The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​គ្រូ​ភាសា​អង់​គ្លេស​ពិកា​រភ្នែក​ រៀប​រាប់ពីឧប​សគ្គ​មុន​ពេល​ក្លាយ​ជា​អ្នក​បង្ហាត់​ជនពិការ​ភ្នែក​ដូចគ្នា

អ្នក​គ្រូ​ភាសា​អង់​គ្លេស​ពិកា​រភ្នែក​ រៀប​រាប់ពីឧប​សគ្គ​មុន​ពេល​ក្លាយ​ជា​អ្នក​បង្ហាត់​ជនពិការ​ភ្នែក​ដូចគ្នា

Content image - Phnom Penh Post
អ្នកគ្រូភាសាអង់គ្លេស កញ្ញា ទ្រី រតនី ពេលទទួលសញ្ញាបត្រពីលោក ហ៊ុន ម៉ាណែត កន្លងមក។ រូបថត Ratany Try page

អ្នក​គ្រូ​ភាសា​អង់​គ្លេស​ពិកា​រភ្នែក​ រៀប​រាប់ពីឧប​សគ្គ​មុន​ពេល​ក្លាយ​ជា​អ្នក​បង្ហាត់​ជនពិការ​ភ្នែក​ដូចគ្នា

កំពង់ចាមៈ កាល​វ័យ​ទើបតែ​៣​ឆ្នាំ​ កុមារី​ ទ្រី ​រត​នី​ បាន​ជួប​ប្រទះ​បញ្ហា​ងងឹត​ភ្នែក​ទាំង​គូ​ដែល​ធ្វើឱ្យ​នាងមើ​ល​អ្វី​លែង​ឃើញ​ដោយសារជំងឺ​ក​ញ្ជ្រឹលដ៏​គួរឱ្យ​សង្វេគ​បំផុត​។​ ចាប់​ពី​ពេល​នោះ​មក​ រត​នី​ នឹក​តូច​ចិត្ត​ជា​ពន់​ពេក​ព្រោះ​គិតថា​ ខ្លួន​នៅ​មិន​ទាន់​ដឹងក្តី​ និង​មិន​ទាន់​យល់​ដឹង​ការ​រាក់​ជ្រៅ​បាន​ប៉ុន្មាន​ផង​ក៏ត្រូវ​មក​ទទួល​រងសេចក្តី​ទុក្ខ​លំបាក​ពេញ​១ជីវិត​ទៅ​ហើយ​។​

ចាប់​កំណើត​ឡើង​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​ហើយ​ត្រូវ​រង​ទុក្ខ​វេទនា​ជីវិត ក្លាយ​ជា​ជន​ពិការ​ភ្នែក​បែប​នេះ ​កុមា​រី ទ្រី រត​នី​ តែង​តែ​គិតថា​ភ្នែក​ខ្លួន​ងងឹត​មើល​អ្វី​ពុំ​ឃើញ​ដូច្នេះ​តើ​ខ្លួន​អាច​នឹង​រៀនសូត្រ​បាន​ដោយ​របៀប​ណា​?​ ប៉ុន្តែ​ជីវិត​ដែល​ធ្លាប់តែ​អស់​សង្ឃឹម​រយៈ​ពេល​៧​ឆ្នាំ​មក​នោះ​បែរ​ត្រឡប់​មក​ជាមាន​សង្ឃឹម​ឡើង​វិញ​ ព្រោះ​ រត​នី​ ត្រូវបាន​អង្គការ​១យក​ទៅ​បង្ហាត់​បង្រៀន​រហូត​រៀន​ចប់​ថ្នាក់​ទី​១២​ ក្នុង​ក្រុង​កំពង់​ចាម​ ហើយ​នាង​បាន​តស៊ូ​រៀន​បន្ត​នៅ​សាកល​វិទ្យា​ល័យ​រហូត​ទទួល​បាន​បរិញ្ញា​បត្រ​អក្សរ​សាស្ត្រ​ភាសា​អង់​គ្លេស​ថែម​ទៀត​។​បច្ចុប្បន្ន​កញ្ញា​ ទ្រី​ រត​នី ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​កុមារ​ពិការ​ភ្នែក​នៅ​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​-​ខេត្តកំពង់​ចាម​ទៀត​ផង​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ពណ៌​ស​ស៊​ក​ក្នុង​សំពត់​ពណ៌​ខ្មៅ​ក្នុង​ដំណើរ​យឺតៗ​តម្រង់ទៅ​រក​តុ​អង្គុយ​ ហើយបើមើល​ទៅម្រាមដៃ​ទាំង ​១០ ​របស់​នាង​វិញ​ គឺ​កម្រើក​យ៉ាង​ញាប់​នៅ​ពីលើ​ស្នាម​កំពក​តូចៗ​ផុស​ចេញពី​ផ្ទៃ​ក្រដាស​បណ្តើរ​បញ្ចេញ​សំឡេង​យឺតៗ​បណ្តើរ​ ខណៈ​មាន​សិស្ស​ប្រុស​-ស្រី​ប្រមាណ​ជា​ ១០​ នាក់ កំពុង​បញ្ចេញ​កាយ​វិការ​ស្ទាប​លើ​ក្រដាស​ព្រមៗ​គ្នា​ផ្ទៀង​តាម​ប្រភព​សំឡេង​។

