ភ្នំពេញៈ ក្រសួងទេសចរណ៍​ព្រមាន​ថា អ្នក​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍​ក្នុងករណី​នៅតែ​បន្តសកម្មភាព​អាជីវកម្ម​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ទៀត នឹងត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​។​

​ក្រសួងទេសចរណ៍​បាន​សង្កេតឃើញថា​ មានការ​លេច​ទ្បើង​វិញ​ផងដែរ​នូវ​ការប្រកប​អាជីវកម្ម​ទេសចរណ៍​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ និង​ទេសចរ​ជាតិ អន្តរជាតិ​ក្នុង​កិច្ចសហការ​ប្រកប​អាជីវកម្ម​ជាមួយ​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ​។​

​ក្រសួងទេសចរណ៍​បញ្ជា​ក់​ក្នុង​សេចក្តីណែនាំ​នា​ថ្ងៃទី ​២៥ ខែវិច្ឆិកាថា មុននឹង​ប្រើប្រាស់​សេវាកម្ម ឬ​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ​និង​ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់​ត្រូវ​សួររក​អាជ្ញា​បណ្ណ​ទេសចរណ៍ ដោយ​ធ្វើការ​ស្គេ​ន QR Code នៅលើ​សន្លឹក​អាជ្ញា​បណ្ណ​ទេសចរណ៍ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ជាមុនសិន​។​

​សេចក្តីណែនាំ​បញ្ជាក់ថា​៖ «​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះ​ស្នាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ ក្រុមហ៊ុន​ដឹកជញ្ជូន​ទេសចរណ៍ ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​កក់​សំបុត្រ​យន្តហោះ (Ground Distribution System) និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​មិនត្រូវ​ចុះហត្ថលេខា ឬ​ផ្តល់​កិច្ចសហការ​ផ្គត់ផ្គង់​សេវាកម្ម ទេសចរណ៍ ឬ​អនុញ្ញាត​ផ្តល់​ប្រព័ន្ធ​កក់​សំបុត្រ​ដល់​ការី​ទេសចរណ៍​និង​ភ្នាក់ងារទេសចរណ៍​ណា ឬ បុគ្គល​ណា​ម្នាក់​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​នោះឡើយ​»​។​

​សេចក្តីណែនាំ​បន្តថា ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​កក់​សំបុត្រ​យន្តហោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការខាតបង់ ឬ​ហានិភ័យ​ផ្សេងៗ ក្នុងករណី​ផ្តល់​កិច្ចសហការ​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ឬ​បុគ្គល​ណា​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍ ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​។

​ក្រសួង​ណែនាំ​ដល់​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍​ដោយ គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ហើយ​កំពុងមាន​សកម្មភាព​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​នានា ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​នៅ​ក្រសួងទេសចរណ៍ ឬ​តាមរយៈ​មន្ទីរ​ទេសចរ​ណ៍ រាជធានី​-​ខេត្ត ឬ​អាច​ស្នើសុំ​ដោយផ្ទាល់​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​។

​សេចក្តីណែនាំ​បញ្ជាក់ថា​៖ «​ក្នុងករណី​នៅតែ​បន្តសកម្មភាព​អាជីវកម្ម​ទេសចរណ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​ទៀត លោក​-​លោកស្រី​នឹងត្រូវ​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​»៕