
យុវជនចូលរួមក្នុងការតាំងពិព័ណ៌នៅក្រុងសៀមរាប ពីថ្ងៃ ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបថត សហការី
សៀមរាបៈ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” នៅក្រុងសៀមរាប កាលពីថ្ងៃ ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានយុវជនប្រមាណជិត ២០០ នាក់ចូលរួម។ យោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា យុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។
លោក បូរ៉ាត ថ្លែងថា កម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ នាឱកាសនេះ គឺជាការអប់រំដល់យុវជនទាំងអស់ឱ្យបានយល់ច្បាស់ពីអ្វីដែលជាបដិវត្តន៍ឧស្សាហកម្មទី៤.០ និងយុគសម័យព័ត៌មាន ដែលពេញនិយមលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល ដោយកម្ពុជាកំពុងតែត្រូវការយុវជន មានបំណិនសិក្សា ជំនាញត្រិះរិះ ពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងបរិបទយុគសម័យទំនើបឌីជីថលផងដែរ»។
លោកបន្តថា៖ «ដើម្បីចូលរួមគាំទ្រក្របខ័ណ្ឌគោលនយោបាយនេះ យុវជនកម្ពុជាគប្បីមានបំណិនឌីជីថល បំណិននិវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ” និងរួមផ្សំជាមួយ “បំណិនប្រពៃណី” មួយចំនួនដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការរីកចម្រើនសង្គម»។
ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ លោក ម៉ិល ផនសីហា បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យយុវជនមានការច្នៃប្រឌិត និងចូលរួមចំណែកអភិវឌ្ឍវិស័យបរិស្ថានតាមបែបទំនើប ដើម្បីធ្វើឱ្យវិស័យបរិស្ថាននៅកម្ពុជាមានភាពរីកចម្រើនជឿនលឿនដូចបណ្ដាប្រទេសនានាលើសកលលោក។
លោកបន្តថា៖ «ជាការជំរុញយុវសិស្ស រួមទាំងលោកគ្រូ-អ្នកគ្រូឱ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន»។
រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម៕