The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្មេងប្រុស​-​ស្រី ​៤​ នាក់​បាន​លង់ទឹក​ស្លាប់ ពេលកំពុង​ដើរ​រាវ​គ្រំ លៀស ​ក្នុង​បឹង​សំរោង

ក្មេងប្រុស​-​ស្រី ​៤​ នាក់​បាន​លង់ទឹក​ស្លាប់ ពេលកំពុង​ដើរ​រាវ​គ្រំ លៀស ​ក្នុង​បឹង​សំរោង

Content image - Phnom Penh Post
សាកសពក្មេងដែលស្រង់ចេញពីក្នុងបឹង។ រូបថត នគរបាល

ក្មេងប្រុស​-​ស្រី ​៤​ នាក់​បាន​លង់ទឹក​ស្លាប់ ពេលកំពុង​ដើរ​រាវ​គ្រំ លៀស ​ក្នុង​បឹង​សំរោង

ភ្នំពេញៈ ​ក្មេងប្រុស​-​ស្រី ​៤​ នាក់​បាន​លង់ទឹក​ស្លាប់ ពេល​ដើរ​រាវ​គ្រំ លៀស​ក្នុង​បឹង​សំរោង ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែល​ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក រស់ វិជ្ជា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ដំណាក់​អំពិល​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កុមារ​រងគ្រោះ ដែល​ស្លាប់​ក្នុងករណី​ខាងលើនេះ រួមមាន​កុមារី នី ស្រី​ណាក់ អាយុ ​១៣​ ឆ្នាំ​, កុមារី នី ស្រី ណា អាយុ ​១៣​ ឆ្នាំ (​ពួកគេ​ទាំង ​២ ​នាក់ ជា​បងប្អូន​ស្រី​ភ្លោះ​នឹង​គ្នា​), កុមារា ថា​ន គីម​យ៉ាង អាយុ​ ១២ ​ឆ្នាំ និង​កុមារា ថា​ន ថា​នុ អាយុ​ ១០ ​ឆ្នាំ (​កុមារា​ទាំង​ ២​ ជា​បងប្អូន​បង្កើត​នឹង​គ្នា​)​។ កុមារ​រងគ្រោះ​ទាំង ​៤​ នាក់ មាន​លំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

លោក វិជ្ជា​ បាន​ថ្លែងថា​៖ «​ឪពុកម្ដាយ​របស់​ពួកគេ រួមទាំង​អ្នកភូមិ មិនបាន​ដឹងថា ពួកគេ​ទាំង​ ៤​ នាក់ លង់ទឹក​ស្លាប់​តាំងពី​ពេលណា​នោះទេ ព្រោះ ជាប់រវល់​ទៅ​លក់ដូរ​នំចំណី​នៅតាម​រោងចក្រ​»​។​

បើតាម​លោក វិជ្ជា ក្រោយ​ត្រឡប់​ពី​លក់ដូរ​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មិនឃើញ​ពួកគេ​នៅផ្ទះ ឪពុក​ម្ដាយ​របស់​ពួកគេ មិនបាន​ដើររក​ពួកគេ​ភ្លាម​នោះទេ ដោយ​នឹកស្មានថា ​ពួកគេ នាំគ្នា​ដើរលេង​នៅតាម​ផ្ទះ​អ្នកជិតខាង​ដែល​នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ប៉ុន្តែ​ក្រោយពី​ដាំ​ស្ល​រួច នៅតែ​មិនឃើញ​ពួកគេ​ត្រឡប់មកផ្ទះ ដើម្បី​មក​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជុំគ្នា ដូច​សព្វមួយដង​នោះ ក៏​នាំគ្នា​ដើរ​ស្រែក​ហៅរក​ពួកគេ ពី​ផ្ទះ ១ ​ទៅផ្ទះ​ ១ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នៅក្នុង​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន ជួយ​ដើរ​តាមរក​ពួកគេ​។

