ភ្នំពេញ​: រយៈ​ពេល​ជិត​ ១០ ​ឆ្នាំ អ្នកស្រី​ ធុន ចិន្ដា បាន​មើល​ថែទាំ​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់ ១ ​ចំហៀង ​ដោយ​ផ្ដើម​ពី​អាការ​ដំបូង​ត្រឹម​ទន់​ដៃ និង​ជើង​ម្ខាង និង​ពិបាក​ក្នុង​ការ​និយាយ​។

​ពី​ ១​ សប្ដាហ៍​ ទៅ ​១ ​សប្ដាហ៍ ​ពី ​១ ​ខែ​ ទៅ​ ១​ ខែ​ ស្ថាន​ភាព​របស់​ម្ដាយ​ជរា​កាន់តែ​ដុនដាប ដែល​បច្ចុប្បន្ន​ស្ដ្រី​វ័យ ៧៥ ​ឆ្នាំមាន​អាការ​រឹង​ដៃជើង ខ្លួន​ប្រាណ ដោយ​មិន​អាច​ក្រោក​អង្គុយ​ដោយ​ខ្លួនឯង​បាន ​ជាពិសេស​ការ​ទំពា​អាហារ​ក៏​ជួប​ការ​លំបាក​ដែរ​។

​មុន​ពេល​បញ្ចុក​អាហារ​អ្នកស្រី​ ចិន្ដា ត្រូវ​កិន​បាយ​លាយ​ជាមួយ​ទឹកស​ម្ល រួច​លើក​ម្ដាយ​ឱ្យ​អង្គុយ ទើប​ធ្វើការ​បញ្ចុក​អាហារ​ចូល​ដោយ​ទុក​ពេល​ឱ្យ​គាត់​ទំពា​អាហារ​ទៅ​តាម​វេលា​សម​ស្រប​។

​អ្នកស្រី​បាន​រៀបរាប់​ពី​ការកត់​សម្គាល់​របស់ខ្លួន​ថា​៖ «​ខ្ញុំ​មិនដឹង​យ៉ាង​ដូចម្ដេច​បានជា​គាត់​ពិបាក​ទំពា​អាហារ​ ដែល​ខ្ញុំ​ត្រូវតែ​ស្រោច​ទឹក​សម្ល ​និង​កិន​បាយ​ឱ្យ​រាង​ម៉ដ្ឋ​បន្ដិច ទើប​គាត់​អាច​ហូប​បាន​»​។

​អ្វីដែល​ស្ដ្រី​រូបនេះ​បានលើក​ឡើង​គឺជា​អាហារ​របស់​អ្នកជំងឺ​ស្លាប់ ​១ ​ចំហៀង​ខ្លួន ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជួប​ប្រទះ​គ្រប់ៗ​គ្នា​ ដែល​បុគ្គល​មាន​វិជ្ជាជីវៈ​ខាង​ថែទាំ​អ្នក​ជំងឺ និង​គ្រូពេទ្យ​ជំនាញ​ទាម​ទារ​ឱ្យមាន​ការយក​ចិ​ត្ដ​ទុក​ដាក់​ខ្ពស់​។

​អ្នកស្រី​ សល់ ស្រី​ម៉ៅ ​អាយុ ៣៦ ឆ្នាំ ដែល​ប្រកប​អាជីព​ជា​អ្នក​ថែទាំ​ចាស់ជរា​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ ជាមួយ​បទ​ពិសោធន៍​ការងារ​ជាង ៦ ​ឆ្នាំបាន​ឱ្យដឹង​ថា សម្រាប់​អ្នកជំងឺ​ដែល​កម្រើក​ខ្លួន​មិន​រួច និង​សម្រាក​នៅតែ​លើ​គ្រែ​ ទាមទារ​អ្នក​ថែទាំ​ឧស្សាហ៍​ប្រែ​ខ្លួន​ឱ្យ​គាត់​រយៈ​ពេល​ប្រហែល​ជា ២​ ម៉ោង​ម្ដង​។

