The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ដំរី​ចូល​ភូមិ​បំផ្លាញ​ដំណាំ និង​បង្ក​កង្វល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​

សត្វ​ដំរី​ចូល​ភូមិ​បំផ្លាញ​ដំណាំ និង​បង្ក​កង្វល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​

Content image - Phnom Penh Post
សត្វ​ដំរី​ដែល​ចេញពី​ព្រៃ​ចូល​ភូមិ​ប្រជាពលរដ្ឋ បំផ្លាញ​ដំណាំ​។ រូបថត សហការី

សត្វ​ដំរី​ចូល​ភូមិ​បំផ្លាញ​ដំណាំ និង​បង្ក​កង្វល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​

ព្រះសីហនុៈ សត្វ​ដំរី​ប្រមាណ​ពី​ ១ ​ក្បាល ទៅ​ ១០ ​ក្បាល បានចាប់ផ្ដើម​ចូលមក​ក្នុងភូមិ​មួយចំនួន​ក្នុង​ឃុំ​អូរ​បាក់រទេះ ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ចាប់​តាំងពីដើម​ខែវិច្ឆិកា នៅពេលដែល​គ្មាន​ភ្លៀង​ធ្លាក់ បាន​បំផ្លាញ​ផលដំណាំ​អ្នកភូមិ និង​បង្កឱ្យមាន​កង្វល់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែល​សត្វ​ដំរី​ទាំងនោះ​អាច​នឹង​វាយប្រហារ​មកលើ​លំនៅឋាន​នៅពេលដែល​កំពុង​ដេកលក់ បណ្ដាលឱ្យមាន​គ្រោះថ្នាក់​នៅពេល​ណាមួយ បើសិនជា​ក្រុម​អ្នកជំនាញ​គ្មាន​វិធាន​ការរារាំង​ដល់​សត្វ​ដំរី​ទាំងនោះ​។

លោក ឆាយ ជាង​ហេង ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកាថា សត្វ​ដំរី​បាន​ចូលមក​អុកឡុក​ក្នុងភូមិ​ទាំង​ ៣ នៃ​ឃុំ​អូរ​បាក់រទេះ ដែលមាន​ភូមិ​ព្រៃ​ប្រសិទ្ធ ភូមិ​ស្ទឹងច្រាល និង​ភូមិ​ស្ទឹងសំរោង នៅក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ដោយបាន​បំផ្លាញ ដូង ចេក ខ្នុរ ស្វាយ និង​ស្រូវ ជាដើម​។

លោក ជាង​ហេង ថ្លែងថា​៖ «​ចាប់​តាំងពីដើម​ខែវិច្ឆិកា នៅពេលដែល​មេឃ​រាំង សត្វ​ដំរី​បាន​ចុះ​មកពី​ព្រៃ​ដោយ​ដើរ​ចល័ត​ពី​ភូមិ​ ១ ​ទៅ​ភូមិ​ ១ តាម​ដំណើរ​របស់​វា ប៉ុន្តែ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ពួកវា​មិនដែល​ចុះមក​ទេ​ប្រហែល​វា​ខ្លាច​ជាប់​ភក់ ពួកវា​ចុះមក​ជួនកាល​មាន​ ១ ​ក្បាល ជួនកាល​មាន ៣ ​ទៅ​ ៥ ​ក្បាល និង​ជួល​កាល​មាន​រហូត​ ១០ ​ក្បាល យើង​បានត្រឹមតែ​មើលឃើញ​សត្វ​ទាំងនោះ​បំផ្លាញ​ផលដំណាំ​ដោយ​គ្មាន​វិធានការ​ណាមួយ​រារាំង​ពួកវា​នោះទេ​»​។

