មណ្ឌលគិរីៈ ក្រសួងបរិស្ថាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធីសាស្ត្រ​បំពាក់​ប្រឡៅ​ក​ដំរី​ដើម្បី​តាមដាន​បំលាស់​ទី​របស់​សត្វ​ដំរី​រយៈពេល ​១១ ថ្ងៃ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​ឱ្យបាន​យល់​កាន់តែច្បាស់​ពី​បច្ចេកទេស​អភិរក្ស​សត្វ​ដំរី​។​

​វគ្គ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ២៤ ខែវិច្ឆិកា កន្លងទៅនេះ នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​នៅ​ទីតាំង​នៃ​គម្រោង Elephant Valley Project ក្នុង​ខេត្តមណ្ឌលគិរី​។

​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន អ្នកតំណាង​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត ក្រុម​ស្រាវជ្រាវ​សហគមន៍ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) កម្ពុជា អង្គការ​ WWF​ វៀតណាម អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​មន្ត្រី​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផងដែរ​។

​សិក្ខាកាម​បានទទួល​ការបណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ពី​ក្រុម​គ្រូ​បង្គោល​ដោយ​ផ្តោតលើ​បច្ចេកទេស និង​កត្តា​សុវត្ថិភាព​សម្រាប់​សត្វ​ដំរី និង​អ្នកស្រាវជ្រាវ ចាប់តាំងពី​ដំណាក់កាល​នៃ​ការរៀបចំ​ផែនការ រហូតដល់​ការចុះអនុវត្ត​វិធីសាស្ត្រ​បំពាក់​ប្រឡៅ​ក​ដំរី​ជា​ជំហានៗ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ការចូលរួម​បង្កើន​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា​ឱ្យបាន​យល់​កាន់តែច្បាស់​ពី​បច្ចេកទេស និង​វិធីសាស្ត្រ​នៃ​ការអភិរក្ស​សត្វ​ដំរី​។

​លោក​ថ្លែង​ថាប​ច្ច​ប្បន្ន​កម្ពុ​ជាមាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ​ ៦០០​ ក្បាល ដែល​កំពុង​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ព្រៃ​ឡង់ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី​។ ចំណែក​ដំរី​ស្រុក​មាន​ប្រមាណ ៧០​ក្បាល​។

​ក្រសួងបរិស្ថាន​ប្ដេជ្ញា​ថា​នឹង​ការពារ​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា​ពី​ការ​គំរាម​របស់​មនុស្ស ដោះស្រាយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី និង​ការពារ​ព្រៃ អភិរក្ស​តំបន់ការពារធម្មជាតិ ដើម្បី​ផ្ដល់​ជម្រក​សុវត្ថិភាព​សម្រាប់​សត្វ​ដំរី​អាស៊ី​។

​លោក នេត្រ ភក្ត្រា ថ្លែងថា​៖ «​យោងតាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ក្នុង​តំបន់ការពារធម្មជាតិ​នានា ដំរី​អាស៊ី​បានរស់នៅ​ជា​ហ្វូង​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូនតូចៗ​ជាច្រើន​ថែមទៀត​។ វត្តមាន​កូនដំរី​តូចៗ​ដែល​ទើបនឹង​កើត​នៅក្នុង​ហ្វូង​ដំរី​ធំៗ គឺជា​ក្តីសង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស​និង​ក្រុម​អ្នក​បរិស្ថាន​»​។

​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​រយៈពេល ​៦០ ទៅ ៧០​ ឆ្នាំ​ចុង​ក្រោយនេះ​ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែល ៥០​ ភាគរយ​។ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជាច្រើន​ផងដែរ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧​ ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ​សព្វថ្ងៃ ក្នុងនោះ​ប្រហែល ៧៥ ភាគរយ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។​

​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា ​(CECG) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​។

​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៩៕