ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៦ នាក់​បាន​ស្លាប់ ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៤ និង​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ខណៈ ១០ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់-ស្រាល។

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ (ស្រី ១ នាក់) របួស​ធ្ងន់​ចំនួន ៥ នាក់ (ស្រី ១ នាក់) និង​របួស​ស្រាល​ចំនួន ២ នាក់ (ស្រី ១ នាក់)។

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន ១២ នាក់​នេះ កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន ២ លើក។

ចំណែក គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​ កាល​ពី​ថ្ងៃទី ២៤ ខែ​វិច្ឆិកា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១ នាក់ របួស​ធ្ងន់​ចំនួន ២ នាក់ (ស្រី) និង​របួស​ស្រាល​ចំនួន ១ នាក់។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន ៤ នាក់​នេះ កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន ២ លើក ៕