The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​សេចក្ដី​ព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី

លោក ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​សេចក្ដី​ព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី

Content image - Phnom Penh Post
លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ដឹកនាំ​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា​។ រូបថត ហ្វេសប៊ុក លោក ស ខេង

លោក ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​សេចក្ដី​ព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី

ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​ឆ្លង សេចក្ដី​ព្រាងច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក (​ថ្មី​) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​ ២៥ ​វិច្ឆិកា​នេះ ខណៈ​ដែល​មន្ត្រី​ជំនាញ​បាន​ឱ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ គឺ​មាន​ចែង​អំពី​ការកំណត់​ប្រភេទ​បទល្មើស​ចរាចរណ៍​ច្បាស់លាស់​។

បើតាម​ហ្វេសប៊ុក​លោក​ ស ខេង កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង​មន្ត្រីជាន់ខ្ពស់​ជា​សមាជិក​ក្រុមការងារ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ជាច្រើនរូប​ទៀត​។

លោក ស ខេង មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ថា ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បាន​ឆ្លងកាត់​ដំណាក់កាល​នៃ​ការអនុវត្ត​ជា​បន្តបន្ទាប់​ទៅតាម​បរិបទ​នៃ​ការប្រែប្រួល​ខាង​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​ជាច្រើនលើក​។

លោក​បន្ថែមថា ដោយសារ​ការសិក្សា​បាន​រកឃើញ​ថា ច្បាប់​កំពុង​អនុវត្ត​ជា​ធរមាន​នេះ​មាន​មាត្រា​ត្រូវធ្វើ វិសោធនកម្ម​ច្រើន លោក​ក៏បាន​ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សូម​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរគុណ លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​ក្រុមការងារ​តាក់តែង​ច្បាប់ ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​អន្តរក្រសួង រៀបចំ​កិច្ចប្រជុំ​ជាច្រើន​លើក​ច្រើនសា ដើម្បី​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល​សំខាន់ៗ​រហូត​ឈានទៅ​សម្រេច​បាន​នូវ​សេចក្ដី​ព្រាងច្បាប់​ក្នុង​កម្រិត​បឋម​នៃ​ដំណើរ​ការបង្កើត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​។

លោក តូច ចាន់កុសល បាន​រាយការណ៍​ជូន​លោក ស ខេង និង​អង្គប្រជុំ​ថា ក្នុង​ចំណោម​ខ្លឹមសារ​សំខាន់ៗ​នោះ សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ក៏​ចែង​អំពី​ការកំណត់​ប្រភេទ​បទល្មើស​ចរាចរណ៍​ច្បាស់លាស់ ដើម្បី​ឱ្យ​ការអនុវត្ត​វត្ត​ច្បាប់​មាន​ភាពប្រសើរ​ឡើង​ដែរ​។

លោក​បន្តថា ក្រុមការងារ​តាក់តែង​ច្បាប់​បាន​បើក​កិច្ចប្រជុំ​ចំនួន​ ២២ ​លើក​រហូត​ឈាន​ទៅ​បង្កើត​បាន​នូវ​សេចក្ដី​ព្រាងច្បាប់​ថ្មី​នាពេលនេះ​។

បន្ទាប់ពី​បាន​ស្ដាប់​នូវ​របាយការណ៍​លោក តូច ចាន់កុសល ស្ដីអំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​រួចមក លោក ស ខេង និង​សមាជិក​នៃ​កិច្ចប្រជុំ​ក៏បាន​បន្ត​ផ្លាស់ប្ដូរ​មតិយោបល់​គ្នា​លើ​ខ្លឹមសារ​នីមួយៗ​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ ជាពិសេស​ខ្លឹមសារ​ដែល​ត្រូវបាន​កែសម្រួល​ខុសពី​មាត្រា​ចំនួន ​៤៨ ​នៃ​ច្បាប់​ដែល​កំពុង​នៅ​ជា​ធរមាន​នៅឡើយ​។

មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនទាន់​បញ្ចេញ​ឱ្យ​ដឹងថា តើ​សេចក្តី​ព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នឹង​ត្រូវ​បញ្ចប់​នៅពេល​ណា​នោះទេ​៕

អត្ថបទគួរចាប់អារម្មណ៍