​ស្ដ្រី​ដែល​ធ្វើ​ចំណាក​ស្រុក​ជាមួយ​ស្វាមី​ដោយ​ទុក​កូន​តូចៗ​នៅ​ជាមួយ​ជីដូន​រូបនេះ បាន​អះ​អាង​ថា ការ​ឧស្សាហ៍​ប្រែខ្លួន​អ្នកជំងឺ​ឱ្យបាន​ញឹក​ញាប់​តាម​ដែល​អាចធ្វើ​ទៅបាន​នេះ គឺ​ដោយ​សារតែ​ចៀស​វាង​អ្នកជំងឺ​កើតមាន​អាការ​រលាក និង​ក្លាយ​ជា​ដំបៅ​។

​អ្នកស្រី​ ស្រី​ម៉ៅ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ពេល​មើល​ឃើញ​វីដេអូ​ទាញ​ដៃជើង​អ្នកជំងឺ​ចាស់​ជរាដោយ​គេ​ចោទ​ខ្ញុំ​ថា ខ្ញុំ​កាច់​ដៃ​កាច់​ជើង​អ្នកជំងឺ​ដូច​កាច់​ជើង​មាន់​។ខ្ញុំ​មិន​ខឹង​នឹង​ពួក​គាត់​ទេ ពីព្រោះ​ខ្ញុំ​ដឹងថា ពួក​គាត់​មិន​ធ្លាប់​មើល​មនុស្ស​ចាស់ បើ​ធ្លាប់​មើលថែ​អ្នកជំងឺ​ប្រភេទ​នេះ​ពួក​គាត់​នឹង​យល់​ពីអ្វី​ដែល​ខ្ញុំ​បានធ្វើ​»​។

​លោក​គ្រូ​ពេទ្យ​ព្យាបាល​ដោយ​ចលនា ព្រេង ​ចាន់​លី បាន​ពន្យល់​ពី​អាការ​នៃ​ជំងឺ​ស្លាប់ ​១ ចំហៀង ​ដែល​អ្នក​ជំងឺ​ក្រោក​មិន​រួច និង​ធ្វើឱ្យ​ដៃ​ជើង​ពួក​គេ​កាន់តែ​រឹង​ក្រញង់​។

​លោកវេជ្ជ​បណ្ឌិត ដែល​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត ឬ​ពេទ្យរុស្ស៊ី​រូបនេះ បាន​ពន្យល់​ថា​៖ «​វា​ដោយ​សារតែ​ការ​មិន​ទទួល​បាន​ការ​ព្យា​បាល​ដោយ​ចលនា ​ហើយ​ចំពោះ​ការថែ​ទាំ​អ្នក​ជំងឺ​បែប​នេះ ​ត្រូវ​រក​គ្រូពេទ្យ​ជំនាញ​ផ្នែក​ព្យា​បាល​ដោយ​ចលនា​»​។

​អ្នក​ជំនាញ​រូបនេះ បាន​បន្ដ​ថា អ្នក​មើលថែ​គួរតែ​ចេះ​វិធីសាស្ដ្រ​ឱ្យបាន​ត្រឹម​ត្រូវ​ក្នុង​ការថែទាំ​អ្នក​ជំងឺ​ស្លាប់ ​១​ ចំហៀង​ខ្លួន ឬ​ជន​ចាស់ជ​រា​។

​សេចក្ដី​ណែនាំ​របស់​លោក​ក៏មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​វិធីសាស្ដ្រ​មើលថែ​អ្នកជំងឺ​របស់​ស្ដ្រី​ចំណាក​ស្រុក​ពី​ស្រុក​ថ្មគោល ខេត្ដ​បាត់​ដំបង ចំពោះ​ការ​ឧស្សាហ៍​ប្រែ​ខ្លួន​អ្នកជំងឺ​ដែរ​។