កញ្ញា​ ទ្រី រត​នី បាន​រៀប​រាប់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​ នាង​មាន​បងប្អូន​ប្រុស​-ស្រី​ចំនួន​ ៥ ​នាក់ ​(​ប្រុស ​២ ​នាក់​) ហើយ​នាងជា​កូន​ទី​៤​ ដែល​មាន​ឪពុក​ជា​កសិករ​ ម្តាយ​ជា​មេផ្ទះ​រស់នៅ​ភូមិ​កំពង់​ឫស្សី​លើ​ ឃុំ​កំពង់​រាប ស្រុក​កោះ​សូទិន​ ខេត្តកំពង់​ចាម​។ កាល​ណោះ​ដោយ​សារតែ​បងប្អូន​នាង​នៅ​តូចៗ​នៅ​ឡើយ​ ហើយ​ម្យ៉ាង​ម្តាយ​ជា​មេផ្ទះ​គឺមាន​តែ​ឪពុកម្នាក់គត់​​ជា​ជំហរ​និង​ជា​អ្នក​ដោះ​ស្រាយ​បន្ទុក​គ្រួសារ​ទាំង​ស្រុង​។ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​ជីវភាព​ក្នុង​គ្រួសារ​របស់​នាង​ជួប​ការ​លំបាក​ តែ​ជា​គុណ​បុណ្យកុសល​ណាស់​ខណៈ​ដែល​នាង​មាន​អាយុ​ ១០ ​ឆ្នាំ​ទៅហើយ ​តែ​គ្រួសារ​គ្មាន​លទ្ធភាព​បញ្ជូន​នាង​ទៅ​សា​លារៀន​ផង​នោះ ​ក៏​ស្រាប់​តែមាន​អង្គ​ការ​មួយ​ឈ្មោះថា​អង្គការ​គ្រួសារ​ថ្មីបានមក​ចុះឈ្មោះ​ដល់ផ្ទះ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៤ ​ហើយ​ក៏បាន​យក​នាង​ទៅ​រៀន​នៅក្នុង​សាលា​របស់​អង្គការ​ដែលមាន​ទីតាំង​នៅ​សង្កាត់​-​ក្រុង​កំពង់​ចាម​។​

​កញ្ញា​បាន​ពោល​ថា​៖ «ទោះ​ខ្ញុំ​ធ្លាក់ខ្លួន​ជា​ជនពិកា​រភ្នែក​ក៏ដោយ​ ក៏​ខ្ញុំ​នៅតែមាន​បំណង​ចង់​ចូលរៀន​នឹង​គេ​ដែរ​ ព្រោះ​ខ្ញុំ​ចង់​ចេះអក្សរ​ចង់ទៅ​សាលារៀន​ដូច​បងៗ​ខ្ញុំ​ដែរ​។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែលត្រូវបាន​អង្គកា​រគ្រួសារ​ថ្មី​យក​ខ្ញុំ​ទៅ​រៀន​ហើយ​ខ្ញុំ​ទទួល​បាន​ការ​ផ្គត់​ផ្គង់​អ្វីៗ​សព្វ​បែប​យ៉ាង​ពី​អង្គការ​»​។

