ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រំពឹងថា ការជួប​ចរចា​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស ចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក​នៅ​ទឹកដី​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន ខណៈ​ភាគី​ទាំង ​២ ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​ (ADMM+) លើក​ទី​៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប​។

ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​ថ្ងៃទី​ ២១ ខែវិច្ឆិកា លោក​ ហ៊ុន សែន បង្ហើប​ពី​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe និង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក Lloyd Austin នា​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ (ADMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​(AD-MM+) លើក​ទី​៩ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១-២៣ វិច្ឆិកា នៅ​ខេត្តសៀមរាប​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​និយាយ​ផងដែរ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បើសិន​គ្មាន​អ្វី​ប្រែប្រួល​ទេនោះ ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​សហរដ្ឋ​អាមេរិក នឹង​មាន​ជំនួប​នៅ​ខេត្តសៀមរាប​»​។

លោក​ ហ៊ុន សែន បង្ហាញ​ក្តី​រំពឹង​ថា ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​រវាង​ប្រមុខ​ការពារជាតិ​អាមេរិក និង​ចិន​នៅ​ទឹកដី​កម្ពុជា​នាពេលនេះ ជា​ឱកាស​ដែល​កម្ពុជា​ដើរតួនាទី​ជា​ទី​សម្របសម្រួល​នៃ​មហា​អំណាច​ទាំង​ ២ ដែល​លោក​បង្ហាញ​ក្តី​សង្ឃឹមថា ចិន​-​អាមេរិក​នឹង​រួមគ្នា សហការ​ឱ្យ​បានល្អ​ដើម្បី​នាំមក​នូវ​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​ ហ៊ុន សែន បញ្ជាក់​ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ខួប​ ៣០ ​ឆ្នាំ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នា​ថ្ងៃទី​ ២២ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​ថា​៖ «​ទឹកដី​អង្គរ​ក្លាយ​ទៅ​ជា​ទីកន្លែង​នៃ​ការសន្ទនា ប្រកប​ដោយ​ការស្ថាបនា​។ អ៊ីចឹង គឺជា​ទីកន្លែង​ ១ ​ល្អ សម្រាប់​ជំនួប ហើយ​រដ្ឋមន្ត្រី​ការពារជាតិ​ច្រើន តាំងពី​អូស្ដ្រាលី តាំងពី​ជប៉ុន កូរ៉េខាងត្បូង និង​អ្នកដទៃ​ទៀត​អញ្ជើញ​មក​ចូលរួម​»​។

លោក Lloyd Austin និង​គណៈប្រតិភូ​មកដល់​ខេត្ត​សៀមរាប​នា​ល្ងាច​ថ្ងៃទី​ ២១ វិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​ ៩​ ។ ចំណែក លោក Wei Fenghe និង​គណៈប្រតិភូ​បាន​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ខែវិច្ឆិកា ដើម្បី​បំពេញ​ទស្សនកិច្ច​ផង និង​ចូលរួម​កិច្ចប្រជុំ​នៃ​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ស្តីពី​បញ្ហា សន្តិសុខ នៅ​ខេត្តសៀមរាប​ផង​។

ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បញ្ជាក់​ថា លោក​Austin និង​លោក Wei ក្នុងជំនួប​នា​ថ្ងៃទី​ ២២ វិច្ឆិកា បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ការពារជាតិ​រវាង​សហរដ្ឋអាមេរិក និង​ចិន ព្រមទាំង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក​។ លោក Austin បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុងការ​គ្រប់គ្រង​ការប្រកួត​ប្រជែង​ប្រកបដោយ​ការទទួល​ខុសត្រូវ និង​រក្សា​ទំនាក់ទំនង​បើកចំហ​។

ការិយាល័យ​អ្នកនាំពាក្យ​បញ្ជាក់ នា​ថ្ងៃទី​ ២២ វិច្ឆិកា ថា​៖ «​លោក​រដ្ឋមន្ត្រី​ Austin ​ក៏បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​កិច្ចសន្ទនា​សំខាន់ៗ​ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធសាស្ត្រ ការកែលម្អ​វិបត្តិ​នៃ​ការទំនាក់​ទំនង និង​ការលើក​កម្ពស់​សុវត្ថិភាព​ប្រតិបត្តិការ​»​។ លោក​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​អាកប្បកិរិយា​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​បង្ហាញ ដោយ​យន្តហោះកងទ័ពរំដោះប្រជាជន​ (PLA) នៅ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ដែរថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ហោះហើរ​ធ្វើ​ចរាចរ នាវា និង​ប្រតិបត្តិការ​នៅ​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។

