ភ្នំពេញៈ កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា មាន​អត្រា​គ្របដណ្ដប់​សេវា​ព្យាបាល ថែទាំ​អ្នកជំងឺ​អេដស៍​រហូតដល់​ ៩៩% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ហើយ​គិត​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ នេះ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន​ ៦៣ ៦១០​ នាក់ បាន​កំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង មេរោគ​អេដស៍​ដោយ​ឥត​គិត​ប្រាក់​ពី​មន្ទីរពេទ្យ​រដ្ឋ​។​

​នេះ​បើតាម​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារលិខិត​ក្នុងឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​១​ ធ្នូ ឆ្នាំ​ ២០២២​។ លោក​បាន​បញ្ជាក់ថា អ្នក​ផ្ទុក​​មេរោគ​អេដស៍​នៅ​កម្ពុជា ត្រូវបាន​រាប់បញ្ចូល​ក្នុងចំណោម​ប្រជាជន​ក្រីក្រ​ដែល​កំពុង​ទទួល បាន​កា​រ​គាំពារ​សង្គម​កាន់តែ​ទូលំទូលាយ​។​

​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ​ ២០២២​ នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ធ្វើឱ្យមាន​សមភាព​»​ ដែល​ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​រួមគ្នា​ជាស​កល ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់ របស់​ប្រជាជន​នៅលើ​សកល​​លោក ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង ជំនាញ និង​បទ​ពិ​​សោធន៍​ថ្មីៗ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួលបាន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែលមាន​ចំ​ណុ​ច​សំខាន់ៗ​ជាច្រើន ក្នុងនោះ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា មាន​អត្រា​គ្របដណ្ដប់​សេវា​ព្យាបាល ថែទាំ​អ្នកជំងឺ​អេដស៍​ខ្ពស់​ជាងគេ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ខ្ពស់ជាង​ប្រទេស​ធំៗ​ដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម​»​។​

​លោក ហ៊ុន សែន បាន​បន្ថែមទៀតថា អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​កម្ពុជា ត្រូវបាន​រាប់បញ្ចូល​ក្នុងចំណោម​ប្រជាជន​ក្រីក្រ​ដែល​កំពុង​ទទួលបាន​កា​រ​គាំ​​ពារ​សង្គម​កាន់តែ​ទូលំទូលាយ ហើយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សហការ​ជាមួយ​ក្រសួងផែនការ ដើម្បី​កែសម្រួល​នីតិវិធី​ក្នុងការ​អនុ​​ញ្ញាត​ឱ្យ​អ្នក​ផ្ទុក​មេ​រោ​គេ​អេដស៍​ទាំងអស់ ដែល​ពុំទាន់​ទទួល​បានការ​គាំពារ​សង្គម អាច​ទទួល​បណ្ណសម​ធ​ម៌ ឬ​បណ្ណ​ជនក្រីក្រ​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ៦៣ ៦១០​ នាក់ បាននិងកំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដោយ​ឥត​គិត​ប្រាក់​ពី​មន្ទីរពេទ្យ​រដ្ឋ ហើយ​ក្នុងនោះ​អ្នក​ផ្ទុកមេរោគ​​អេដស៍ ចំនួន ៦ ៦១៧​ នាក់ បានទទួល​បាន​បណ្ណ​មូលនិធិ​សមធម៌​ផងដែរ​»​។

​ទន្ទឹមនឹង​នេះដែរ កម្ពុជា ជា​ប្រទេស​ឈានមុខ​មួយ ដែល​កំពុង​ផ្លាស់ប្ដូរ​មុខមាត់​កម្មវិធី​អេដស៍​ពី​ការពឹង​ផ្អែកលើ​តែ​ជំនួយ​ខាងក្រៅ មកជា​កម្ម​​វិធី​អេដស៍​ដែលមាន​ភាព​ធន់ និង​មាន​ចីរភាព ហើយ​កម្ពុជា បានចាប់ផ្តើម​ពង្រឹង​ប្រព័ន្ធ​ជាតិ សំដៅ​បង្កើត​ចរន្ត​ជាតិ​មួយ​ដែល​មុត​ស្រួច​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវខិតខំ​ថែមទៀត ក្នុងការ​ស្វែងរក​អ្នក​ផ្ទុកមេរោគ​​អេដស៍ ដែល​បាត់​មុខ​មិនទាន់​មក​ទទួល​សេវា​ព្យាបាល​ប្រមាណ ១១ ០០០​ នាក់ និង​ក្នុងការ​​បញ្ចៀស​កុំឱ្យ​មានការ​បោះបង់​ការ​ព្យាបាល​របស់​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់​។

​លោក​ថា ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរ​តួនាទី​នាំមុខ ជា​អ្នកសម្របសម្រួល​កម្មវិធី​បង្ការ ទប់ស្កាត់​ការរីក​​រាលដាល នៃ​មេរោគ​អេដស៍​ក្នុងចំណោម​ប្រជាជន​គន្លឹះ ដូចជា​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​ អ្នក​បម្រើសេវា​កម្សាន្ត​សប្បាយ​ជាដើម​។

​លោក ហ៊ុន សែន ថា៖ «​ការ​​អំពាវនាវ​ធ្វើឱ្យមាន​សមភាព របស់​ពិភពលោក ក៏ដូចជា​ប្រ​ទេស​កម្ពុជា ជំរុញ​ឱ្យ​យើង ធ្វើ​សកម្មភាព​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​ ២០២៥ ដោយ​ត្រូវ​លើក​​កម្ពស់​ភាព​អាច​រកបាន​គុណ​​ភាព និង​ភាព​ស័ក្តិសម​នៃ​សេវាកម្ម សម្រាប់​ការព្យាបាល ការធ្វើ​តេស្ត និង​ការបង្ការ​មេរោគ​អេដស៍​»​។

