The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​កសិកម្ម ​ប្រកាស​ធ្វើកំណែទម្រង់​វិស័យ​កសិកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ

រដ្ឋមន្ត្រី​កសិកម្ម ​ប្រកាស​ធ្វើកំណែទម្រង់​វិស័យ​កសិកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ

Content image - Phnom Penh Post
លោក​ ឌិត ទីណា​ (​កណ្តាល​) ​ជួប​សំណេះសំណាល​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​ខេត្ត​កែប​ពី​ថ្ងៃទី​ ២២ ​វិច្ឆិកា​។ រូប ហ្វេសប៊ុក

រដ្ឋមន្ត្រី​កសិកម្ម ​ប្រកាស​ធ្វើកំណែទម្រង់​វិស័យ​កសិកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ

កែបៈ លោក ​ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាសថា ក្រសួង​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​ ២ ​យ៉ាង គឺ​ការប្រើ​វិធានការ​សរុប​ និង​កំណែ​ទម្រង់​វិស័យ​កសិកម្ម ដើម្បី​ដោះ​ស្រាយ​ទីផ្សារ​ផលិតផល​កសិកម្ម​ជូន​ប្រជាកសិករ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុងពេល​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​កម្មវិធី​អាស្ពាយ (ASPIRE)​ខេត្តកែប កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​​នៅ​ស្រុក​ដំណាក់​ចង្អើរ​។

លោក​បន្តថា នៅពេល​ដែលមាន​ការដាំ​ដុះ ការចិញ្ចឹម ការប្រមូល​ផល​បាន​ច្រើន នឹងធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​តែង​ធ្លាក់ចុះ តួយ៉ាង​ដូចជា​បញ្ហា​ស្រូវ នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ជាដើម​។ ការ​ងារ​កសិកម្ម​មាន​ភាព​ស្មុគស្មាញ​ទាំង​ការផលិត និង​ការលក់​ចេញទៅ​កាន់​ទីផ្សារ​។ កន្លងមក​ផលិតផល​កសិកម្ម គ្មាន​ស្ថិរភាព​ទីផ្សារ​នោះទេ នៅពេល​ការដាំដុះ ការ​ចិញ្ចឹម ការប្រមូល​ផល​បាន​ច្រើន តម្លៃ​ផលិតផល​កសិកម្ម​ទាំងនោះ​តែង​ធ្លាក់​ថ្លៃ​។

លោក​ពន្យល់ថា​៖ «​ការប្រើ​វិធាន​ការសរុប គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​។ ក្រសួង​នឹង​ប្រើ​វិធីសាស្ត្រ​មួយទៀត ដើម្បី​ធានា​ដល់​និរន្តរភាព ឬ​ស្ថិរភាព​ទីផ្សារ នោះ​គឺ​ការធ្វើកំណែ​ទម្រង់​នៅក្នុង​វិស័យ​កសិកម្ម​ទាំងមូល​ក្នុងនោះ​លើកទឹកចិត្ត​ឱ្យមាន​ការចូល​រួមសហការ​គ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ យើង​នឹងធ្វើ​កសិកម្ម​តាម​បច្ចេកទេស ធ្វើតាម​យុទ្ធ​សាស្ត្រ ធ្វើតាម​តម្រូវការ​ទីផ្សារ​»​។

លោក បាន​ជំរុញ​ដល់​កសិករ ត្រូវ​បន្ត​ខិតខំ​ដាំ​ដុះ បន្លែ ដំណាំ​ផ្សេងៗ​ដោយ​កាត់បន្ថយ​ការប្រើ​ប្រាស់​សារធាតុ​ជីគីមី​ឱ្យនៅ​តិច​បំផុត ទើប​អាច​លក់បាន​ថ្លៃ​។
ចំពោះ​ការ​ចិញ្ចឹមសត្វ ត្រី ជ្រូក មាន់ ទា ជាដើម​ត្រូវ​ព្យាយាម​ទាក់​ទង​ទៅ​មន្ត្រី​ជំនាញ ឬ​អ្នក​បច្ចេក​ទេស​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម ពី​ចំណុច​ខ្វះខាត ព្រោះ​កម្ពុជា​បច្ចុប្បន្ន​មិនអាច​បន្តធ្វើ​កសិកម្ម​តាម​លក្ខណៈ​ប្រពៃណី ឬ​ពឹង​ផ្អែកទៅលើ​ធម្មជាតិ​ទាំងស្រុង​ទៀត​បានទេ​។

លោក យ៉ង សាំង​កុមារ អ្នក​នយោបាយ និង​ជា​អ្នកជំនាញ​ផ្នែក​កសិកម្ម បាន​ថ្លែងថា លោក​មិនឃើញ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួងកសិកម្ម​មាន​គោលនយោបាយ​ និង​វិធានការ​ជាក់លាក់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​និង​តម្លៃ​ស្រូវ​ក្រៅពី​ការកំណត់​តម្លៃ​អប្បបរមា ១ ០៤០ រៀល​ក្នុង​ ១ ​គីឡូក្រាម​នោះទេ​។

លោក​បន្តថា អ្វីដែល​សំខាន់បំផុត​នៅពេលនេះ​គឺ​រដ្ឋាភិបាល​គួរតែ​ទម្លាក់​ទុន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ឯកជន និង​សហគមន៍ ដើម្បី​ធ្វើការ​ទិញស្រូវ​ស្តុក​ទុក ហើយ​រដ្ឋាភិបាល ក៏ត្រូវ​ការទិញ​ស្រូវ​ស្តុក​ទុក​ដែលជា​ផ្នែក​មួយ​នៃ​ការចូល​រួមរក្សា​ស្ថិរភាព​តម្លៃ​ស្រូវ និង​ធានា​នូវ​ការ​ស្តុក​ស្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​របស់​ជាតិ​ទាំងមូល​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដំណោះស្រាយ​វែងឆ្ងាយ គឺ​ការកសាង​នូវ​ចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​ដើម្បី​ផល​ប្រយោជន៍​កសិករ ភាគី​ពាក់ព័ន្ធ​ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​»​។

ទីផ្សារ​វិស័យ​កសិកម្ម​កម្ពុជា បើទោះបីជា​ស្ថិតនៅក្នុង​គោល​នយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​ក្តី ក៏ប៉ុន្តែ ជា​រៀងរាល់ឆ្នាំ ប្រជាកសិករ តែងតែ​ជួប​បញ្ហា​ប្រឈម នៅពេលដែល​ដល់​រដូវ​ប្រមូល​ផល​ព្រម​គ្នា​។

គួរ​បញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែលជា​ធនាគារ​របស់​រដ្ឋ បានប្រកាស​ពី​ការផ្តល់​ថវិកា​ចំនួន​ ១០ ​លាន​ដុល្លារ​អាមេរិក បន្ថែមទៀត​សម្រាប់​ការប្រមូល​ទិញស្រូវ​នៅ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