ប្រភព​ដដែល​បន្តថា លោក Austin បាន​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន ហើយ​បានបញ្ជាក់​ពី​វិធី​ដែល​ទាំង​សហរដ្ឋអាមេរិក និង​ចិន ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ឬ​ការគំរាមកំហែង​ក្នុង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។ លោក Austin ក៏បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការបង្ក​ហេតុ​ថ្មីៗ​ពី​កូរ៉េ​ខាងជើង និង​បាន​អំពាវនាវ​ឱ្យ​ចិន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តីពី​កម្មវិធី​អាវុធ ខុសច្បាប់​របស់​កូរ៉េខាងជើង​។

លោក Austin រំឭកថា សហរដ្ឋ​អាមេរិក នៅតែ​ប្តេជ្ញា​ចំពោះ​គោលនយោបាយ​ចិន​តែ​ ១​ ដ៏យូរអង្វែង​។ លោក​បញ្ជាក់​ជាថ្មី​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​លោក​អំពាវនាវ​ឱ្យ​ចិន​ចៀសវាង​ពី​សកម្មភាព​បង្កអស្ថិរភាព​បន្ថែមទៀត​ចំពោះ​តៃវ៉ាន់​។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន លោក​ Tan Kefei ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ជំនួប​ថា ជំនួប​នេះ​ជា​វិធានការ​ជាក់ស្តែង​ ១ ​ដើម្បី​អនុវត្ត​នូវ​អ្វីដែល​បាន​ឯកភាព​គ្នា​ដ៏សំខាន់​រវាង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping និង​ប្រធានាធិបតី​ US ​លោក ​Joe Biden​។​ លោក​ថា ជំនួប​នេះ​សំខាន់​ណាស់​ដើម្បី​នាំមក​វិញ​នូវ​ទំនាក់ទំនង​ចិន​-​អាមេរិក ដើម្បី​នាំ​ទៅរក​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​ក្នុងជំនួប​នោះ ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា យោធា​ទាំង​ ២ ​គួរតែ​អនុវត្ត​កុងសង់ស៊ីស​ដ៏សំខាន់​រវាង​ប្រមុខរដ្ឋ​ទាំង​ ២​ ហើយ​រក្សា​ការបើក​ទំនាក់ទំនង​ដោះស្រាយ​ការខ្វែងគំនិត​ឱ្យបាន​ត្រឹមត្រូវ ពង្រឹង​ការគ្រប់គ្រង​វិបត្តិ ដើម្បី​រក្សា​ទំនាក់ទំនង​យោធា​រវាង​យោធា​ឱ្យមាន​ស្ថិរភាព​»​។

លោក​ Kefei ថា​៖ «​ភាគី​ទាំង​ ២ គួរតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក ការរួមរស់​ដោយ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ដើម្បី​រួមគ្នា​ធានា​បាន​ថា ទំនាក់ទំនង​ចិន​-​អាមេរិក​អាច​បន្ត​ឆ្ពោះទៅរក​ទិសដៅ​ត្រឹមត្រូវ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា ក្នុង​ឱកាស​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន កម្ពុជា​អាច​បង្កលក្ខណៈ​ដោយ​ផ្តល់​ជា​បរិយាកាស​អំណោយផល ជា​វេទិកា​សម្រាប់​ប្រទេស​មហាអំណាច​មក​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក​ទៅលើ​បញ្ហា​សន្តិសុខ និង​ការភាន់​ច្រឡំ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក សារ​មួយចំនួន​ចេញពី​ក្រុង​វ៉ាស៊ីនតោន​ទៅ​ប៉េកាំង ឬ​ពី​ប៉េកាំង [​ទៅ​] វ៉ាស៊ីនតោន គឺ​ប្រព្រឹត្ត​ទៅ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​យល់ថា ការណ៍​នេះ​ជា​ឱកាស​ល្អ ដើម្បីឱ្យ​មហាអំណាច​ទាំង​ ២ ​បាន​ជជែក​ទល់មុខ​គ្នា ជាពិសេស​លើកឡើង​ពី​បញ្ហា​កង្វល់​រៀងៗ​ខ្លួន​របស់​ពួកគេ​ជុំវិញ​បញ្ហា​សន្តិសុខ និង​បញ្ហា​ពាក់ព័ន្ធ​នានា​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ដែល​ប្រទេស​ទាំង​ ២ កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនោះ​»​។