​ទន្ទឹមនឹងនេះ លោក​ ហ៊ុន​ សែន បាន​អំពាវនាវ​ដល់​អង្គ​ការ​ដៃគូ​អន្តរជាតិ ជួយ​គាំទ្រ ការពង្រឹង​ប្រព័ន្ធ​ជាតិ តាមរយៈ​ការបន្ត​ផ្តល់ជំនួយ​ហិរញ្ញ​វត្ថុ និង​បច្ចេកទេស​ក្នុង​ការងារ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ក្នុងប្រទេស ក្រោម​ការដឹកនាំ​សម្របសម្រួល របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺអេដស៍​។​

​លោក​ថ្លែងថា ៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការ​​រួមគ្នា​ជា​ពហុ​វិស័យ សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កាកបាទ​ ក្រហម​កម្ពុជា អង្គការ​មិនមែន​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន អ្នក​ផ្ទុកមេរោគ​ អេដស៍ ក្រុម​ប្រជាជន​គន្លឹះ និង​សហគមន៍ ដើម្បី​លុប​បំ​​បាត់​ការចម្លង​មេរោគ​អេដស៍ និង​យកជ័យ​ជម្នះ​លើ​មេរោគ​អេដស៍​ឱ្យបាន​តាម​កាល​កំ​​ណ​ត់​»​។​

​លោក តែង គ​ន្ធី អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​អនុប្រធាន​ក្រុម​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​ថ្លែង​ក្នុង​កម្មវិធី​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ លើក​ទី​ ៣៥ កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ថា ផ្សព្វផ្សាយ​ពី​បញ្ហា​អេដស៍ និង​ការយល់ដឹង​ពី​អេដស៍​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។​

​លោក​បាន​ឱ្យដឹងទៀតថា៖ «​បញ្ហា​នៃ​ការឆ្លង​រាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍ វា​ជា​បញ្ហា​សកល​មួយ ហើយ​វា​ទាក់ទង​ទៅនឹង​សកម្មភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​តែម្តង ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​សកលលោក​ទាំង​​មូល​នេះ មានការ​យល់ដឹង​ជាប់​ជាប្រចាំ​»​។​

​ទាក់ទង​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ពី​ជំងឺអេដស៍ មេរោគ​អេដស៍​នេះ លោក តែង គ​ន្ធី បាន​បញ្ជាក់ថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា នៅក្នុង​ប្រទេស​កម្ពុជា ការយល់ដឹង​ទាក់ទង​នឹង​បញ្ហា​អេដស៍​នេះ​ហាក់ដូច​ជាមាន​កម្រិត​ថយចុះ​ទៅវិញ ជាពិសេស​នៅក្នុង​អំឡុងពេល​ដែល​ក​ម្ពុ​ជា​កំពុង​ប្រឈម​នឹង​បញ្ហា​កូ​វីដ ​១៩ ស្ថានភាព​ហាក់ដូចជា​ធូរស្រាល​នៃ​បញ្ហា​អេដស៍​នេះ​ផងដែរ​។​

​លោក តែង គ​ន្ធី បាន​លើក​​ឡើង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​ហាក់ដូចជា​នៅ​កម្រិត​មួយ​ខ្ពស់​នៅឡើយ ដែលជា​កម្រិត​មួយ​ដែល​កម្ពុជា​មិន​ពេញចិត្ត និង​មិន​ចង់បាន​នោះទេ ដែល​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មាន​រហូតដល់ ១ ១០០ នាក់ ក្នុង​ ១ ​ឆ្នាំ​។​

​លោក​ថា ៖ «​ទិសដៅ​របស់​យើង គឺ​យើង​ចង់ឱ្យ​នៅក្រោម​ហ្នឹង ហើយ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ភាគច្រើន​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​នោះ​ជា​យុវវ័យ​។ ដូច្នេះ​យុវជន របស់​យើង​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ដោយ​ខ្លួន​ឯង​ពី​បញ្ហា​អេដស៍​នេះ​»​។​

​នា​ថ្ងៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​ ២០២២​ នេះដែរ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ (AHF) បាន​អំពាវនាវ​ផង​​ដែរ​ថា បញ្ហា​អេដស៍​មិនទាន់​បញ្ចប់​ទេ​។​

​លោក ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) បានឱ្យដឹង​ដែរ​ថា ក្នុងឱកាស​នៃ​ទិវា​ពិ​ភព​លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ អង្គការ AHF ធ្វើឡើង​ដើម្បី​ប្រាប់​ពិភពលោក​ថា «​យើង​អាច​ធ្វើបាន​!» ហើយ​កំពុង​ប្រើប្រាស់​ប្រធានបទ «​មិន​​ទាន់​បញ្ចប់​ទេ​» ដើម្បី​ជំរុញ​ក្រុម​អ្នកតស៊ូ​មតិ និង​អ្នក​ពាក់​​ព័ន្ធ​នៅ​ទូទាំង​អាស៊ី ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​មេរោគ​អេដស៍​/​ជំងឺអេដស៍​។

​លោក​បាន​អះអាងថា នៅក្នុង​តំបន់​មួយចំនួន​នៃ​ទ្វីបអាស៊ី ជាពិសេស​ក្នុង​តំបន់​មាន​ចំនួន​ប្រជាជន​រស់នៅ​ច្រើន ការឆ្លង​មេរោគ​អេដស៍​ថ្មីៗ​កំពុង​កើន​ឡើង ដែល​ពួកគេ​ធ្លាប់បាន​មើលឃើញ​មានកា​ធ្លាក់ចុះ​កាលពី​ ១​ ទសវត្សរ៍​កន្លងមក​៕