ព្រះសីហនុៈ នាវា​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស ដែលមាន​នាវិក​ប្រមាណ​ជិត ១០០​ នាក់​គ្រោង​នឹង​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ នា​ដើមឆ្នាំ​ ២០២៣ រយៈពេល ៥ ​ថ្ងៃ ដើម្បី​ពង្រឹង​ទំនាក់​ទំ​ង​ង និង​កិច្ច​សហប្រតិបត្តិ​ការឱ្យ​កាន់តែ ជិតស្និទ្ធ​រវាង​អង់គ្លេស និង​កម្ពុជា និង​ដើម្បី​ធានា​នូវ​សុវត្ថិ​ភាព​ផ្លូវ​សមុទ្រ​។​

​លោក​ឃាង ភារ​ម្យ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​២៩ ខែវិច្ឆិកា ថា​៖ «​តាម​ការគ្រោងទុក នាវា​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស​នឹង​ចូលមក​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ខាងមុខ​។ កន្លែង​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី​ទស្សនកិច្ច​ឱ្យ លម្អិត​ហ្នឹង​គឺ​យើង​អត់​ទាន់​ទទួលបាន​នៅឡើយ​ទេ​»​។​

​កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែវិច្ឆិកា លោក​ដូ​មី​នី​ក វិ​ល្លៀម​ស៍ (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដោយ​ភាគី​ទាំង​ ២​ បាន​ជជែក​គ្នា​អំពី​ការសុំ​ចូល​​ចត​នាវា​ចក្រភព​អង់គ្លេស​នៅក្នុង​ខេត្ត​នេះ​។​

​អត្ថបទ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្ត​នេះ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​បញ្ជាក់ថា លោក គួច ចំរើន បានប្រកាស​ស្វាគមន៍​ទុកជាមុន នូវ​វត្តមាន​នាវា​កងទ័ពជើងទឹក​អង់គ្លេស​ដែល​គ្រោង​នឹង​ចូល​​ចត​នៅ​ខេត្ត​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។ លោក Williams ត្រូវបាន​ស្រង់​សម្តី​ក្នុង​អត្ថបទ​នេះ​ថា ដំណើរ​ទស្សនកិច្ច​នាវា​ជើង​ទឹក​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោក​បាន​ស្នើសុំ​ការចូល​​ចត​នាវា​កងទ័ពជើងទឹក​នេះ​។​

​លោក Jasmin Murray សេនានុព័ន្ធ​យោធា​នៃ​ចក្រភព​អង់គ្លេស​ត្រូវបាន​ដកស្រង់​សម្តី​នៅក្នុង​អត្ថបទ​ផ្សព្វផ្សាយ​នេះ​ថា​៖ «​ដំណើរ​ទស្សនកិច្ច​នាវា​កងទ័ពជើងទឹក​ច​ក្រ​ភព​អង់​គ្លេ​ស​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​អង់គ្លេស និង​កម្ពុជា ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មកកាន់​កម្ពុជា គឺ​ដើម្បី​ធានា​សុវត្ថិភាព​ផ្លូវ​សមុទ្រ​។

លោក​បន្តថា​៖ «​ដូច្នេះ​នាវា​ដែល​គ្រោង​ចូលមក​កម្ពុជា បើ​ប្រៀប​នឹង​នាវា​ប្រទេស​ផ្សេង​វា​មាន​រាងតូច​បន្តិច ព្រោះ​វា​ជា​នាវា​ល្បាត យើង​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ហើយក៏​មានកម្ម​វិធី​ទាក់ទង​កីឡា និង​សាលា​ផ្នែក​វិស្វកម្ម ដំណើរ​ទស្សនកិច្ច​រប​ស់នា​វា​ជើង​ទឹក​អង់គ្លេស​នៅ​កម្ពុ​ជាមាន​រយៈពេល​ ៥ ​ថ្ងៃ មាន​នាវិក​ប្រមាណ​ជិត​ ១០០​ នាក់​»​។​

​លោក គួច ចំរើន ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា កម្ពុជា​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​បានទទួល​ស្វាគមន៍​នាវា​បរទេស​ជា​បន្តបន្ទាប់​ក្នុងឆ្នាំនេះ​គឺ​ទទួល​នាវា​ជប៉ុន ថៃ និង​កាណាដា​ចូល​ចត ធ្វើ​ទំនាក់ទំនង និង​ចែករំលែក​​បទពិសោធន៍​ដល់​កងទ័ពជើងទឹក​ក​ម្ពុ​ជា ដើម្បី​ពង្រឹងសមត្ថភាព​ឈានទៅ​ពង្រីក​ទំនើបកម្ម​កងទ័ពជើងទឹក​នៅពេល​ខាង​​មុខ​។ លោក​បន្តថា ការចូល​ចត​ច្រើនជាងគេ គឺ​នាវា​ជើង​ទឹក​សហរដ្ឋអាមេរិក ដោយបាន​ផ្តល់​ការចែករំលែក​បទ​ពិ​សោធន៍ ធ្វើ​ការងារ​មនុស្សធម៌ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​កាលពី​ខែមីនា ឆ្នាំ​ ២០២២ នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ ២ គ្រឿង URAGA និង HIRADO ដែលមាន កង​នាវិក​ ១៨០ ​នាក់​បាន​សុំចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈ​​ពេល​ ៣ ​ថ្ងៃ ដើម្បី​លើកកម្ពស់​មិត្តភាព ពង្រឹង​ការយល់ដឹង​ពីគ្នា​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា និង​សម្រេចបាន​នូវ ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។​