​រត​នី បានរៀបរាប់ទៀតថា កាលណោះ​ខាង​សាលា​បាន​តម្រូវឱ្យ​នាង​ចូលរៀន​ថ្នាក់​ទី​១​ ទៅតាម​កម្មវិធី​របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​​។ ​ចំពោះ​ជនពិការ​គថ្លង់​ពួកគាត់​អាច​មើល​អក្សរ​បានតែ​ប្រើ​កាយវិការ​ជា​សញ្ញា​ជំនួស​ឱ្យ​ការនិយាយ​។​ ដោយឡែក​សម្រាប់​ជនពិការភ្នែក​ដូច​ពួកនាង​គឺ​ខាង​សាលា​បាន​បង្រៀន​ឱ្យ​ចេះស្ទាប​ដុំពក​តូចៗនៅលើ​ក្រដាស​ដែល​ដុំ​ពកទាំង​នោះ​ គឺជា​អក្សរ​សម្រាប់​ជនពិការ​ភ្នែក​។​ដំបូង​ឡើយ​គ្រូ​បាន​បង្ហាត់​បង្រៀន​យើង​ឱ្យ​ស្គាល់​ពី​ឧបករណ៍​ដែល​ត្រូវ​រៀន​សិន​ ដូចជា​ឧបករណ៍​ស្លេ​ត ​និង​ឧបករណ៍​ស្តាយ​ឡាស​ ហើយ​បន្ទាប់​ពី​យើង​យល់​ពី​ឧបករណ៍ទាំងអស់​នោះ​​ហើយទើប​គ្រូ​បង្រៀន​ឱ្យ​ចេះ​សរសេរ​អក្សរ​តាមរយៈការ​បង្រៀន​ស្ទាប​តែម្តង​។​ អក្សរ​ស្ទាប​នេះ​គេ​ឱ្យ​ឈ្មោះថា​អក្សរ​ប្រេ​ល​ដែល​ឧ​ប​មាថាអក្ស​រ «ក​» ១​ តួ​មាន​ចំណុច​ប៉ុន្មាន​ខ្លះ ​អក្សរ​ «ខ»​ មាន​ចំណុច​ប៉ុន្មាន​ខ្លះ​ហើយ​សិស្ស​ត្រូវ​ចងចាំ​នៅក្នុង​ខួរក្បាលឱ្យ​ច្បាស់​ ដើម្បី​ងាយ​ស្រួល​យើង​ចាក់​នៅក្នុង​ស្លេ​ត​ដែល​នៅក្នុង​ស្លេ​ត​នោះ​មាន​ប្រឡោះ​៦​កន្លែង ​ដែល​ក្នុង​ ១ ​តួ​អក្សរៗ​យើង​ត្រូវ​ចាក់​ចំណុច​ខុសៗ​គ្នា​។​

​កញ្ញា រត​នី បាន​បន្ត​ទៀត​ថា ​រូបនាង​ក៏ដូច​ជា​ក្មេងៗ​ជា​ជន​ពិការ​គ​ថ្លង់ និង​ពិការភ្នែក​ដទៃ​ទៀតដែរ​ គឺ​ត្រូវ​បាន​អង្គការ​គ្រួសារ​ថ្មី​ទទួល​ឱ្យ​ស្នាក់​នៅ​ហូប​ចុក​រៀនសូត្រ​នៅ​កន្លែង​អង្គការ​តែម្តង​​ ប៉ុន្តែ​ដំបូងៗ​សម្រាប់​នាង​ក៏ជួប​ការ​លំបាក​ខ្លះៗ​ដែរ​ដូចជា​មិន​អាច​ដើរទៅ​បន្ទប់​ទឹក ផ្ទះបាយ និង​ថ្នាក់​រៀន ដោយ​ខ្លួនឯង​បានឡើយ ​ត្រូវ​ពឹង​អ្នកគ្រូ​ឱ្យ​ជូនទៅ​ឬ​ត្រូវ​ពឹងពាក់​អ្នក​ដែល​ពិការ​គថ្លង់​ឱ្យ​ជូនទៅ​បន្ទប់​ទឹក​​ប៉ុន្តែ​ក្រោយពី​នាង​រស់នៅ​ក្នុង​អង្គការ​យូរ​ខែ​ទៅ​ទើប​នាង​ចំណាំបាន និង​អាច​ដើរ​ទៅ​ថ្នាក់​រៀន បន្ទប់ទឹក​ឬ​ផ្ទះ​បាយ​ដោយ​ខ្លួន​ឯង​បាន​រហូត​រៀន​ចប់​ថ្នាក់​ទី​១២​។

