ពោធិ៍សាត់ៈ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បានណែនាំ​ដល់​មេឃុំ ​និង​មេប៉ុស្ដិ៍ ​ឱ្យ​ជ្រើសរើស​មន្រ្តី​ សម្រាប់​បម្រើ​ការងារ​នៅតាម​ឃុំ ​ឬ​ប៉ុស្តិ៍​ជា​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​ភូមិ ​​ឬឃុំ​ដែល​ពួកគាត់​កំពុង​បម្រើការងារ​ផ្ទាល់ ​ដោយសារ​នៅ​ចុង​សប្ដាហ៍ ​ឬ​ថ្ងៃ​ឈប់​សម្រាក ​ប៉ុស្ដិ៍​បូលិស​ក្នុង​មូលដ្ឋាន​នោះ ​នឹង​មិនមាន​អ្នកធ្វើការ​ឡើយ ​ព្រោះ​មន្ត្រី​មូលដ្ឋាន​ទាំងអស់​នោះ​ត្រឡប់​ទៅលេង​ភូមិ​កំណើត​អស់។​

លោក​ថ្លែង​ដូចនេះ ​ក្នុង​ពិធីប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​ខេត្តពោធិ៍សាត់ ​កាល​ពី​ថ្ងៃទី ២១ ​ខែវិច្ឆិកា។ លោក​បញ្ជាក់ថា​៖«ពេល​ប្រឡង​សម្រាប់​ជ្រើសរើស​[មន្ត្រី]​ ឈ្មោះ​អ្នកប្រឡង​នោះ ​វា​មិនមែន​នៅ​ភូមិ​ហ្នឹង​ទេ...​ភូមិ​ស្ដៅ ​ភូមិអូរ​ហ្នឹង​ទេ...​វា​នៅ​ឯណា​ឯណី​នោះ​ ឬ​នៅ​ផ្សារ​ដើមថ្កូវ​ អី​ជាដើម។ ដល់​អ៊ីចឹង​មាន​ប៉ូលិស​ឯណា​នៅ​ធ្វើការ​នៅ​ហ្នឹង​ទៀត ​វា​មិន​នៅ​ខ្វះ​ដដែល»។​​

ទោះ​យ៉ាងណា ​លោក ​ស ខេង ​ក៏បាន​បញ្ជាក់​អំពី​នីតិវិធី ​នៃ​ការជ្រើសរើស ​ដោយ​មាន​ការធ្វើ​សម្ភាសន៍ ​ការណែនាំ ​ការធ្វើ​តេស្ដ​ទឹកនោម​ ក៏ដូចជា​នីតិវិធី​ផ្សេងៗ​ដែល​ច្បាប់​បាន​តម្រូវ។​

លោក​ថ្លែងថា​៖ «រើស​ហើយ​ធ្វើ​ម៉េច? ​ធ្វើការ​ណែនាំ​ត្រូវតែ​មាន​លិខិតស្នាម​ណែនាំ ​របៀបម៉េចៗ ​សម្ភាស​របៀបម៉េច.​..រួចហើយ​ត្រូវធ្វើ​តេស្ដ​ទឹកនោម​ដូច​ខ្ញុំ​ថា​អ៊ីចឹង ​ប៉ុន្ដែ​មិនមែន​ឱ្យទៅ​ធ្វើការ​ភ្លាម ​បានក្របខ័ណ្ឌ​ភ្លាម​ទេ ​ទៅ​រៀន​សិន។ នេះ​គឺជា​វិធានការ​ថ្មី ​ដើម្បី​ពង្រឹង​បរិមាណ​ក្រប​ខ័ណ្ឌ​ឱ្យបាន​គ្រប់ ​និង​មាន​គុណភាព»។

យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​មេឃុំ ​និង​មេប៉ុស្ដិ៍ ​ត្រូវ​ខិតខំ​ក្ដោបក្ដាប់​គោលការណ៍​នេះ​ឱ្យបាន​ជាប់ ​ប្រសិន​បើ​មន្ត្រី​បំពេញ​ការងារ​នៅ​មូលដ្ឋាន​ជាក្រុម​គ្រួសារ ​ឪពុក​ម្ដាយ ​សាច់ញាតិ​ នៅ​ក្នុង​ភូមិសាស្រ្ត​ជាមួយ​គ្នា​ស្រាប់​ ទើប​ធ្វើឱ្យ​ប៉ុស្ដិ៍​ប៉ូលិស​រឹងមាំ​ និង​អាច​ការពារ​សន្តិសុខ​នៅតាម​ភូមិ​ឃុំ​បានល្អ ​លើកលែង​តែ​បទល្មើល​ធំៗ​ប៉ុណ្ណោះ​ដែល​ពិបាក​ដោះស្រាយ។ ប៉ុន្តែ​សម្រាប់​បទល្មើល​កំប៉ិក​កំប៉ុក​នៅ​មូលដ្ឋាន ​ដូចជា ​ល្បែង​ស៊ីសង ​ចោរលួច ​និង​ចរាចរ​គ្រឿងញៀន​ជាដើម ​គឺ​វា​ងាយ​ស្រួល។

ដោយ​ឡែក ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​វិញ ​បានបង្ហាញ​ជំហរ​គាំទ្រ​ប្រសាសន៍​របស់​លោក​ ស ខេង ​ព្រោះ​វិធីសាស្រ្ត​នេះ ​អាចពង្រឹង​សុវត្ថិភាព​ភូមិ​ឃុំ​បានប្រសើរ​ជាងមុន ​ប្រសិនបើ​មាន​មន្ត្រី​ប្រចាំការ​នៅ​មូលដ្ឋាន​ជាប្រចាំ។