​កាលពី​ឆ្នាំ​ ២០២១ នាវាចម្បាំង​កង​ទ័ពជើងទឹក​អូស្ត្រាលី​ចំនួន​ ១​ គ្រឿង ដែល​ផ្ទុក​នាវិក​ជិត ១៦០​ នាក់ បានមក​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហនុ ដើម្បី​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២​។​

​កាលពី​ឆ្នាំ​ ២០១៩ នាវា​កងទ័ព​ជើង​ទឹក​ចិន​ចំនួន ៣ គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​ ៤ ​ថ្ងៃ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​ទៅលើ​ផ្នែក​យោធា​នៃ​ប្រទេស​ទាំង​ ២​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​​ចូល​សំចត​នៃ​នាវា​ជើង​ទឹក​ចក្រភព​អង់​គ្លេ​ស​នេះ​គឺជា​រឿង​ល្អ​មួយ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​របស់​កម្ពុជា​ជុំវិញ​បញ្ហា​មូល​ដ្ឋា​ន​យោធា​នៅ​រាម ដែល​តែងតែមាន​ការលើកឡើង និង​ការចោទប្រកាន់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​មូលដ្ឋានទ័ព​ចិន​នៅ​ទីនោះ​ជាដើម​។ វា​ក៏​ជាការ​បង្ហាញឱ្យឃើញ​ការវិវឌ្ឍ​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ផងដែរ ជាពិសេស​គឺ​មួយរយៈ​ចុងក្រោយ​នេះ ទំនាក់ទំនង​កម្ពុជា​-​អង់គ្លេស​ក៏មាន​ការវិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​មួយចំណែក​ទៀត​ពាក់ព័ន្ធ​ជាមួយនឹង​ការចោទប្រកាន់​កន្លងមក​ដែលថា កម្ពុ​ជាមាន​កិច្ចសហការ​លើ​វិស័យ​យោធា​តែ​ជាមួយ​ចិន​ដោយ​ផាត់​ចោល​លោកខាងលិច​អី​ជាដើម​អ៊ីចឹង ជាពិសេស​កន្លងមក​ដូចជា​ការ​ផ្អាក​សមយុទ្ធ​អី​ជាមួយ​សហរដ្ឋ​អា​មេ​​រិ​ក ក៏មាន​ការចោទប្រកាន់​ដែរ​។ អ៊ីចឹង វត្តមាន​របស់​យោធា​ជើង​ទឹក​អង់គ្លេស​នៅ​ទីនោះ​ក៏​បង្ហាញ​ពី​កិច្ចសហការ​មិន​រើសមុខ​របស់​កម្ពុជា មានន័យថា ចម្រុះ​ពណ៌​មិន​ថា​ចិន សហរដ្ឋអាមេរិក ជប៉ុន​អី​ទេ គឺ​យើង​តែងមាន​កិច្ចសហការ​ល្អ ហើយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក៏​យើង​មាន​កិច្ចសហការ​ល្អ​ដែរ​»​។​

​លោក គិ​ន ភា បន្តថា ការចូល​សំចត​នៃ​នាវា​នេះ​ក៏​នឹង​រួមចំណែក​ធ្វើឱ្យ​ទំនាក់​ទំនង​កម្ពុជា​-​អង់គ្លេស​ប្រសើរ​ជាង​មុន ហើយ​តិច​ឬ​ច្រើន ក៏​វា​បាន​បង្ហាញថា ការចោទប្រកាន់​ទាំងឡាយ​ត្រូវបាន​លាងជម្រះ​មួយចំនួន​ផងដែរ ដោយ​លោក​បន្ថែមថា​៖ «​កុំ​ឱ្យតែ​កាលណា​និយាយ​ពី​រឿង​កម្ពុជា វា​ដូចជា​នៅក្រោម​ស្រមោល​ចិន ក្រោម​ស្រមោល​ទំនាក់ទំនង​កម្ពុជា​-​ចិន ដោយ​អត់​បាន​មើលឃើញ​កម្ពុជា​ក្នុងនាម​ជា​កម្ពុជា​។ គេ​ចេះតែ​នាំគ្នា​មើល​កម្ពុជា​នៅក្រោម​រូបភាព​ជាមួយ​ចិន​ទៅវិញ​»៕