​កញ្ញា ​រត​នី បាន​បញ្ជាក់​ថា បន្ទាប់ពី​នាង​បាន​បញ្ចប់​ថ្នាក់​ទុតិយ​ភូមិ ​(​ទី​១២)​ នៅក្នុង​ឆ្នាំ ​២០១៥​ មក​នាង​ទទួល​បាន​អាហា​រូប​ករណ៍​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​គ្រប់​គ្រង​ និង​សេដ្ឋ​កិច្ច​ (University of Management and Economics) ​ដែល​មាន​ទីតាំង​នៅ​សង្កាត់​-​ក្រុង​កំពង់​ចា​ម ខេត្ត​កំពង់​ចាម​ ដោយ​ចាប់​យក​ជំនាញ​អក្សរ​សាស្ត្រ​ភាសា​អង់​គ្លេស​។ប៉ុន្តែ​នៅ​ថ្នាក់​សាកល​វិទ្យា​ល័យ​នេះ​នាង​ត្រូវ​ជួប​នឹង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ ព្រោះ​មានតែ​នាង​ម្នាក់​ប៉ុណ្ណោះ​ជា​និស្សិត​ពិការ​ភ្នែក​នៅក្នុង​ថ្នាក់​។​

ដូច្នេះ​ការបង្រៀន​គឺ​គ្រូ​បង្រៀន​ផ្តោត​​ទៅលើ​តែនិស្សិត​ភ្នែក​ភ្លឺ​ទេ​ ម្យ៉ាង​នាង​ងងឹត​ភ្នែក​តែ​ម្នាក់​ឯង​គេ​ទាំង​អស់​គ្នា​មិន​អាច​រៀន​កំដ​រយើង​តែ​ម្នាក់​បានទេ​។​សម្រាប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​នាង​ជួប​ប្រទះ​ផល​លំបាក​ច្រើន​សូម្បីតែ​នៅក្នុង​ថ្នាក់​រៀន​ក៏​លោកគ្រូ​គាត់​បង្រៀន​ទៅ​តាម​មនុស្ស​ភ្នែក​ភ្លឺ​ដែរ ព្រោះ​អី​គាត់​គ្មាន​ជំនាញ​បង្រៀន​ជន​ពិការ​ភ្នែក​ឡើយ​។​

​កញ្ជា រត​នី​ ប្រាប់​ថា​៖ «​ម្យ៉ាងទៀត​ដោយ​សារ​មានតែ​យើង​ម្នាក់​ ហេតុ​ដូច្នេះ​ទាល់តែ​យើង​ព្យា​យាម​តាម​គាត់​។​គ្រូ​សរសេរ​នៅ​លើ​ក្តារ​ខៀន​ ឬ​តាមរយៈ​ស្លាយ​ហើយ​រាល់​ការ​ពន្យល់​របស់​គាត់​គឺ​ពន្យល់​តាម​ការសរសេរ​លើ​ក្តា​រខៀន​។ ដូច្នេះ​ត្រឹមតែ​ស្តាប់​ដោយ​ត្រចៀក​តែ​ប៉ុ​ណ្ណឹ​ង​អត់​អាច​ចាប់​យក​បាន​ទាំង​អស់​ទេ​។​អ៊ីចឹង​ខ្ញុំ​ត្រូវការ​ឧបករណ៍​ជំនួយ​មួយ​ទៀត​គឺ​ថត​សំឡេង​ ហើយ​ពេល​មក​ដល់​ផ្ទះ​វិញ​ យើង​ចាក់​សំឡេង​ស្តាប់​ឡើង​វិញ​ សាចុះ​សាឡើង​ធ្វើបែប​នេះ​ទើប​យើង​អាច​រៀន​ទាន់​គេ​»​។

​បើ​តាម​ រត​នី ក្នុង​ការ​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​នេះ​នាង​ត្រូវ​ប្រើ​កុំ​ព្យូទ័​រ​យួរដៃ​ដើម្បី​ធ្វើ​កិច្ច​ការ​របស់​សាលា​​ប៉ុន្តែ​កុំ​ព្យូ​ទ័រ​របស់​នាង​ត្រូវ​បញ្ចូល​កម្មវិធី​សម្រាប់​ជន​ពិការភ្នែក​។​រាល់​កិច្ច​ការ​ប្រឡង​គ្រូ​ធ្វើ​នៅក្នុង​ថ្នាក់រៀន​តែ​គ្រូ​ក៏​ផ្តល់​អាទិ​ភាព​ឱ្យ​នាង​យក​ទៅ​ធ្វើ​នៅផ្ទះ​បាន​ដែរ​ ព្រោះ​គ្រូ​គិតថា​ នាង​ពិការ​ភ្នែក​ធ្វើការ​ងារ​យឺត​ជាង​គេ​។​