លោក​បាន​បន្តថា លុះដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល អ្នកភូមិ​និង​ឪពុកម្ដាយ​របស់​ពួកគេ ក៏បាន​ប្រទះឃើញ​គំនរ​ស្បែកជើង និងថង់​ដាក់​គ្រំលៀស​របស់​ពួកគេ​នៅក្បែរ​មាត់​ព្រែក ជាប់​បឹង​សំរោង ក៏​នាំគ្នា​ផ្អើលឆោឡោ​កាន់តែខ្លាំង​ឡើយ ដោយ​សង្ស័យថា ​ពួកគេនាំគ្នា​មករា​វ​លៀស​នៅ​ទីនោះ ហើយ​លង់ទឹក​ស្លាប់​។​

លោក​បាន​បញ្ជាក់ថា​៖ «​ដំណឹង​នេះ ក៏​បានឮ​ដល់​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​នៃ​កង​ទាហាន​ឆត្រ​យោងលេខ​ ៩១១ ចុះ​មកជួយ​រាវរក​កុមារ​រងគ្រោះ​ទាំងនោះ​ទាំងយប់​។ ក្នុង​ប្រតិបត្តិការ​ពេញ​ ១​ យប់នោះ ក្រុម​សមត្ថកិច្ច បាន​ប្រទះឃើញ​សព​កុមារី​ ២ ​នាក់ ដែលជា​កូនភ្លោះ នៅវេលា​ម៉ោង ​១១:៤០ ​នាទី​យប់​ថ្ងៃទី​ ២៩ ខណៈ​សព​កុមារា​រងគ្រោះ ​២ នាក់​ទៀត ត្រូវបាន​រកឃើញ​នៅវេលា ម៉ោង ៤:១១​ នាទី​ព្រឹក​ទៀបភ្លឺ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២»​។

បច្ចុប្បន្ន សព​កុមារ​រងគ្រោះ​ទាំង​ ៤​ នាក់ កំពុង​ត្រូវបាន​ឪពុកម្ដាយ រៀបចំ​ធ្វើ​ពិធីបុណ្យ​នៅ​វត្ត​ដំណាក់​អំពិល ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ ពី​អាជ្ញាធរ​មូលដ្ឋាន និងអ្នកជិតខាង​នៅក្នុង​ភូមិ ព្រមទាំង​គណៈកម្មការ​អាចារ្យវត្ត​ដំណាក់​អំពិល ព្រោះ​ឪពុកម្ដាយ​របស់​កុមារ​រងគ្រោះ​ទាំង​ ៤ ​នាក់​នោះ គឺជា​គ្រួសារ​ក្រីក្រ​។​

ឪពុក​កុមារា​រងគ្រោះ ថា​ន គឹ​យ៉ាង និង ថា​ន ថា​នុ គឺ​លោក ថា​ន ផាន់​ណា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី ទូច ស្រី​ម៉ុ​ច បាន​ដឹក​នំចំណី​ទៅ​លក់​នៅមុខ​រោងចក្រ​កាត់ដេរ ហើយ​គាត់ ដែលជា​មន្ត្រី​យោធា​នៃ​អង្គភាព​កងវិស្វកម្ម​លេខ ​៧២ បាន​ចេញទៅ​បំពេញការងារ​នៅឯ​បន្ទាយ​។ ពួកគាត់​ទាំង​ ២ មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​មើលថែទាំ កូនប្រុស​ទាំង​២​នាក់​បានល្អ​នោះទេ ដោយសារតែ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ ដែល​ចាំបាច់​ត្រូវតែ​ប្រឹងប្រែង​ធ្វើ​ការងារ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​ការសិក្សា​របស់​ពួកគេ​។​

លោក​ថ្លែងថា​៖ «​ពួកគេ​ជា​កូន​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ និង​ចេះ​ជួយ​កិច្ចការ​ផ្ទះ និង​មិនដែល​ធ្វើឱ្យ យើងខ្ញុំ​ជា​ឪពុកម្ដាយ​ព្រួយបារម្ភ​ឡើយ​។ ការស្លាប់​របស់​ពួកគេ​នៅពេលនេះ បានធ្វើឱ្យ​យើងខ្ញុំ​ជា​ឪពុកម្ដាយ​មានការ​ស្ដាយស្រណោះ​ជាខ្លាំង​»៕

អត្ថបទគួរចាប់អារម្មណ៍