ចេក​ទេសយោ​ធា ​និង​ការ​កសា​ងសម​ត្ថភាព​យោធា​ជាដើម​។

លោក​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា​៖ «លោ​ក Justin Whyatt ​ជាអ្នក​ការ​ទូតចា​ស់វ​ស្សា ​និងទ​ទួលប​ន្ទុក​កិ​ច្ចការ​ងារ​ឥណ្ឌូប៉ា​ស៊ីហ្វិក​ ហើ​យលោ​កពិត​ជាយល់​ច្បាស់​ និងមា​នប​ទពិសោ​ធន៍​ច្រើន​អំពីកម្ពុ​ជាក្នុ​ងកា​រជំរុញ​កា​រវិនិយោ​គ ជំនួ​យប​ច្ចេក​ទេស​នានា ​និងកា​រប​ង្កើនទំ​នុក​ចិត្ត​គ្នារវា​ងរ​ដ្ឋាភិ​បាល​ទាំង​ ២ ជា​ពិសេ​សទៅ​លើប​ញ្ហាមូ​លដ្ឋាន​កង​ទ័ព​ស​មុទ្រ​រាម​»៕