ជាង​ហេង ថ្លែងថា​៖ «​ដំរី​បាន​ស៊ី​ស្រូវ​ក្នុង​ស្រែ​របស់ខ្ញុំ អស់​ ៤ ​ហិកតា ដែល​ចេញ​ផ្លែ​ហើយ​រង់ចាំតែ​ថ្ងៃ​ប្រមូល​ផល នេះ​មិនទាន់​គិតដល់​ស្រែ​ស្រូវ​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀតផង ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង​ចំពោះ​ផលដំណាំ​ស្រូវ និង​ផលដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត មាន​ដូង ចេក ស្វាយ ខ្នុរ​ជាដើម ដែល​បាន​បាត់បង់​ទៅដោយ​សារ​ដំរី​ស៊ី​និង​បំផ្លាញ​។ ខ្ញុំ​លែង​ចង់​ធ្វើស្រែ​បន្ត​ទៀតហើយ ព្រោះ​ធ្វើ​ហើយ​មិនបាន​ផល ថែមទាំង​ខាត​ថវិកា និង​កម្លាំងកាយ​ចិត្ត​ទៀតផង​»​។

លោក​ថ្លែងថា ពួក​សត្វ​ដំរី​វា​ដើរ​ចុះ​ដើរ​ឡើង​ពារ​ផលដំណាំ​គ្រប់យ៉ាង ដែល​ធ្វើឱ្យ​ប្រជាជន​យ៉ាប់​រឿង​បង្កបង្កើនផល​អត់​កើត ដូចជា​ដូង​ទើប​ដាំ​បាន​កំពុង​ចេញ​ផ្លែ​ស្រាប់តែ​ពួកវា​មក​កាច់​គម​ស៊ី​អស់ ខ្នូ​រ​អីហ្នឹង​វា​ដើរ​បេះ​ទម្លាក់ចោល សូម្បី​វា​មិន​ស៊ី​ក៏​បេះ​ទម្លាក់ចោល​ជាន់​ចោល ពិបាក​ណាស់​សត្វ​នេះ​អត់​ការពារ​វា​បានទេ របង​អី​វា​ធាក់​ចូលមក​ស្រេច​តែ​ចិត្ត​វា​។

លោក កុយ ប៊ុនណាត ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ បានឱ្យដឹងថា ចំពោះ​បញ្ហា​ដំរី​ចុះ​ចូលមក​ក្នុងភូមិ​នេះ​មន្ត្រី​អង្គការ​អភិរក្ស​ (​អង្គការវ៉ាយអេដ​) ១ ​ធ្លាប់បាន​ផ្តល់​ជា​កាំជ្រួច​សម្រាប់​អុជ​បំភ័យ​សត្វ​ដំរី​កុំឱ្យ​យាយី​ដំណាំ​ពលរដ្ឋ ដំបូង​សត្វ​ដំរី​ខ្លាច​សំឡេង​កាំជ្រួច​មិន​ហ៊ាន​ចូលមក​លុក​លុយ​ក្នុងភូមិ​ទេ ប៉ុន្តែ ក្រោយមក​សត្វ​ដំរី​ក៏​បែរជា​លែង​ខ្លាច​សំឡេង​កាំជ្រួច និង​បាន​ដើរ​ចុះចូល​ក្នុងភូមិ ដោយ​ប្រទះ​អ្វីដែល​វា​អាច​ស៊ី​បាន វា​ក៏​ស៊ី​បំផ្លាញ​ខ្ទេច​គ្មាន​សល់​។

លោក​ប៊ុណាត ប្រាប់ថា ការ​ដំរី​លែង​ខ្លាច​កាំជ្រួច និង​មនុស្ស ជា​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ បារម្ភ​ជា​ពិសេស​ចំពោះ​សុវត្ថិភាព​ព្រោះ​មិនដឹងថា សត្វ​ដំរី​ទាំងនោះ វា​អាច​នឹងធ្វើ​អ្វីដែល​នឹកស្មាន​មិន​ដល់ ដូចជា​បំផ្លាញ​ផ្ទះ ជង្រុក​ស្រូវ ជាដើម ដែលនាំឱ្យ​ពលរដ្ឋ​មានការ​ខាតបង់​។ ពលរដ្ឋ​បានតែ​សំណូមពរ​ទៅកាន់​អាជ្ញាធរ​ក្នុងពេល​ប្រជុំ​ក្នុង​ឃុំ វេទិកាសាធារណៈ និង​ប្រជុំ​ផ្សេងៗ​ទៀត ប៉ុន្តែ​មិនមាន​ដំណោះ​ស្រាយ​យ៉ាងណា​នោះទេ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅទីនេះ​ចង់ឱ្យ​អង្គការ​អភិរក្ស​សត្វ​ដំរី​ជួយ​អន្តរាគមន៍​ការពារ ឬ ធ្វើយ៉ាងណា​ឱ្យ​ដំរី​ចាក​ចេញពី​តំបន់​ភូមិ​អ្នកស្រុក កុំឱ្យ​វា​ដើរ​អុកឡុក បំផ្លាញ​ដំណាំ​ដែល​អាច​ចាត់ទុកថា នេះ​ជា​អាយុជីវិត​​ពលរដ្ឋ ទម្រាំ​ដាំ​បាន​មិន​ងាយ​ទេ បើ​ដំរី​មក​បំផ្លាញ​រហូត​អ៊ីចឹង ឱ្យ​ពលរដ្ឋ​រំពឹង​អី​»​។

លោក អ៊ុច ស៊ុនលាង ជំទប់​ទី​ ២ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ថា ពលរដ្ឋ​ពិតជា​បាន​រាយការណ៍ និង​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សត្វ​ដំរី​ដែល​មក​រំខាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ពិតប្រាកដ​មែន​។ ព័ត៌មាន​បឋម​ដែល​លោក​ទទួលបាន គឺមាន​សត្វ​ដំរី​ចូលមកក្នុង​ភូមិ ​ហើយ​បាន​រុញ​ជង្រុក​ស្រូវ​ហើយ​បួង​យក​ស្រូវ​ស៊ី ក្រៅពីនោះ​ដំរី​បាន​បំផ្លាញ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀតផង​ដែរ​។

លោក​បន្តថា មាន​អង្គការ​អភិរក្ស​ចំនួន​ ២ ​ធ្វើការ​នៅ​ទីនោះ គឺ​អង្គការ​វ៉ាយអេដ និង អង្គការ​អភិរក្ស​អន្តរជាតិ (CI) ប៉ុន្តែ​ពេល​រាយការណ៍​ប្តឹង​ជូនទៅ​ពួកគេ​បានផ្តល់​ជូន​តែ​កាំជ្រួច​សម្រាប់​អុជ​បន្លាច​សត្វ​ដំរី​ប៉ុណ្ណោះ មិនមាន​ការ​ដោះ​ណាមួយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនបាន​ដឹងថា​បំផ្លាញ​ដំណាំ​ពលរដ្ឋ​អស់​ប៉ុន្មាន​ហិកតា​ដែរ គ្រាន់តែ​ដឹងថា​ពលរដ្ឋ​គាត់​បាន​រាយការណ៍​មក ហើយ​មេភូមិ​ក៏បាន​រាយការណ៍​មក​ដែរ​ពេល​ប្រជុំ​ក្រុមប្រឹក្សា ប្រជុំ​ប្រចាំ​ខែម្តងៗ តែ​យើង​អត់​មាន​ដំណោះស្រាយ​ទេ បើសិនជា​អង្គការ​ហ្នឹង​គេ​អត់​មាន​វិធីសាស្ត្រ​សម្រាប់​ទប់ស្កាត់​សត្វ​ដំរី​ហ្នឹង មិនដឹង​ធ្វើ​ម៉េច​មានតែ​តាម​ដំណើរ​ទៅ​»​។

លោក​ជំទប់​ទី​២ ឃុំ​អូរ​បាក់រទេះ ប្រាប់ថា ក្នុង​ឃុំ​នេះ​មានតែ​ ៣ ​ភូមិ​ទេ ប៉ុន្តែ​ដំរី​ភាគច្រើន​ចូលមក​តែ​ក្នុងភូមិ ព្រៃ​ប្រសិទ្ធ និង​ភូមិ​ស្ទឹង​សំរោង​។ ដំរី​ចូលចិត្ត​ដើរចូល​ក្នុងភូមិ​នេះ​អាចមកពី​នៅ​ទីនោះ​ពលរដ្ឋ​មាន​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​បានល្អ និង​មាន​ការធ្វើ​ស្រូវ​ស្រែ​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