ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងចំណាយថវិកាប្រមាណជា ២១ ពាន់លានរៀល សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ ហើយក្រសួងក៏បានបិទផ្សាយបញ្ជីរាយនាមបេក្ខជនប្រឡងបាក់ឌុប ហើយផងដែរ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថា ក្រសួងអប់រំ គ្រោងចំណាយថវិកាសរុបសម្រាប់ការប្រឡងបាក់ឌុប នៅដើមខែខាងមុខនេះ ប្រមាណ ២១ ពាន់លានរៀល។ ការចំណាយនេះ គឺផ្តោតលើការឧបត្ថម្ភដល់គណៈកម្មការនានា ដែលមានចាប់ពីដំណាក់កាលនៃការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងដំណាក់កាលនៃការបូកស្រង់ដោយកុំព្យូទ័រ។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ ២០២២ នេះក្រសួងអប់រំ ក៏បានរៀបចំគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ក៏ដូចជាគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំជាង ៧ ម៉ឺន ៧ ពាន់នាក់។ នេះបើតាមការ លើកឡើងរបស់លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។
លោកថ្លែងថា ក្នុងនោះ ក៏មានការសហការជាមួយអង្គភាពប្រឆាំង អំពើពុករលួយនៅគ្រប់ដំណាក់កាលទាំងអស់នៃការប្រឡង។ អង្គភាពប្រឆាំងអំពើពុករលួយនឹង រៀបចំឱ្យមានអ្នកចូលរួមសង្កេតការណ៍ប្រមាណ ២ ០០០ នាក់។ រីឯសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចូលរួមសម្រួលដល់ការប្រឡងផងដែរ។
ទន្ទឹមនឹងនេះ លោក រស់ សុវាចា បានឱ្យដឹងដែរថា ចាប់ពីព្រឹកថ្ងៃទី ២៨ វិច្ឆិកា ២០២២ មណ្ឌលប្រឡងបាក់ឌុបនៅទូទាំងប្រទេស មានការបិទផ្សាយបញ្ជីរាយនាមបេក្ខជនប្រឡងបាក់ឌុបបញ្ជាក់ពីមណ្ឌលប្រឡងរបស់បេក្ខជន។
លោកបញ្ជាក់ថា៖ «ការបិទផ្សាយ លេខបន្ទប់ និងលេខតុ នឹងមានជូននាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ នៅតាមមណ្ឌលប្រឡងនីមួយៗ។ សូមបេក្ខជនប្រឡងបាក់ឌុប និងគ្រប់ភាគីពាក់ព័ន្ធ បន្តអនុវត្តវិធានសុខភាព សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍»។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ទាក់ទងនឹងការគោរពច្បាប់ចរាចរណ៍នេះថា បេក្ខជនប្រឡងត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស នៅពេលធ្វើដំណើរមកពិនិត្យបញ្ជីឈ្មោះ និងពេលប្រឡង។
លោកថ្លែងថា៖ «យើងដឹងហើយ ថា គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមានមនុស្សស្លាប់ច្រើន គឺច្រើនជាងស្លាប់ ដោយសារជំងឺកូវីដ ១៩ ទៅទៀត។ ដូចនេះខ្ញុំសូមធ្វើការអំពាវនាវឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ហើយយើងក៏សុំកុំឱ្យការផាកពិន័យក្លាយជាការ [ដាក់ទណ្ឌកម្ម] សម្រាប់សិស្សផង តែត្រូវផ្តោតលើការអប់រំជាធំ»។
ដោយឡែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជួយសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិនេះផងដែរ។ ការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស អនុរក្ស និងសិស្សអាចនឹងចាំបាច់ត្រូវបំផ្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីលំនៅបច្ចុប្បន្នដើម្បីចូលរួមការប្រឡង។
លោក ថោង ខុន បញ្ជាក់ថា៖ «ដូចនេះ សូមអំពាវនាវប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ពិសេសសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងនេះ»។
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៤ នាក់ ក្នុងនោះបេក្ខនារី ៦៨ ៧៧១ នាក់ មានមណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា រំពឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ អាចនឹងប្រកាសនៅថ្ងៃទី ២៧ ខែធ្នូ សម្រាប់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត៕