The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋសភា​កម្ពុជា​-​ឡាវ ជំរុញ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ទាំង​ទ្វេភាគី និង​នៅលើ​វេទិកាសភា​អន្តរជាតិ​

រដ្ឋសភា​កម្ពុជា​-​ឡាវ ជំរុញ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ទាំង​ទ្វេភាគី និង​នៅលើ​វេទិកាសភា​អន្តរជាតិ​

Content image - Phnom Penh Post

រដ្ឋសភា​កម្ពុជា​-​ឡាវ ជំរុញ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ទាំង​ទ្វេភាគី និង​នៅលើ​វេទិកាសភា​អន្តរជាតិ​

​ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​-​ឡាវ ជំរុញ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ទាំង​ទ្វេភាគី និង​នៅលើ​វេទិកាសភា​អន្តរជាតិ ជាពិសេស​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង ​២​ ឱ្យ​កាន់តែ​រឹងមាំ​ឡើង​។​

​ការជំរុញ​នៃ​រដ្ឋសភា​របស់​ប្រទេស​ទាំង ​២ នេះ ធ្វើឡើង​បន្ទាប់ពី​លោក សាយ សំ​ភូ​ន ភូម​វិហា​ន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បន្ត​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ និង​បន្ទាប់ពី​អញ្ជើញ​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រួចមក​។

​លោក សាយ សំ​ភូ​ន ភូម​វិហា​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៅក្នុង​ការរៀបចំ​កិច្ច​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​រៀបចំ ដែល​ធ្វើឱ្យ​កិត្យានុភាព​របស់​កម្ពុជា​កាន់តែ​រន្ទឺ​ឡើង​នៅលើ​ឆាក​អន្តរជាតិ​។ ប្រធានរដ្ឋសភា​រូបនេះ​ថែមទាំង​បាន​បញ្ជាក់ថា ជោគជ័យ​របស់​កម្ពុជា​នាពេលនេះ ជា​មេរៀន​និង​បទពិសោធន៍​សំខាន់​មួយ សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៥ របស់​ប្រទេស​ឡាវ នៅក្នុង​ឆ្នាំ​ ២០២៤​ ខាងមុខ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ប្រធានរដ្ឋសភា​ប្រទេស​ទាំង​ ២ ​បាន​គាំទ្រ​ចំពោះ វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ ​ដែល​បាន​ឈានដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​» ដោយបាន​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​បាន​សន្យាថា​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​និង​ប្រជាជន​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​រឹងមាំ​និង​សកម្ម​ឡើង​ទៀត​នៅលើ​គ្រប់​វិស័យ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ លោក សាយ សំ​ភូ​ន ភូម​វិហា​ន បាន​គោរព​អញ្ជើញលោក ហេង សំរិន ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានរដ្ឋសភា តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដែល​រដ្ឋសភា​ឡាវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ដែរ​។ លោក​ហេង សំរិន បាន​ទទួលយក​ការគោរព​អញ្ជើញ របស់​ប្រធានរដ្ឋសភា​ឡាវ​នេះ​។

​លោក ហេង សំរិន មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង​ដែល​លោក​ប្រធានរដ្ឋសភា​ឡាវ និង​គណៈប្រតិភូ​ជាន់ខ្ពស់​បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​លោក ហេង សំរិន ចាត់ទុក​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ២​ កម្ពុជា​-​ឡាវ ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ នឹង​រួមចំណែក​បន្ថែមទៀត ដល់​ការពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែលមាន​ជាង​ ៦០ ​ឆ្នាំ​មកនេះ កាន់តែ​រឹងមាំ​ទ្វេដង​ថែមទៀត​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​នេះ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំង​ ២​ បាន​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​លើ​ស្ថានការណ៍​នយោបាយ សង្គម សេដ្ឋកិច្ច ពិសេស​អំពី​រដ្ឋសភា​ទាំង​ ២​។ បន្ទាប់មក ប្រធានរដ្ឋសភា​កម្ពុជា និង​ប្រធានរដ្ឋសភា​ឡាវ បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) រវាង​រដ្ឋសភា​ប្រទេស​ទាំង​ ២ និង​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​ឡាវ ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ទូលំទូលាយ​ឡើង នៅ​គ្រប់​កម្រិត ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី នៅលើ​វេទិកា​អន្តរ​សភា​នានា សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេស​ទាំង​សងខាង ស្របតាម​សភាពការណ៍​ជាក់ស្តែង​៕

អត្ថបទគួរចាប់អារម្មណ៍