ភ្នំពេញៈ លោក​ជីន ថូត (Jean Todt) ប្រេសិត​ពិសេស​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សុវត្ថិភាព​ផ្លូវថ្នល់ បាន​លើក​ឡើង​ពី​ការបន្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ។​

​លោក​ជីន ថូត​បាន​ថ្លែង​បែបនេះ​ក្នុងពេលដែល​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី ២៤ វិច្ឆិកា​នៅ​វិមាន​រដ្ឋសភា​។ លោក ស ខេង បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ UN មក​កាន់​កម្ពុជា នេះ។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ លោ​កស ខេង បាន​យក​ឱកាស​នេះ​ជម្រាប​ជូន​ដោយ​សង្ខេប​នូវ​ស្ថានភាព​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា ពិសេស​ក្នុង​រយៈពេល​កន្លង​មក ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​សម្រេច​បាន​នូវ​លទ្ធផល​មួយចំនួន​ធំ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​សុវត្ថិភាព​ចរាចរណ៍ ដោយ​មាន​យន្តការ​ការងារ​អនុវត្ត​ជាក់លាក់ និង​មាន​តួអង្គ ២ សំខាន់ៗ​គឺ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ធ្វើការ​រួមគ្នា​ទៅលើ​កិច្ចការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​មាន​យន្តការ​ចាប់ពី​ថ្នាក់​ក្រសួង​ដល់​ថ្នាក់​ខេត្ត។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា កម្ពុជា​បាន​ខិតខំ​កាត់បន្ថយ​អត្រា​មរណភាព និង​អត្រា​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ប៉ុន្តែ​ទោះបី​យ៉ាងណា ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវតែ​បន្ត​ខិតខំ​ដោះស្រាយ ក្នុងនោះ​ក៏មាន​កិច្ចការ​មួយ​ចំនួន​ទៀត​ផងដែរ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបន្ត​អភិវឌ្ឍ​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ក៏ដូចជា​ការផ្តល់​និង​បំពាក់​នូវ​សម្ភារ​បច្ចេកទេស​បម្រើ​ដល់​ការងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ និង​ការងារ​កែលម្អ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ដើម្បី​ធ្វើ​យ៉ាងណា​រួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ដល់​ការងារ​គ្រប់គ្រង​ត្រួតពិនិត្យ​លើ​សុវត្ថិភាព​ចរាចរណ៍។​

​លោ​កស ខេង​ក៏បាន​ជម្រាបជូន​ដែរ​ថា ភាគច្រើន​នៃ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​បង្កឡើង​ដោយ​កត្តា​ធំ ២ ក្នុង​នោះ​ទី ១ គឺ​កត្តា​មនុស្ស ទី ២ គឺ​កត្តា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ជាពិសេស​គឺ​បញ្ហា​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​ការបំពាក់​ស្លាក​សញ្ញា​ផ្សេងៗ។

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បន្ត​ខិតខំ អភិវឌ្ឍ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ពិសេស​ការកសាង​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ហាយវ៉េ ដែល​មាន​ច្រើន​គន្លង និង​ផ្លូវជាតិ ព្រមទាំង​ផ្លូវ​តភ្ជាប់​ពី​ផ្លូវជាតិ ទៅតាម​បណ្ដា​ខេត្ត​នីមួយៗ ដើម្បី​រួមចំណែក​សម្រួលការ​ធ្វើដំណើរ កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍។

​លោ​កស ខេង ក៏បាន​ជម្រាបជូន​លោក ជីន ថូត ផងដែរ​ថា ដើម្បី​បន្តធ្វើ​កាន់តែ​ប្រសើរ​ឡើង​លើ​ការងារ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍ កិច្ចការ​សំខាន់ៗ ២ ត្រូវតែ​បន្តធ្វើ​ឱ្យ​ទន្ទឹមគ្នា ទី ១ គឺ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ទី ២ គឺ​ការបន្ត​លើក​កម្ពស់​ការ​យល់ដឹង​ស្មារតី​គោរព​ច្បាប់​របស់​ប្រជាជន​ដើម្បី​រួមគ្នា​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ឱ្យ​បានជា​អតិបរមា។​

​ជាការ​ឆ្លើយតប លោក ជីន ថូត បាន​ជម្រាបជូន​លោ​កស ខេង​ថា នេះ​ជា​លើកទី ២ ហើយ​ដែល​រូប​លោក​បាន​អញ្ជើញ​មក​កម្ពុជា ក្នុង​នោះ​ទស្សនកិច្ច​លើកទី ១ បាន​ធ្វើ​ឡើង​កាលពី ១០ ឆ្នាំមុន។​

​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​លោក​ជីន ថូត បាន​អះអាង​ពី​ការ​មើល​ឃើញ​របស់​លោក ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍។

​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ លោក​ជីន ថូត បាន​ឯកភាព និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ស ខេង ដែលថា ការដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​នេះ ជាការ​ពិត ទាមទារ​នូវការ​ចូលរួម​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង និង​ការពង្រឹង​ការអនុវត្ត​ច្បាប់។​

​លោក​បញ្ជាក់ថា ជារួម​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដើរ​នៅលើ​ផ្លូវ​ត្រឹមត្រូវ​ស្របតាម អភិក្រម​របស់​អង្គការ​សហ​ប្រជាជាតិ​លើ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍។

​លោក​បាន​អះអាង​ពី​ការបន្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​នេះ​ជា​បន្តទៀត រួមជាមួយ​នឹង​ដៃគូ​ដទៃទៀត​របស់​លោក​នៅ​ក្រោម​អង្គការ​សហ​ប្រជាជាតិ តាមរយៈ​ការលើក​ទឹកចិត្ត និង​ជូន​នូវ​យោបល់​មួយ​ចំនួន​ដើម្បី​ធ្វើ​យ៉ាងណា​រួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ការបង្កើន​នូវ​ការ​ប្រើប្រាស់​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​ដើម្បី​កាត់បន្ថយ​នូវ​មធ្យោបាយ​ធ្វើដំណើរ​លើ​ដងផ្លូវ កៀរគរ​ការចូលរួម​ពី​វិស័យ​ឯកជន។

​ជាការ​ឆ្លើយតប លោ​កស ខេង​បាន​អរគុណ​ចំពោះ​យោបល់​របស់លោក​ជីន ថូត ដែល​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ការខិតខំ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

​ជាមួយគ្នានេះ លោ​កស ខេង ក៏បាន​ជម្រាបជូន​លោក​ជីន ថូត​ផងដែរ​ថា រូបលោក​ក៏​កំពុង​តែ​ដឹកនាំ​ការពិនិត្យ​និង​កែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ពង្រឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍៕​