ភ្នំពេញៈ លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានផ្ដល់បទសម្ភាសន៍ដល់ភ្នំពេញប៉ុស្តិ៍្តពីកិច្ចខិតខំប្រឹងប្រែង ជួសជុលស្ដារឡើងវិញនូវប្រាសាទបុរាណ។
តើអាជ្ញាធរជាតិអប្សរា មានផែនការជាយុទ្ធសាស្ត្រយ៉ាងណា ដើម្បីបន្តគាំទ្រ និងលើកកម្ពស់វិស័យវប្បធម៌ និងទេសចរណ៍នៅតំបន់អង្គរវត្ត?
ជាផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិអប្សរា គឺប្រែក្លាយតំបន់អង្គរជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព។ ដោយត្រូវធ្វើការផ្ដោតជាសំខាន់ទៅលើការផ្ដល់ទំនុកចិត្ត និងសេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះរួមមាន ការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ការរៀបចំផ្លូវទស្សនាចរណ៍ និងផែនទីបង្ហាញផ្លូវ ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព និងអនាម័យ ជូនដល់ភ្ញៀវទេសចរ ជាដើម។
ឧទាហរណ៍ថា ភ្ញៀវដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរយើង ពួកគាត់ភ្លេច ឬជ្រុះបាត់របស់មួយចំនួន ដូចជាកាបូបលុយជាដើម នៅកន្លែងណាមួយនោះ យើងចាំបាច់ត្រូវជួយស្វះស្វែងរកឱ្យឃើញ និងប្រគល់ជូនដល់ពួកគាត់វិញ ដោយធានាមិនឱ្យមានការបាត់បង់របស់ទ្រព្យ ដែលមាននៅក្នុងកាបូបនោះ។
ក្នុងករណីមានភ្ញៀវណាម្នាក់ គាត់មានបញ្ហាសុខភាព ដូចជាវិលមុខ ឬក្អួតចង្អោរ ដោយប្រការអ្វីមួយនោះ គឺយើងចាំបាច់ត្រូវធ្វើការជួយសង្គ្រោះបឋម ដើម្បីឱ្យភ្ញៀវរបស់យើងគាត់មានសុខភាពល្អប្រសើរឡើងវិញ ហើយក្នុងករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ យើងចាំបាច់ត្រូវអន្តរាគមន៍បញ្ជូនភ្ញៀវដែលមានជំងឺនោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់ ដោយគ្មានការរើសអើង។ ទាំងនេះគឺជាការពង្រឹងនូវទំនុកចិត្ត និងសេវាកម្មរបស់យើងជូនដល់ភ្ញៀវទេសចរ ហើយកន្លងមក ក្រុមការងាររបស់យើងបានអនុវត្តគោលការណ៍ជាយុទ្ធសាស្ត្រនេះបានយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រប្រកបដោយមោទនភាពពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ក្រៅពីនេះ ត្រូវរៀបចំបរិក្ខារទេសចរណ៍ សម្រាប់ផ្គត់ផ្គង់ដល់សេវាកម្មទេសចរណ៍ឱ្យមានភាពល្អប្រសើរ ដូចជាការរៀបចំផ្លូវទស្សនាចរណ៍និងផែនទីបង្ហាញផ្លូវ ប្រកបដោយសុវត្ថិភាព និងសុក្រឹតភាព ក្នុងនោះត្រូវរៀបចំក្រាលក្ដារឱ្យបានរឹងមាំនៅលើផ្លូវថ្មើរជើង ស្ពាន ជណ្ដើរឡើងប្រាសាទ និងច្រកចូលប្រាសាទ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព និងភាពទាក់ទាញដល់ទេសចរ ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គររបស់យើង។