លោក​ ហេង ​គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ និងតស៊ូ​មតិ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) ​លើកឡើងថា​៖«ខ្ញុំ​មាន​ការពេញចិត្ត​នូវ​គោលបំណង​ដែល​មាន​ការជ្រើសរើស​អាជ្ញាធរ​មូលដ្ឋាន ​ដែល​អាចធ្វើ​ឱ្យ​ពួកគេ​បំពេញ​ការងារ​បានល្អ​ប្រសើរ​នៅ​មូលដ្ឋាន​របស់​ពួកគេ។ ជាពិសេស ​គឺ​អាច​អន្តរាគមន៍​បានទាន់​ពេល​វេលា​នៅពេល​ដែល​មាន​បញ្ហា​ពេល​យប់​ព្រលប់»។​

យ៉ាង​ណាក្ដី​ មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បានបង្ហាញ​ការព្រួយ​បារម្ភថា ​អាច​នឹង​បង្កឱ្យ​មាន​អំពើ​ពុករលួយ ​បក្ខពួក​និយម ​ឬក៏​ការជ្រើសរើស​មនុស្ស​ដែល​មិនមាន​សមត្ថភាព​ពិត​ប្រាកដ។ ចំណែក ​អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​នោះ ​អាច​នឹង​បាត់បង់​ឱកាស​ចូល​បម្រើ​ការងារ​មន្ត្រី​រាជការ។

លោក​គឹមហុង​ថា​៖«ជាអនុសាសន៍​សម្រាប់​ការជំរុញ​ឱ្យ​ការជ្រើសរើស​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ គឺ​ទី១ ​ការជ្រើសរើស​ប៉ូលិស​អី​ហ្នឹង​ ត្រូវតែ​មាន​ការប្រឡង​ដែល​មាន​គណៈ​មេប្រយោគ​មក​ពី​ថ្នាក់​ខេត្ត ​ឬក៏​មកពី​ក្រសួង​មហាផ្ទៃ ​ដើម្បី​ប្រឡង​ប្រកប​ដោយ​តម្លាភាព ​បន្ទាប់មក​មាន​ការធ្វើ​សម្ភាសន៍​អី​ជា​ដើម។ ទី២​ នោះ ​គឺ​ត្រូវតែ​មាន​សេចក្ដី​ណែនាំ ​ឬ​នីតិវិធី​បញ្ជាក់​ជាក់លាក់​ ដោយ​កំណត់​ ដើម្បី​ធានា​បានថា​ នឹង​មិន​មាន​អំពើ​ពុករលួយ ​ឬក៏​ទំនាស់​ផលប្រយោជន៍ ​ធ្វើ​ម៉េច​កុំឱ្យ​មាន​ការជ្រើស​រើស​តែ​បង​ប្អូន ​សាច់ឈាម ​ញាតិ​មិត្ត»។​

មន្រ្តី​សង្គម​ស៊ីវិល​ ក៏បាន​ស្នើសុំ​ឱ្យ​មាន​ការបញ្ជូន​មន្ត្រី​ថ្មីៗ​ទាំងនោះ​ទៅ​រៀន​វគ្គបណ្ដុះ​បណ្ដាល​ផ្សេងៗ​អំពី​ការប្រើប្រាស់​អាវុធ​ ច្បាប់​ទម្លាប់​ និង​នីតិវិធី​ផ្សេងៗ​ជាដើម។​

លោក​ សឹង សែន​ករុណា ម​ន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក​ ក៏យល់​ស្រប​ទៅនឹង​ការណែនាំ​របស់​លោក​ស ខេង​ផង​ដែរ ប៉ុន្តែ​លោក​ក៏មាន​ការព្រួយ​បារម្ភ​ដែរ​ថា ​អំពើ​ពុករលួយ​អាច​នឹង​កើត​មាន​ឡើង ​ដោយសារ​តែ​បណ្ដោយ​ឱ្យ​មន្ត្រី ​មេឃុំ ​និង​មេប៉ុស្តិ៍ ​ជ្រើសរើស​សាច់​ញាតិ​របស់​ខ្លួន​ឱ្យ​ចូល​បម្រើ​ការងារ​ដោយ​ខ្លួន​ឯង។​

លោក​លើកឡើង​ថា​៖ «វគ្គបណ្ដុះ​បណ្ដាល​ពាក់ព័ន្ធ​ផ្សេងៗ​គួរតែ​ត្រូវបាន​ផ្ដល់​ជូន​មន្ត្រី​ដែល​ទើប​នឹង​ជ្រើសរើស​ទាំង​នោះ ​ដូចជា​ការសរសេរ​របាយការណ៍ ​និង​ការបំពេញ​មុខងារ​ជាច្រើន​ទៀត ​ហើយ​ដើម្បី​ធានា​នូវ​ដំណើរការ​ជ្រើសរើស​នេះ​បាន​ល្អ​ទៅ​បាន ​ថ្នាក់​លើ​រួមមាន​ថ្នាក់​ស្រុក​ ឬថ្នាក់ខេត្ត ​ឬ​ថ្នាក់ជាតិ ​គួរ​រៀបចំ​បង្កើត​គណៈកម្មការ​១​ក្នុង​ការចុះ​ត្រួតពិនិត្យ​នៅតាម​មូលដ្ឋាន​ជុំវិញ​ការជ្រើស​រើស​មន្ត្រី​ឱ្យ​ចូល​បម្រើ​ការងារ​នេះ»៕