​លោក ចាន់​លី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​យល់​ថា បើ​មាន​អ្នក​ជំងឺ​ប្រភេទ​នេះ​សម្រាក​នៅក្នុង​មន្ទីរ​ពេទ្យ ត្រូវ​តែមាន​គិលានុប​ដ្ឋាយិកា​ជំនាញ​ជួយ​មើល​ថែ និង​ព្យា​បាល​ពួក​គាត់ ពីព្រោះ​បើ​អត់​មាន​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ទេ អ្នក​មើល​ថែ​គួរតែ​ចេះ​ផ្លាស់ប្ដូរ​ស្ថានភាព​អ្នក​ជំងឺ​រៀងរាល់២​ម៉ោង​ម្ដង​ដើម្បី​ការពារ​កុំឱ្យ​អ្នក​ជំងឺ​មាន​ដំបៅ​ខ្នងពិសេស​នៅ​ម្ដុំ​កំប៉េះ​គូទ​»​។

​លើសពី​ការសម្អាត​ខ្លួន​ប្រាណ ការ​ប្រែខ្លួន​ និង​បំ​ផ្លាស់​ទី​ផ្សេងៗដែល​អ្នកជំងឺ​ស្លាប់ ​១ ​ចំហៀង​ខ្លួន​ គួរ​ត្រូវ​ទទួល​បាន​ការថែទាំ​ដោយ​យក​ចិ​ត្ដ​ដាក់ អ្នកស្រី ​បុប្ផា​ ជា​ឈ្មោះ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ដាក់ឱ្យ​ដោយ​ប្រភព​មិន​ចង់​បញ្ចេញ​អត្ដ​សញ្ញាណ ​បាន​ផ្ដោត​ទៅលើ​របប​អាហារ ការ​ទំពា​អាហារ​ និង​ការ​លួង​លោម​។

​អ្នកស្រី​ដែល​មាន​ម្ដាយ​កើត​អាកា​រដាច់​សរសៃ​ឈាម​ខួរក្បាល​ជាង​ ២០ ​ឆ្នាំរូបនេះ​ បាន​ឱ្យដឹង​ថា ​រយៈពេល​ ២​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ម្ដាយ​អ្នកស្រី​មិន​អាច​ដើរ​កាន់​ឈើច្រត់​ដោយ​ខ្លួន​ឯង​ និង​ត្រូវ​ដេក​រង់ចាំ​ទទួល​ការជួយ​គ្រប់​យ៉ាង​ពី​កូន ​និង​ចៅៗ​ដែល​ឆ្លាស់​វេន​គ្នា​មើល​ថែ​គាត់​។

​ស្ដ្រី​ដែល​បម្រើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជន​រូបនេះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​យើង​តែង​តែ​ផ្ដល់​អាហារ​ជួយ​សុខភាព ដោយ​ពេល​ខ្លះ គាត់​មិន​ព្រម​ពិសា ​យើង​ត្រូវ​ចេះ​លួងលោម ​ពន្យល់ តែ​ហាម​ធ្វើឱ្យ​គាត់​ខឹង​។ យើង​បាន​បន្ថែម​ផ្លែ​ឈើ​ទន់ៗ​ជូន​គាត់​ហូប​ញឹក​ញាប់​ដែល​ទុក​នៅ​ជិត​ខ្លួន​ស្រាប់​រួមទាំង​ទឹក​ក្រូច​ឆ្មារ​ច្របាច់​នាពេល​ព្រឹក​។ បើ​គាត់​សម្រាន្ដ​លក់​ស្រួល​គាត់​អាច​មាន​សុខ​ភាព​ល្អ តែ​ត្រូវ​កាត់​បន្ថយ​បាយ​ល្ងាច​ខ្លះ​ចៀស​វាង​ការ​ឡើង​គីឡូ​»​។

​យ៉ាង​ណា​មិញ អ្នកស្រី​ទទួល​ស្គាល់​ថា អ្នក​ម្ដាយ​ជួប​ការ​លំបាក​ក្នុង​ការ​ទំពា​អាហារ ​និង​សូម្បីតែ​ទឹកដែល​អាច​បង្ក​ទៅជា​ឈ្លក់​គ្រប់​ពេល​វេលា​បាន​ដែរ​។

