ភ្នំពេញៈ​គណៈ​កម្មាធិ​ការ​កណ្តាល​សហ​ភាព​សហព័​ន្ធ​យុវជន​កម្ពុជា (ស​.​ស​.​យ​.​ក​.) បាន​សម្រេច​ជ្រើស​តាំង​លោក​ ហ៊ុន ម៉ា​ណែ​ត ​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក​ធ្វើជា​ប្រធាន​កិត្តិ​យស​របស់​ខ្លួន​និង​កែប្រែ​សមាស​ភាព​និង​លក្ខន្តិកៈ​មួយ​ចំនួន​ព្រមទាំង​កំណត់​យុទ្ធ​សាស្ត្រ​ផែនការ​​ពី​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៨ ​តាម​រយៈ​មហា​សន្និ​បាត​វិសាម​ញ្ញ​របស់​ខ្លួន​។

​កាលពី​ថ្ងៃទី​ ២៦ ​ខែវិច្ឆិកា ឆ្នាំ ​២០២​២ ស​.​ស​.​យ​.​ក​. បាន​រៀបចំ​មហា​សន្និបា​ត​វិសា​មញ្ញ​របស់ខ្លួន​ដោយ​របៀប​វារៈ​ផ្ដោតលើ​កិច្ច​ពិភាក្សា​ពីសកម្ម​ភាព​និង​ការងារ​សម្រេច​បាន​កន្លង​មក​ ព្រម​ទាំង​ពិនិត្យ​និង​អនុ​ម័ត​លើ​វិសោធន​កម្ម​លក្ខ​ន្ដិកៈនិង​បទបញ្ជាផ្ទៃក្នុង​មួយ​ចំនួន​ ដើម្បី​តម្រង់​ទិស​ដៅ​ការងារ​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​នី ជា​ប្រធាន​សហ​ភាព​សហព័ទ្ធ​យុវជន​កម្ពុជា​ផ្ទាល់​។​

​ក្នុង​មហា​សន្និបា​ត​នេះ គណៈក​ម្មាធិកា​រ​កណ្តាល​របស់ ស​.​ស​.​យ​.​ក​. បាន​បោះ​ឆ្នោត​ជ្រើសតាំ​ង លោ​ក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធា​នកិ​ត្តិយស និងលោក​ទៀ សីហា អភិ​បាល​ខេត្ត​សៀមរា​បជា​អនុ​ប្រធាន​នៃ​ ស​.​ស​.​យ​.​ក​. ព្រម​ទាំង​បន្ថែម​សមា​ជិក គណៈ​អចិន្ត្រៃ​យ៍​ចំនួន ៩ ​រូប រួម​ជា​មួយ​សមាជិក​ សមាជិកា​គណៈ​កម្មាធិកា​រ​កណ្តាលថ្មី​​បន្ថែម​ចំនួន​ ២០៣ ​រូប​។

​នា​ឱកាស​បើក​មហា​សន្និ​បាត​នេះ លោក ​ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហ​ព័ន្ធ​​យុវជន​កម្ពុជា​បាន​ឱ្យដឹងថា ស​.​ស​.​យ​.​ក​. បាន​ក្លាយ​ជា​វេទិកា​ទូលំ​ទូលា​យ និង​ជា​ឆត្រ​រួមដែល​អនុញ្ញាតឱ្យ​​គ្រប់​កោសិកា​នៃ​សង្គម​កម្ពុជា​បាន​ចូល​រួម​ក្នុង​ការជំរុញ​ចក្ខុវិ​ស័យ​រួម​របស់​កម្ពុជា​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ​ ភេទ​ ភាសា ជំនឿសាសនា ឋានៈ​សង្គម និង​និន្នាការ​នយោបា​យ ដោយ​បាន​ក្លាយ​ជា​អង្គការ​ចាត់​តាំង​យុវជន​មួយ​ដ៏​ធំជា​ងគេ​នៅក្នុ​ងប្រទេស​​។​

