សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាលរង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ២៤​ វិច្ឆិកា​បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ក្រុម​បើក​ម៉ូតូ​ធំ កម្ពុជា​-​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ប្រធានបទ " Ride for Solidarity Thailand Cambodia"​។

បើតាម​រដ្ឋបាល​ខេត្ត​សៀមរាប កម្ពុជា​-​ថៃ ជា​ប្រទេស​ជិតខាង​ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ស្ទើរ​គ្រប់​វិស័យ​ជាមួយ​គ្នា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ បាន​ប្រសើរ បាន​ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ច​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​មាន​ភាពល្អ​ប្រសើរ​។

សមាគម​ក្លិប​ទេសចរ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​ភាពងាយស្រួល​ សម្រាប់​ទេសចរណ៍​ផ្លូវគោក ជាពិសេស​ការឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​។

បើតាម​រដ្ឋបាល​ខេត្ត​សៀមរាប ប្រធាន​ក្រុម​អ្នកបើក​ម៉ូតូ​ធំ​បាន​សម្តែង​នូវ​ការថ្លែង​អំណរគុណ​ចំពោះ​រដ្ឋបាលខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​បាន​ជួយ​សម្របសម្រួល និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ក្រុម​ម៉ូតូ​ធំ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ទឹកដី​អង្គរ​នៃ​ខេត្ត​សៀមរាប​នេះ​៕