​ពាក់​ព័ន្ធ​នឹង​អ្នកជំងឺ​ស្ទះ​ ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​-Calmette Hospital​ បាន​ផ្ដល់​ការ​ណែនាំ​មួយ​ចំនួន​ទាក់​ទង​បញ្ហា​ទទួល​ទាន​អាហារ​ និង​ចលនា​សាច់ដុំ​ចុះ​ខ្សោយ​របស់​អ្នក​ជំងឺ​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា​ ឆ្នាំ​ ២០២២​។

​យោង​តាម​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ឱ្យដឹង​ថា «​ជាទូទៅ​អ្នកជំងឺ​ស្ទះឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​តែងតែ​មាន​វិបត្ដិ​នៃ​ការហូប​អាហារ​(​ឈ្លក់​)​។​ ការ​ឈ្លក់​អាហារ​គឺ​នៅពេល​លេប​ចូល​ទៅ​ធ្វើឱ្យ​អាហារ​ឬ​ទឹកធ្លាក់​ទៅក្នុង​បំពង់​ខ្យល់ដោយ​សារតែ​បញ្ហា​ខ្សោយ​សាច់​ដុំ​បិទ​មិន​ជិត​នៃ​រន្ធ​បំពង់​ខ្យល់​នៅ​ចំហៀង​ខាង​ណាមួយ​។ នៅពេល​កាក​សំណល់​ធ្លាក់ចូល​តាម​បំពង់​ខ្យល់​ទៅ​ដល់​សួត​វា​ធ្វើឱ្យ​មាន​ការ​រលាក​សួត ឬ​អាច​ស្លាប់​បាន​ពេល​ឈ្លក់​អាហារ​ធ្ងន់ធ្ងរ​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្ដ​ថា អ្នក​ជំនាញ​ខាង​ចលនា​បង្ហាត់​បង្រៀន​ការ​លេប​អាហារ​ និង​ទឹក​ឱ្យមាន​សុវត្ថិភាព​ចំពោះ​អ្នកជំងឺ​ប្រភេទ​នេះ​។

​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នេះ​ក៏បាន​បង្ហាញ​ពី​គន្លឹះ​មួយចំនួន​ក្នុងការ​មើលថែ​អ្នកជំងឺ​ស្លាប់ ​១​ ចំហៀង​ខ្លួន ដោយ​ចាប់ផ្ដើម​សាកល្បង​ឱ្យ​អ្នកជំងឺ​ទទួលទាន​ទឹក ​៩០​ មិ​លី្ល​លិ​ត្រ ហើយ​បើ​មាន​អាការ​ឈ្លក់ ចាំបាច់​ត្រូវដាក់​សុង​ក្រពះ​ដើម្បី​ផ្ដល់​អាហារ​។

​ការធ្វើ​លំហាត់​ប្រាណ​ប្រអប់​មាត់ដូចជា បូញ​មាត់​ទៅមុខ​ទាញ​មក​ក្រោយ​វិញ​ខ្ជិ​ប​មាត់ ហា​មាត់ ធ្វើ​ចលនា​ថ្ពា​ម​ក្រោម​ងាក​ទៅ​ចំហៀង​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​។

​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្ដថា ​«​អ្នកជំងឺ​បន្ដធ្វើ​លំ​ហាត់ប្រាណ​អណ្ដាត​បន្ថែមទៀត​ដូចជា​លៀន​អណ្ដាត​ចេញ​ក្រៅ​ទាញ​ចូល​វិញ គ្រលៀស​អណ្ដាត​ក្នុង​មាត់​ ដើម្បី​ពង្រឹងកម្លាំង​សាច់ដុំ​អណ្ដាត​ឱ្យ​ខ្លាំង​ក្នុង​ការជួយ​រុញច្រាន​អាហារ​ចូលក្នុង​បំពង់ក​។ មួយវិញទៀត​ធ្វើ​លំ​ហាត់​ដោយ​ការស្រែក អា​ហ៍ៗ​ៗ​ៗ​ៗ​ៗ​ឱ្យ​វែង​ ដើម្បី​ពង្រឹង​សាច់ដុំ​ក្នុង​បំពង់ក និង​បង្កើន​កម្លាំង​ដកដង្ហើម​»​។

