ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ នាថ្ងៃទី ២៨ វិច្ឆិកា ត្រៀមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៧ ទៅផ្លូវជាតិលេខ ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់ពីរដ្ឋាភិបាលចិន បានសម្រេចផ្តល់ឥណទានក្នុងការសាងសង់ស្ពាននេះ ប៉ុន្តែពេលវេលាជាក់លាក់ មិនទាន់កំណត់នៅឡើយ។
កិច្ចប្រជុំនេះដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរៀបចំផែនការ សម្រាប់ត្រៀមបើកដំណើរការសាងសង់ នៅពេលខាងមុខ ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់ នៅមិនទាន់ដឹងច្បាស់ទេ ដោយរង់ចាំការសម្រេចពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោកប្រាប់ថា៖ «យ៉ាងណា ក៏នឹងមិនយូរទៀតដែរ ហើយនៅក្រោយពេលគម្រោងស្ពាននេះសាងសង់ចប់ និងជួយសម្រួលដល់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ទៅកាន់ទីផ្សារគោលដៅ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព។
គោលបំណងចម្បង ១ ទៀត គឺការធ្វើបទបង្ហាញលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ និងការបែងចែកក្រុមការងារបណ្តោះអាសន្ន សម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្រប សម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ នាពេលឆាប់ៗខាងមុខនេះ។
សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកលី កេឈាង នាយករដ្ឋមន្ត្រីចិន មកកាន់កម្ពុជា កាលពីថ្ងៃទី ៨-១១ វិច្ឆិកា ភាគីទាំង ២ បានឯកភាពគ្នាចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះ ដោយមានការចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ផងដែរ។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះមានប្រវែង ៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ (រង្វង់មូលខ្លាស្ទុះ)ទៅផ្លូវជាតិលេខ ៦០B ក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ ម៉ែត្រ។ ត្រើយខាងកើតស្ថិតត្រង់ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង ១៦,២០ គីឡូម៉ែត្រ។
គម្រោងនេះ គ្រោងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ ដែលនឹងចំណាយថវិកា សរុបប្រមាណ ១១១,៩៨ លានដុល្លារសហរដ្ឋអាមេរិកដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ប្រើពេលសាងសង់ប្រមាណ ៤២ ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