ភ្នំពេញៈ មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ (​អាយប៉ា​) ​កាលពី​ថ្ងៃទី​ ២៣​ ខែវិច្ឆិកា បានអនុម័ត​លើ​របាយការណ៍​នៃ​គណៈកម្មាធិការ​ជំនាញ​របស់​អាយប៉ា​ចំនួន ​៦ និង​បានប្រគល់​ទង់​កិត្តិយស​ជា​សភា​សង្កេតការណ៍​ដល់​សភា​នៃ​ប្រទេស​ជា​ដៃគូ​ចំនួន​ ៣ គឺ​សភា​សហរដ្ឋអាមេរិក សភា​នេប៉ាល់ និង​សភា​អាស៊ែបៃហ្សង់​។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​អន្តរសភា​អាស៊ាន​លើក​ទី​ ៤៣ បាន​អញ្ជើញ​ដឹកនាំ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ២ នៃ​មហាសន្និបាត អាយប៉ា​លើក​ទី​ ៤៣ នេះ ជាមួយ​នឹង​វត្តមាន​ចូលរួម​របស់​គណៈប្រតិភូ​សភា​នៃ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ ៨ ប្រទេស រួមមាន សភា​ប្រ៊ុយណេ​ដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​រដ្ឋសភា​ចេញផ្សាយ​ថ្ងៃទី ​២៤ ​វិច្ឆិកា​។

នៅក្នុង​សម័យប្រជុំ​នាពេល​នេះ មាន​ការធ្វើ​បទបង្ហាញ​ពី​របាយការណ៍​កិច្ចប្រជុំ ដោយ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​អាយប៉ា គណៈកម្មាធិការ​សមាជិក​សភា​វ័យក្មេង​អាយប៉ា គណៈកម្មាធិការ​នយោបាយ​អាយប៉ា គណៈកម្មាធិការ​សេដ្ឋកិច្ច​អាយប៉ា គណៈកម្មាធិការ​សង្គមកិច្ច​អាយប៉ា និង​គណៈកម្មាធិការ​រៀបចំ​អាយប៉ា ដោយ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ២ ​នេះ​បាន​ធ្វើការ​អនុម័ត​លើ​របាយការណ៍​របស់​គណៈកម្មាធិការ​ជំនាញ​ទាំង​ ៦ ​នេះ​។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជំនាញ​អាយប៉ា​ទាំង​ ៦ គឺ​ត្រូវបាន​គណៈកម្មាធិការ​នីមួយៗ បាន​ធ្វើការ​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀងៗ​ខ្លួន​កាលពី​ថ្ងៃទី ២១ និង​ថ្ងៃទី​ ២២ ខែ​វិចិ្ឆកា ឆ្នាំ​ ២០២២ ​។

ជាមួយ​គ្នា​នេះ សម័យប្រជុំ ក៏​បាន​រៀបចំ​ពិធី​ប្រគល់​ទង់​កិត្តិយស​ជា​សភា​សង្កេតការណ៍​របស់​អាយប៉ា​ជូន​ដល់​សភា​សហរដ្ឋអាមេរិក សភា​នេប៉ាល់ និង​សភា​អាស៊ែបៃហ្សង់ ផងដែរ ដែល​បានក្លាយ​ជា​សភា​សង្កេតការណ៍​របស់​អាយប៉ា ចាប់​តាំងពី​មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើក​ទី​ ៤៣​ នេះ​តទៅ​។

លោក ហេង សំរិន ប្រធាន​អង្គប្រជុំ​បាន​មាន​ប្រសាសន៍​លើកឡើង​ពី​សារៈសំខាន់ និង​តួនាទី​នៃ​ស្ថាប័ន​សភា​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុង​ការចូលរួម​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ សំដៅ​រក្សា​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និង​ការស្តារ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ ​១៩ ​។

លោក​បាន​លើកឡើង​ទៀតថា មហាសន្និបាត​អន្តរសភា​អាស៊ាន​លើក​ទី​ ៤៣ គឺជា​ការបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​សភា​ក្នុង​តំបន់ និង​ដៃគូ​សន្ទនា ដើម្បី​ឆ្លើយតប​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ពិភពលោក​។

អន្តរសភា​អាស៊ាន​ជា​វេទិកាសភា​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​ប្រមូលផ្តុំ​នូវ​មតិយោបល់ ទស្សនៈ​របស់​តំណាង​ពលរដ្ឋ ក្នុង​ការលើកកម្ពស់​យន្តការ​សភា ក្រោម​ចក្ខុវិស័យ​ទូលំទូលាយ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ដើម្បី​ដោះស្រាយ​បញ្ហា​រួម ដែល​ប៉ះពាល់​ដល់​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ពិភពលោក​ឱ្យ​មាន​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ប្រកប​ដោយ​ចីរភាព​។

ប្រទេស​ជា​សមាជិក​របស់​អាយប៉ា រួមមាន ប្រទេស​ប្រ៊ុយណេ​ដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​ប្រទេស​វៀតណាម​៕