​ក៏ប៉ុន្តែ​បើ​ធ្វើ​កិច្ចការ​ជា​ក្រុម​វិញ​គឺ​ភាគ​ច្រើន​នាង​គ្រាន់តែ​ជួយផ្តល់​គំនិតយោបល់​ដល់​ក្រុម​ប៉ុណ្ណោះ ​រីឯ​ការរៀបចំ​ឯក​សារ​ពួក​គាត់​ដែល​ជា​ក្រុម​តែ១ជា​អ្នក​រៀប​ចំ​វិញ​។​នៅក្នុ​ងការ​សិក្សា​រ​យៈពេល​ ៤ ​ឆ្នាំ​ នាង​បាន​ជួប​ការខ្វះខាត​ខ្លាំង​ដោយ​សារ​ការ​ចំណាយ​ទៅលើ​កន្លែង​ស្នាក់នៅ​ ថ្លៃ​ហូប​ចុក​ ក៏ដូចជា​លុយ​សម្រាប់​ធ្វើដំណើរ​ទៅ​សា​លា​ គឺជា​បន្ទុក​របស់​ខ្លួន​ឯង​ទាំង​ស្រុង​​ ដោយ​នាង​ពឹង​តែ​លើ​ឪពុក​ម្តាយ​ជា​អ្នករ៉ា​ប់រង​ ខ​ណៈពេលដែល​​ពួក​គាត់​មាន​របរ​ត្រឹម​តែ​ធ្វើ​ស្រែ ​១ ​មុខ​ប៉ុណ្ណោះ​។​ ការ​ចំណាយ​នេះ​គ្រាន់​តែ​បង់ថ្លៃ​រដ្ឋបាល​ក្នុង​សាកល​វិទ្យា​ល័យ​អស់​ ២០០​ ដុល្លារ​​ ក្នុង​រយៈ​ពេល​ ៤ ​ឆ្នាំ​ ​តែត្រូវបាន​លោក​ប្រធាន​អាហា​រូប​ករណ៍​ជួយ​ចំណាយ​ឱ្យ​​។​

​កញ្ញា​ ទ្រី រត​នី​ បានត្អូញ​ត្អែ​រថា​៖ «​បើ​រដូវ​ណា​គាត់​ធ្វើស្រែ​បាន​ច្រើន​ទៅ​គាត់​ក៏​ផ្តល់ឱ្យ​យើង​តាម​ហ្នឹង​ដែរ ​តែបើ​គាត់​ធ្វើស្រែ​មិន​សូវ​បាន​ផល​ទេ​ ការ​ចំណាយ​របស់​យើង​ក៏ស្តួច​ទៅ​តាម​ហ្នឹង​ទៅ​។​សម្រាប់​លុយ​កាក់​គឺ​យើង​ចាយ​ត្បិត​ត្បៀត​មែន​ទែន​​ប៉ុន្តែ​ថ្លៃ​សិក្សា​ខ្ញុំ​ទទួល​បាន​អាហា​រូបករណ៍​ ១​០០% ពី​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បើ​ខ្ញុំ​ត្រូវ​បង់​ទាំង​ថ្លៃ​សិក្សា​ទៀត​ប្រហែល​ជា​ខ្ញុំ​គ្មាន​លទ្ធភាព​សិក្សា​ទេ​។ ​អ៊ីចឹង​ខ្ញុំ​ចំណាយតែ​ថ្លៃ​ស្នាក់នៅ​ហូប​ចុក ​និង​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​សាលា​ប៉ុណ្ណោះបើ​ចំណាយ​គ្រប់​ទាំង​អស់​ប្រហែល​ជា​ខ្ញុំ​គ្មាន​ថ្ងៃ​នេះ​ទេ​»​។​