​នៅ​មិនទាន់​អស់​ទេ​ហ្វេ​ស​ប៊ុ​ក​មន្ទីរពេទ្យ​ដែល​ដកស្រង់​ការណែនាំ​ពី​អ្នកជំនាញ​​បង្ហាញថា អ្នកជំងឺ​នៅ​អាច​ស្រែក «​អ៊ីៗ​ៗ​ៗ​ៗ​» ឱ្យ​វែង​ដើម្បី​បង្កើន​កម្លាំង​សាច់ដុំ​ខ្ជិ​ប​បំពង់ខ្យល់​សម្រាប់​ទប់​អាហារ ឬ​ទឹក កុំឱ្យ​ធ្លាក់ចូល​បំពង់ខ្យល់​ពេល​លេប​អាហារ​។

ចំពោះ​វិធីសាស្ដ្រ​ទទួលទាន​អាហារ និង​ទឹក​ឱ្យមាន​សុវត្ថិភាព​ អ្នកជំងឺ​ត្រូវ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន​បញ្ចុក ​ឬ​ទទួល​ទាន​តាម​មាត់ ឈប់​ផ្ដល់​អាហារ​និង​ទឹក បើសិន​អ្នកជំងឺ​ក្អកឬ​អស់​កម្លាំង និង​បន្ដ​អង្គុយ​ត្រង់​ខ្លួន​យ៉ាង​ហោច​ណាស់ ៣០​ នាទី ក្រោយ​ទទួល​ទាន​រួច​។​សូមឱ្យ​ប្រាក​ដថា អ្នកជំងឺ​លេប​អាហារ​អស់ពី​ក្នុង​មាត់​សិន​មុន​ឱ្យ​ទទួល​បាន​បន្ថែម​ទៀត​។​សម្អាត​ប្រអប់​មាត់ និង​ដុស​ធ្មេញ​ឱ្យបា​ន​ទៀង​ទាត់​។

​ចំណុច​ចុង​ក្រោយ ខាង​មន្ទីរពេទ្យ​កាល់​ម៉ែត​ណែនាំ​ឱ្យ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ប្រសិន​បើ​អ្នក​ជំងឺ​ស្ទះឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​មាន​វិបត្ដិ​ក្នុងការ​ទទួល​ទាន​អាហារ​ (​ឈ្លក់​)​ ដើម្បី​ពិគ្រោះ ​និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែម​ឱ្យបាន​ល្អិត​ល្អន់​បំផុត​។

​ជាមួយ​ការ​ថែទាំ​ដោយ​យក​ចិ​ត្ដ​ទុកដាក់​ប្រកប​ដោយ​ការ​គោរព​ អ្នកស្រី​ បុប្ផា ក៏​ឆ្លៀត​ពេល​​ពី​ការងារ​នាំ​អ្នក​ម្ដាយ​ទៅ​ពិនិត្យ​សុខ​ភាព​រៀងរាល់​ចន្លោះ​ពី ៣ ទៅ​ ៦ ​ខែម្ដង ​ចំពោះ​ការ​ពិនិត្យ​ឈាម​តេស្ដ​ជាតិ​ស្ក​ខ្លាញ់ ទឹក​នោម និង​បញ្ហា​ផ្សេងៗ​ទៀត​។

​អ្នក​ស្រី​ទទួល​ស្គាល់​ថា ទោះបី​សមាជិក​គ្រួសារ​ម្នាក់ៗ​ពិតជា​រវល់​ខ្លាំង​យ៉ាង​ណាក៏​ដោយ ក៏​ពួកគេ​នៅតែ​សហ​ការគ្នា​ផ្លាស់ប្ដូរ​វេន​បំពេ​ញ​កត្តញ្ញូ​សម្រាប់​ជីវិត​ចុង​ក្រោយ​ដែល​នៅ​សេស​សល់​របស់​អ្នក​មាន​គុណ​ដែរ​៕