​លោក​ ហ៊ុន ​ម៉ា​នី បាន​សង្កត់​ធ្ងន់​ថា៖ «​ស​.​ស​.​យ​.​ក​. បានសម្រេច​ឈានមុ​ខ​ក្នុង​កិច្ចការ​ប្រមូលផ្តុំ​កម្លាំង​យុវជន​ឱ្យ​ក្លាយជា​កម្លាំង​សាម​គ្គី​ជាតិ ក្នុង​ការងារ​កសាង​សុខ​សន្តិ​ភាព ប្រជាធិប​តេយ្យ ដើម្បី​បន្ត​ដំណើរ​ឆ្ពោះទៅ​កាន់​សង្គម​ទំនើប​មួយ​ រស់​រវើក ​មាន​សុវត្ថិ​ភាព បរិ​ស្ថាន រស់នៅ​ល្អ​ប្រសើរ​ មាន​វឌ្ឍនភាព​​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុង​សេច​ក្តីប៉ងប្រាថ្នា​ ក្លាយ​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ »​។​

​តាមរ​យៈ​សេចក្តី​ប្រកាស​របស់​ ស​.​ស​.​យ​.​ក​. ជុំវិញ​អង្គ​សន្និបាត​នេះ បាន​គូ​សបញ្ជាក់ពី​វឌ្ឍនភាព​នៃ​សក​ម្មភាព​របស់ខ្លួន​ក្រោយ​ប​ញ្ចប់​កិច្ចពិ​ភាក្សា​ ដោយ​មានការ​សង្ខេប​របាយការណ៍​ពី​សំណាក់​លោក​ ឌី វិជ្ជា ជា​អនុ​ប្រធាន​ ស​.​ស​.​យ​.​ក​. និង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​ដឹក​នាំ​វិសោធន​កម្ម​លក្ខន្តិកៈ​។​

​លោក​ឌី វិជ្ជា បាន​ថ្លែង​ថា អង្គ​មហា​សន្និបាត​វិសា​មញ្ញ ស​.​ស​.​យ​.​ក​. បាន​អនុម័ត​វិសោធ​នកម្ម​លក្ខន្តិកៈនិង​បទ​បញ្ជាផ្ទៃ​ក្នុង របស់​ខ្លួន​ដើម្បី​ឱ្យ​ស្របតា​ម​ការវិវ​ឌ្ឍ​ជាក់ស្តែង​របស់​សង្គម​ និង​ស្របតា​ម​តួនាទី​ភារ​កិច្ច​របស់ ស​.​ស​.​យ​.​ក​. សំដៅ​ធានា​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​ក្នុង​ការ​ជំរុញ​បេសកក​ម្ម និង​លើកស្ទួ​យ​បុព្វ​ហេតុ ស​.​ស​.​យ​.​ក​.​។​

​គួរ​រំឭក​ដែរ​ថា ស​.​ស​.​យ​.​ក​.​ គឺជា​រណសិរ្ស​ទូលំទូលាយ​​របស់​យុវជន​កម្ពុជាដែល​បន្តសកម្មភាព​ពីសមាគម​យុវជន​កម្ពុជា និង​​សមាគ​មយុវ​ជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បានក​កើតឡើង​កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​១៩៧៨ ដែល​ត្រូវ​បាន​ប្ដូ​ឈ្មោះ​ពី​សមា​គ​មយុវជន​កម្ពុ​ជាមក​ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​វិ​ញក្នុង​ម​ហាសន្និបាត​លើក​ទី​៣ពី​ថ្ងៃទី​ ២-៣ វិច្ឆិកាឆ្នាំ​ ២០១២​ ។​

​រណសិរ្ស​យុវជន​មួយ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណ​ង​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទីទាំង​​ក្នុង និង​ក្រៅប្រទេស​ក្នុងការ​រួមចំ​ណែក​កសា​ង​ប្រទេ​ស​កម្ពុ​ជា​មួយ​ឯករាជ្យ ​សន្តិភាព សេរី​ភាព ប្រជាធិប​តេយ្យ និង​វឌ្ឍន​ភាព​សង្គម​។​

​លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវជន​កម្ពុជា (CYN) បានលើក​ឡើង​ថា (ស​.​ស​.​យ​.​ក​.) ដែល​ជា​ស្ថាប័ន​ ដើម្បី​បញ្ជ្រាប​ឥទ្ធិពល​ដល់​យុវជន​កម្ពុជា​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​នេះ គួរតែ​ដើរ​តួនាទី​ស្នូល​ ដើម្បី​យុវជន​កម្ពុជា​ ហើយ​សមាស​ភាព​ថ្នាក់ដឹ​កនាំ​ គួរតែ​ជ្រើសរើ​សចេញ​ពី​បណ្តា​យុវជន​ដែល​មាន​វ័យ​ក្រោម​៣៥​ឆ្នាំ ជា​ជាង​យក​ក្រុម​មនុស្ស​វ័យ​ចំណាស់​ដើម្បី​ដឹកនាំ ​។

​ក្នុង​នាម​ជា​អ្នកបម្រើ​​ការងារ​ក្នុង​វិស័យ​លើកស្ទួ​យ​យុវជន​ដែ​រនោះ លោក ​ហេង គឹមហុង ​បាន​អំពាវនា​វ​ថា​៖ «​ស​.​ស​.​យ​.​ក​. គួរ​តែមា​ន​ឯករាជ​ភាព​ជាង​នេះ​បន្ថែម​ទៀត​សម្រាប់​ការបំ​ពេញ​កិច្ច​ការងារ​របស់​ខ្លួន​ដោយ​ធានា​ខ្លួន​បាន​បណ្តុះ​បណ្តាល​យុវជន​ក្នុង​ការ​ចូល​រូ​ម​កិច្ចការ​អភិ​វឌ្ឍន៍​ជាតិ​ពិត​ប្រាកដ​ មិនមែន​..សម្រាប់​គណ​បក្សន​យោបាយ​ណា​មួយ​ទេ​»។

​លោក​បញ្ជាក់ថា៖ «​គួរតែ​ផ្តល់ឱកាស​ឱ្យ​យុវជន​ដើរតួនាទី​ស្នូល មិនមែន​យក​យុវ​ចាស់​មក​ដឹកនាំ​នោះទេ ដើម្បី​សក្ដិ​សម​ដើម្បី​ពង្រឹង​យុវជន​ពិតប្រាកដ​»​។​

​លោក ​ហេង គឹម​ហុង បាន​បន្ត​ថា លោក​ចង់ឃើញ ​ស​.​ស​.​យ​.​ក​. ​នាពេ​លខាង​មុខ​មាន​ឯករាជ្យ​ផ្ទា​ល់ខ្លួន​ ផ្តល់ឱ​កាស​ដល់​យុវជន​កម្ពុជា​ដោយ​មិនមា​ន​និ​ន្នាការ​រើស​អើង​និង​​មិន​ចំណុះ​ដល់​គណបក្ស​នយោបាយ​ ដើ​ម្បី​ពង្រឹង​តួនាទី​និង​សក្តានុព​​លភាព​យុ​វជន​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​សង្គម​ជាតិ​។​

​សូម​រំឭ​កថា ​នៅ​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ២៧ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ស​.​ស​.​យ​.​ក​. បានរៀបចំ​មហាសន្និបា​ត​វិសាមញ្ញ​របស់ខ្លួន ​ក្នុង​គោលដៅ​សំខាន់ៗ ៤ គឺ ​ការ​បូក​សរុប​សក​ម្មភាព​ និង​សមិទ្ធ​ផល​ការងារ​ចន្លោះ​មហាស​ន្និបាត​​លើក​ទី ​៤ រហូតដល់​បច្ចុប្បន្ន​, ​ពិនិត្យ​ និង​អនុម័ត​វិសោធ​នកម្ម​លក្ខន្តិ​កៈ និង​ប​ទបញ្ជាផ្ទៃក្នុង​,បោះ​ឆ្នោត​បំពេញ​បន្ថែម​សមាសភា​ព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​​កណ្តាល​ និង​ពិនិត្យ និង​អនុម័ត​ផែនការ​យុ​ទ្ធសាស្ត្រ យុវ​ជន​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ ២​០២៣-​២០២៨ ៕