​ទោះ​បីមាន​ការ​លំបាក​យ៉ាង​ណា ​ក៏នៅ​ទីបំផុត ​កញ្ញា ​ទ្រី រត​នី​ បាន​ទទួល​សញ្ញា​បត្រ​បរិ​ញ្ញាប​ត្រ​នៅ​ថ្ងៃទី ​២៨ ​កញ្ញា ​ឆ្នាំ​ ២០២២ ​ហើយ​នាង​អាច​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទាំង​ការ​សរសេរ​ទាំង​ការ​និយាយ​ជា​ផ្លូវ​ការ​។

ក្រោយ​ពី​បាន​បញ្ចប់​បរិញ្ញា​បត្រ​អក្សរ​សាស្ត្រ​អង់​គ្លេស​មក​ កញ្ញា​ រត​នី​ បាន​ក្លាយ​ជា​គ្រូ​ភាសា​អង់គ្លេស​ និង​បាន​បង្រៀន​ជន​ពិកា​រភ្នែក​នៅ​វិទ្យា​ល័យ​អប់រំ​ពិ​សេ​ស​ក្នុង​ក្រុង​កំពង់​ចាម​ ខេត្ត​កំពង់ចា​ម​។​ ចំពោះ​សិស្ស​ដែល​អ្នក​គ្រូ​ រត​នី​ ត្រូវ​បង្រៀន​សុទ្ធ​សឹង​តែ​ជាជន​ពិការ​ភ្នែក​ទាំង​អស់​ ព្រោះ​បើ​អ្នក​គ្រូទៅ​បង្រៀន​អ្នក​គ​ថ្លង់​ឬ​អ្នក​មាន​កាយ​សម្បទា​ល្អ​ក៏​កញ្ញា​មិន​អាច​ទៅ​បង្រៀន​បានដែរ​ ព្រោះ​កញ្ញា​មាន​ជំនាញ​ស្ទាប​អក្សរ​ រីឯ​មនុស្ស​គ​ថ្លង់​ត្រូវ​មើល​រូប​ភាព​ឬ​អាន​អក្សរ​ហើយ​ធ្វើ​ជា​សញ្ញា​។​

​កញ្ញា​ ទ្រី រត​នី​ ក៏បាន​ឱ្យដឹង​ដែរ​ថា​ សម្រាប់​ការប្តូរ​ពី​សិស្ស​មកជា​គ្រូ​ក៏កញ្ញា​ជួប​បញ្ហា​លំបាក​ខ្លះៗ​ដែរ​ ដោយ​សារតែ​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុងការ​បង្រៀន​​ប៉ុន្តែ​ការ​លំបាក​ទាំង​អស់​នេះ​វា​បាន​សម្រួល​មកវិញ​ដោយ​សារ​កញ្ញា​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​ដែល​ជា​ការចាត់​តាំងរ​បស់​សាលា​។​វិទ្យា​ល័យ​អប់រំ​ពិ​សេ​ស​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ ហើយការ​សិក្សា ​គឺ​ទទួល​យកតែ​ក្មេង​ពិការ​ភ្នែក និង​គថ្លង់​តែប៉ុ​ណ្ណោះ​។​

​ដោយ​ឡែក​ការប្រើ​ប្រាស់​សម្ភារ​ប្រចាំថ្ងៃ​ផ្សេងៗ​វិញ​ អ្នកគ្រូ​ភាសា​អង់​គ្លេស​រូបនេះ​ក៏អាច​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដូច​អ្នក​ភ្នែក​ភ្លឺ​បានដែរ​ព្រោះ​ក្នុង​ទូរស័ព្ទ​កញ្ញា​បាន​ដំឡើង​កម្មវិធី​សំឡេង​។​ រីឯ​មុខ​ងារ​កម្មវិធី​ផ្សេងៗ​ដែល​ប្រើ​នៅលើ​ទូរស័ព្ទ​ថាច់​ស្គ្រី​ន​ គឺ​នៅពេល​កញ្ញា​យក​ម្រាមដៃ​ចុច​លើ​កម្មវិធី​ណា​មួយ​វា​នឹង​បន្លឺ​ជា​សំឡេង​តែម្តង​។​ក្រៅពី​នេះ​កញ្ញា​អាច​ប្រើ​ប្រាស់​យូ​ធូប ​ហ្វេ​ស​ប៊ុក តេ​ឡេ​ក្រាម​បាន តែ​លុះត្រា​ដំឡើង​កម្មវិធី​សំឡេង​ជាមុន​ទើប​អាច​ប្រើប្រាស់បាន​៕

អត្ថបទគួរចាប់អារម្មណ៍