The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​បរិស្ថាន​៖ ខេត្ត​ព្រះសីហនុ​បើ​ចង់​ប្រែក្លាយ​ទៅជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​ ត្រូវតែ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី​ឱ្យអស់

រដ្ឋមន្ត្រី​បរិស្ថាន​៖ ខេត្ត​ព្រះសីហនុ​បើ​ចង់​ប្រែក្លាយ​ទៅជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​ ត្រូវតែ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី​ឱ្យអស់

Content image - Phnom Penh Post
រដ្ឋមន្ត្រី​បរិស្ថាន​លោក សាយ សំអាល់ លើកឡើង​ថា ខេត្ត​ព្រះសីហនុ​បើ​ចង់​ប្រែក្លាយ​ទៅជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​គឺ​ត្រូវតែ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី​ឱ្យអស់។

រដ្ឋមន្ត្រី​បរិស្ថាន​៖ ខេត្ត​ព្រះសីហនុ​បើ​ចង់​ប្រែក្លាយ​ទៅជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​ ត្រូវតែ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី​ឱ្យអស់

ព្រះសីហនុៈ រដ្ឋមន្ត្រី​បរិស្ថាន​លោក សាយ សំអាល់ លើកឡើង​ថា ខេត្ត​ព្រះសីហនុ​បើ​ចង់​ប្រែក្លាយ​ទៅជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​គឺ​ត្រូវតែ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី​ឱ្យអស់ ខណៈ​អាជ្ញាធរខេត្ត​នេះ​កំពុង​បន្ត​ពិនិត្យ​ដោះស្រាយ​សំណុំរឿង​វិវាទ​ដីធ្លី និង​សំណើ​ផ្សេងៗ​។

លោក សាយ សំអាល់ លើក​ឡើង​ដូច្នេះ ក្នុងពេល​ដែល​លោក និង​លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅក្នុង​ដែន​គម្រប​ព្រៃឈើ ឆ្នាំ​ ២០០២ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ២៥ ខែវិច្ឆិកា​នេះ​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ និង​តំណាង​មកពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង និង​ស្រុក​ទាំង​ ៥ នៃ​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ​នៃ​ខេត្ត​ព្រះសីហនុ​ជាច្រើន​នាក់​ទៀត​។

លោក សាយ សំអាល់ ថ្លែងថា​៖ «​កិច្ចការ​ដោះស្រាយ​បញ្ហាដីធ្លី​ជា​កិច្ចការ​អាទិភាព​មួយ ដែល​ត្រូវ​ជម្រះ​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ បើ​យើង​ចង់​ប្រែ​ក្លាយ​ទៅ​ជា​ខេត្ត​សេដ្ឋកិច្ច​គំរូ​ពហុបំណង​របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​ត្រូវតែ​ជម្រះ​កិច្ចការ​ដីធ្លី​ឱ្យអស់ និង​ច្បាស់លាស់​»​។

លោក​បន្តថា​៖ «​សម្រាប់​ថ្ងៃនេះ យើង​មាន​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​នឹង​ការស្តាប់​របាយការណ៍​អាជ្ញាធរ​ដែនដី​ទាក់ទង​នឹង​បញ្ហាដីធ្លី ដើម្បី​ពិភាក្សា ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា​»​។

យោង​តាម​របាយការណ៍​ដែល​លោក គួច ចំរើន បាន​លើកឡើង​បាន​ឱ្យ​ដឹងថា គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ទទួល​សំណុំរឿង​វិវាទ​ដីធ្លី និង​សំណើ​ផ្សេងៗ​ពាក់ព័ន្ធ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន ២ ២៩០ ​ករណី​។

របាយការណ៍​បញ្ជាក់​ថា ក្នុង​ចំនួន​សំណុំរឿង​វិវាទ​ដីធ្លី និង​សំណើ​ផ្សេងៗ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយតប​សរុប​ចំនួន​ ១ ៥៨៧ ​ករណី​។ សំណុំរឿង​វិវាទ​ដីធ្លី និង​សំណើ​ផ្សេងៗ​ដែល​កំពុង​ពិនិត្យ​ដោះស្រាយ​បន្ត​។

បើតាម​របាយការណ៍​ដែល​បាន​លើកឡើង​នេះ ក្នុង​ចំណោម ​១ ៥៨៧ ​ករណី​ដែល​បាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយតប​នេះ រួមមាន វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ចំនួន​ ៨១ ​ករណី ធ្វើ​របាយការណ៍​ឆ្លើយតប​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៤៤៨ ​ករណី ធ្វើលិខិត​ឆ្លើយតប​ជូន​ម្ចាស់​សំណើ ចំនួន​ ២៨៧ ​ករណី និង​សំណុំរឿង​ដែល​ទុកជា​ឯកសារ (​បណ្តឹង​តែមួយ​ទៅ​ច្រើន​ស្ថាប័ន​) ចំនួន​ ៧៧១ ​ករណី​៕

អត្ថបទគួរចាប់អារម្មណ៍