ភ្នំពេញៈ ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ខួប​ ៣០ ​ឆ្នាំ​ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​ ២២ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​តាម​ខេត្ត​ជាប់​នឹង​ព្រំប្រទល់​កម្ពុជា​-​ថៃ រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ជាមួយ​នឹង​ភាគី​ថៃ ក្នុង​ការបោសសម្អាត​គ្រាប់មីន​ឱ្យអស់ មុននឹង​គិតពី​បញ្ហា​បន្ទាត់​ព្រំដែន​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ថយចុះ​យ៉ាងខ្លាំង​ពី​ចំនួន​ ៤ ៣២០ ​នាក់ ក្នុង​ឆ្នាំ​ ១៩៩៦ មក​នៅក្រោម​ចំនួន​ ១០០​ នាក់ ក្នុង​ ១​ ឆ្នាំ​ជា​មធ្យម​រយៈពេល ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ថៃ លោក​ ប្រាយុធ ចានអូចា ​បាន​ឯកភាពគ្នា​លើ​ការដោះមីន​នៅតាម​ព្រំដែន​នេះ​រួចហើយ ដោយ​ត្រូវ​ដោះមីន​នៅ​កន្លែង​ណា​ដែលមាន​មីន​ដោយ​មិន​គិតពី​បញ្ហា​ព្រំដែន​នោះទេ ដោយ​បញ្ហា​កំណត់​ខ្សែបន្ទាត់​ព្រំដែន​អាច​ធ្វើការ​កំណត់​នៅពេល​ក្រោយ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា ពីមុន​កម្ពុជា​ធ្លាប់​បានស្នើ​ដូចនេះ​ទៅខាង​ភាគី​ថៃ ហើយ​ខាង​ភាគី​ថៃ​មិនទាន់​បាន​ឆ្លើយ ប៉ុន្តែ​លើក​នេះ លោក ប្រាយុធ ចាន់អូចា បាន​លើកឡើង​នៅពេល​ពិភាក្សា​ការងារ​ជាមួយ​នឹង​លោក ហ៊ុន សែន ក្នុងពេល​លោក​ចូលរួម​​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​ ៤០ និង​ ៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​កាលពី​ដើម​ខែវិច្ឆិកា​កន្លងទៅ​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​លោក ប្រាយុធ ចាន់-អូចា ​បាន​និយាយថា ឥឡូវ​ផ្ទៃដី​ជាង​ ៤០ ​គីឡូម៉ែត្រ​ការ៉េ ដែលមាន​មីន​ ឬ​សង្ស័យថា​មាន​មីន ដូចនេះ​យើង​ត្រូវ​ធ្វើការ​ដោះមីន​ចេញ​ឱ្យ​អស់​សិន ទើប​ធ្វើការ​កំណត់​ព្រំដែន​ជា​ក្រោយ​»​។

ជាមួយ​គ្នា​នោះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ​ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​បាន​ធ្វើការ​ដោះមីន​នៅតាម​ព្រំដែន​​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​អស់ហើយ ប៉ុន្តែ​សម្រាប់​ប្រទេស​ថៃ ដែល​តាម​ការបញ្ជាក់​របស់​លោក​ ប្រាយុ​ធ ចាន់អូចា នៅមាន​ប្រមាណ​ជាង​ ៤០ ​គីឡូម៉ែត្រ​ការ៉េ​ទៀត​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​យើង​អាច​សហការ​គ្នា​ក្នុង​ការដោះមីន ដោយ​ខាង​ភាគី​ថៃ​អាច​ដោះ​នៅត្រឹម​ណា ឬក៏​ខាង​ភាគី​ថៃ​អាច​ដោះមីន​នៅ​ខាង​គាត់​ផង និង​ខាង​ទឹកដី​ខ្មែរ​យើង​ផង ហើយ​ខាង​ខ្មែរ​យើង​អាច​ដោះ​ខាងយើង​ផង និង​ខាង​ថៃ​ផង ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​»​។

នាឱកាស​នៃ​ពិធី​បិទ​ខួប​ ៣០ ​ឆ្នាំ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ថវិកា​ក្នុង​ការជួយ​ដល់​ការដោះមីន នេះ​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា កម្ពុជា​នៅមាន​តម្រូវការ​ពី​ការជួយ​ពី​មិត្តភក្តិ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​ខ្លួនឯង​ក៏ត្រូវ​ខំប្រឹង​ជាមួយនឹង​ការដាក់ចេញ​នូវ​គោលដៅ​ស្តីពី​បញ្ហា​រំហូរ​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្មភាព​ដោះមីន​។

មកដល់​ពេលនេះ​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ប្រមាណ​ជាង​ ១៨​ លាន​ដុល្លារ​អាមេរិក​នោះ​ថវិកា​ប្រមាណ ១០ ​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​សម្រាប់​បោសសម្អាត​មីន​នៅតាម​តំបន់​គោលដៅ​ហើយ​ថវិកា​ដែល​នៅសល់​មាន​ប្រមាណ​ជា ៨ ​លាន​ដុល្លារ​ទៀត​។

លោក ហ៊ុន សែន ក៏​នៅតែ​បន្ត​អំពាវនាវ​ដល់​សប្បុរសជន​ដែលជា​អ្នកមាន​លទ្ធភាព​របស់​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ខ្លួនឯង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​នៅពេល​ដែល​ស្ថានភាព​កូវីដ​មានការ​ធូរស្រាល អាច​នឹងមាន​ការកាត់បន្ថយ​លើ​ការចំណាយ​នេះ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការប៉ះពាល់​។​ ដូចនេះ​យើង​អាចមាន​រំហូរ​សម្រាប់​សកម្មភាព​មីន​ដែល​មិនត្រូវ​ឱ្យ​ខ្វះ​នោះទេ ព្រោះ​យើង​ត្រូវ​ធ្វើ​ការងារ​នេះ ដើម្បី​ធានាថា​នៅ​ឆ្នាំ ​២០២៥ កម្ពុជា​នឹង​គ្មាន​គ្រាប់មីន​ទៀត​នោះទេ​»​។

«​បើ​គ្មាន​ការប្តេជ្ញាចិត្ត គ្មាន​ការតាំង​ចិត្ត នោះ​យើង​នឹង​មិនអាច​ដោះមីន​អស់​បាន​ពី​ទឹកដី​កម្ពុជា​នោះទេ​។ បើ​យើង​បញ្ចប់​បាន​បញ្ហា​មីន​នៅ​កម្ពុជា វា​ជា​រឿង​មួយ​ដែលជា​កុសល​ផលបុណ្យ​របស់​យើង ដែល​ប្រទេស​មួយ​នេះ​រងគ្រោះ​ច្រើនពេក​ហើយ​។ សង្គ្រាម​បាន​ចប់ ប៉ុន្តែ​មីន​មិនទាន់​ចប់ ហើយ​ខ្ញុំ​បាន​លើក​បញ្ហា​មីន​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​ផងដែរ​»​។

អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន លោក លី ធុជ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ជាការ​ពិត ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ១៩៧៩ មក​។

លោក​ថា ឆ្នាំ​ ១៩៩២ ការបោសសម្អាត​មីន​មនុស្សធម៌​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម ដោយ​មាន​កម្មវិធី​សកម្មភាព​មីន​ពេញលេញ ដែល​ក្នុង​រយៈពេល​ជាង ៣០ ​ឆ្នាំនេះ កម្ពុជា​បាន​រកឃើញ និង​បំផ្លាញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់លាន​គ្រាប់ និង​បានប្រែក្លាយ «​ដីមីន​» ទៅជា «​ដីមាស​»​។

លោក លី ធុជ បាន​ថ្លែងថា​៖ «​ដូច​យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា សកម្មភាព​មីន​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​បច្ចេកទេស​នោះទេ តែ​ជា​សកម្មភាព​ដែល​កើតចេញ​ពី​បេះដូង​។ ការប្តេជ្ញាចិត្ត និង​ការលះបង់​របស់​អ្នកបម្រើ​ការងារ​សកម្មភាព​មីន​ផ្តើម​ចេញពី​ក្តីមេត្តា និង​អាណិតអាសូរ​របស់​ខ្លួន​ទៅកាន់​ប្រជាជន ដែល​ជីវិត និង​ជីវភាព​របស់​ពួកគាត់​កំពុង​ទទួល​ការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

សូម​បញ្ជាក់​ដែរថា ក្នុង​ឆ្នាំ ២០២៣ ខាង​មុខនេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​អាជ្ញាធរ​មីន​រៀបចំ «​សន្និសីទ​សកល​ស្តីពី​ជំនួយ​ដល់​ជនរងគ្រោះ​» នៅ​កម្ពុជា​ដែល​នឹងមាន​ប្រទេស​ប្រមាណ​ ៣៦ ចូលរួម​។

ចំណុច​នេះ លោក ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​មាន​ពេល​ប្រមាណ ៣ ​ឆ្នាំ​ទៀត ដើម្បី​បន្ត​ការ​បោសសម្អាត​មីន​សំដៅ​ឈាន​ដល់​ការសម្រេច​បាន​គោលដៅ​ចុងក្រោយ គឺ​កម្ពុជា​មិនមាន​មីន​ប្រឆាំង​មនុស្ស​ចាប់ពី​ឆ្នាំ​ ២០២៥ ជាមួយ​នឹង​ការគំរាម​ដោយ​សំណល់​ជាតិ​ផ្ទុះ​នឹង​ត្រូវបាន​កាត់បន្ថយ​ឱ្យដល់​កម្រិត​អប្បបរមា​។

រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឈាន​ទៅដល់​ការប្រកាស​ខេត្ត រាជធានី​ចំនួន​ ៥ ជា​ខេត្ត រាជធានី​ដែល​គ្មាន​មីន រួមមាន ខេត្ត​ស្ទឹងត្រែង កែប ព្រៃវែង រាជធានី​ភ្នំពេញ និង​ព្រះសីហនុ ក្នុង​នោះ ភូមិ​ចំនួន ១ ៧០៥ ត្រូវ​បាន​ប្រកាស​ជា​ភូមិ​អស់​មីន​ផងដែរ​៕