សេចក្តីប្រកាស​ពី​សេតវិមាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែវិច្ឆិកា បញ្ជាក់ថា ក្រសួង​ការពារជាតិ​អាមេរិក​គ្រោង​វិនិយោគ​ថវិកា​ប្រមាណ ​១០ ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដល់​តំបន់​អាស៊ាន ក្នុង​គោលដៅ​គាំទ្រ​ដល់​មេដឹកនាំ​វិស័យ​ការពារជាតិ​ជំនាន់​ថ្មី​។ គម្រោង​នេះ នឹង​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ផ្នែក​ថ្នាក់​ភាសា​អង់គ្លេស រួម​នឹង​វគ្គ​សិក្សា​ផ្តោតលើ​ច្បាប់​អន្តរជាតិ ផែនការ​យុទ្ធសាស្ត្រ​ការពារជាតិ និង​ថវិកា​ការពារ​ជាតិ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​វគ្គ​សិក្សា​ស្តីពី​ការបែងចែក​ធនធាន​។

លោក​ សេង វណ្ណលី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​លើកឡើង​ថា ជំនួប​រវាង​មេ​យោធា​ទាំង​ ២ នឹង​មិនមាន​លក្ខណៈ​តឹងសរសៃក​ដាក់​គ្នា​ទៀតឡើយ​។ លោក​សង្កត់ធ្ងន់ថា ការប្រណាំង​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​បណ្តា​ប្រទេស​មហាអំណាច ជាពិសេស​សហរដ្ឋ​អាមេរិក និង​ចិន ដែល​មិន​មាន​ការ​ថមថយ បាន​បង្ក​ជា​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​សម្រាប់​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ាន ដែល​ញ៉ាំងឱ្យ​ភាគី​អាស៊ាន​ធ្វើការ​សម្របសម្រួល​ចំពោះ​ការប្រឈមមុខ​ដាក់គ្នា​នៃ​ប្រទេស​មហាអំណាច​ទាំងនោះ ដើម្បី​ក្របខ័ណ្ឌ​សន្តិសុខ​តំបន់ និង ដើម្បី​កុំឱ្យ​រាំងស្ទះ​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​។

លោក​ ថុង ម៉េង ដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​គឺជា​ជំនួប​ជា​ប្រវត្តិសាស្ត្រ​ ១ ​សម្រាប់​កម្ពុជា​ក៏ដូចជា​អាស៊ាន ដែល​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​មហាអំណាច​ទាំង​ ២​ បាន​ជួបពិភាក្សា​ទល់មុខ​គ្នា​ទាក់ទង​ទៅនឹង​បញ្ហា​ក្នុង​តំបន់ និង​សកល​។ ទំនាក់​ទំនង​ចិន និង​សហរដ្ឋអាមេរិក គឺជា​ទំនាក់ទំនង​ប្រកួត​ប្រជែង​បែប​យុទ្ធសាស្ត្រ ដែល​មហាអំណាច​ទាំង​ ២ បាននិង​កំពុង​ព្យាយាម​ជំរុញ និង​បង្កើន​ទំនុកចិត្ត​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​។

លោក​ថា រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​សហរដ្ឋអាមេរិក​ក៏បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ក្នុង​កិច្ចប្រជុំ Shangri La Dialogue កាលពី​ខែមិថុនា នៅឯ​សិង្ហបុរី​កន្លងមកនេះ ហើយ​ថ្នាក់ដឹកនាំ​នៃ​មហាអំណាច​ទាំង​ ២ ក៏បាន​ជួបពិភាក្សា​ការងារ​ទល់មុខ​គ្នា​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០ (G20) នៅ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី ​១៤ វិច្ឆិកា ដែល​ក្នុងជំនួប​នោះ ថ្នាក់ដឹកនាំ​នៃ​មហាអំណាច​ទាំង​ ២ បាន​ជជែក និង​ដាក់ចេញ​នូវ​ចំណុច «​ខ្សែបន្ទាត់​ក្រហម​» ​រវាង​ប្រទេស​ទាំង​ ២ ដើម្បី​បញ្ចៀស​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ឱ្យ​ក្លាយ​ទៅជា​ការប៉ះទង្គិច​ណាមួយ​។

លោក​ ម៉េងដាវិត បាន​បញ្ជាក់ថា​៖ «​ដូចនេះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​មហាអំណាច​ទាំង​ ២ នឹង​ផ្តោតលើ​ការជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​យោធា និង​ជំនួយ​បច្ចេកទេស ការកសាង​សមត្ថភាព​ជាមួយ​នឹង​បណ្តា​សមាជិក​អាស៊ាន​។ បន្ថែម​ពីនេះ​បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​នុយក្លែអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​មីយ៉ាន់ម៉ា សមុទ្រ​ចិន​ខាងត្បូង និង​សន្តិសុខ​បច្ចេកវិទ្យា​នឹង​ក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុង​កិច្ចប្រជុំ ADMM និង​ ADDM+​នេះ​»៕