ទន្ទឹមនឹងនោះ យើងត្រូវពង្រឹងស្ដង់ដាគុណភាព និងសេវាកម្មនៅក្នុងភោជនីយដ្ឋាន ដែលក្នុងនោះរួមបញ្ចូលទាំង ម្ហូបអាហារ មានរសជាតិឈ្ងុយឆ្ងាញ់ មានការតុបតែងលម្អតាមលក្ខណៈខ្មែរ ប្រកបដោយអនាម័យ និងមានតម្លៃសមរម្យ និងត្រូវមានភាពរួសរាយ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ យល់ថា អ្វីៗទាំងអស់ស្ថិតនៅក្នុងស្ដង់ដាមួយដែលអាចទទួលយកបាន។
បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តផែនការយុទ្ធសាស្ត្រនេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរបានសម្រេចជោគជ័យជាបន្តបន្ទាប់ និងកំពុងពង្រីកបន្ថែមនូវផលិតផលទេសចរណ៍មួយចំនួន សម្រាប់ផ្ដល់ជូនភ្ញៀវទេសចរ ដូចជាការរៀបចំឱ្យភ្ញៀវទេសចរជិះទូកកម្សាន្តពីប្រាសាទព្រះខ័នទៅប្រាសាទនាគព័ន្ធ និងការរៀបចំផ្លូវជិះកង់ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរដោយជិះកង់កម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរដោយគ្មានការព្រួយបារម្ភ និងកំពុងរៀបចំទីតាំងសម្រាប់ផ្ដល់ឱកាសឱ្យភ្ញៀវទេសចរ បានទស្សនាថ្ងៃរះ និងថ្ងៃលិចនៅតាមតំបន់ប្រាសាទមួយចំនួនទៀតក្នុងរមណីយដ្ឋានអង្គរ ព្រោះជាទូទៅ ពួកគេច្រើនប្រមូលផ្ដុំគ្នាមើលថ្ងៃរះ និងថ្ងៃលិចតែនៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។
តើបច្ចុប្បន្នសម្ទុះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាតំបន់ប្រាសាទអង្គរមានការប្រែប្រួលយ៉ាងណា? សម្រាប់ទេសចរបរទេស តើមានមកពីប្រទេសណាខ្លះ ហើយមកពីណាច្រើនជាងគេ ?
បើនិយាយអំពីសម្ទុះភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គររបស់យើងនាពេលបច្ចុប្បន្ន គឺមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ បើទោះជានៅមិនទាន់ច្រើនកុះករដូចកាលពីឆ្នាំ ២០១៩ ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលកម្ពុជា និងបណ្ដាប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងជួបប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ដ៏ខ្លាំងក្លានោះ គឺបច្ចុប្បន្នសម្ទុះភ្ញៀវទេសចរចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គររបស់យើងមានចំនួនច្រើនឡើងវិញហើយ ជាពិសេសចំនួនទេសចរក្នុងស្រុក។ ដោយឡែកទេសចរបរទេសក៏មានការហូរចូលច្រើនដែរ ប៉ុន្តែត្រង់ថាមានប៉ុន្មាន និងមកពីប្រទេសណាខ្លះ ហើយមកពីប្រទេសណាច្រើនជាងគេនោះ គឺខ្ញុំមិនបានដឹងច្បាស់ទេ។ ព្រោះទិន្នន័យនេះគឺ ខាងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រង។
តើអ្នកទេសចរដែលមកទស្សនាតំបន់ប្រាសាទអង្គរ ជាទូទៅពួកគេមានអារម្មណ៍យ៉ាងដូចម្ដេច? ហើយមានការចូលរួមលើកកម្ពស់បរិសា្ថនធម្មជាតិក្នុងតំបន់អង្គរកម្រិតណា?
ជាទូទៅភ្ញៀវទេសចរ មានចិត្តសោមនស្សរីករាយ នៅពេលបានទស្សនាតំបន់រមណីយដ្ឋានអង្គរ ជាពិសេស នៅពេលពួកគេបានឃើញបរិស្ថានធម្មជាតិនៅក្នុងតំបន់អង្គរ ដ៏សម្បូរទៅដោយប្រាសាទបុរាណតូច ធំ មានក្បាច់រចនាល្អឥតខ្ចោះ និងមានជីវចម្រុះគ្រប់ប្រភេទ ដុះលម្អដ៏ល្អស្រស់បំព្រង និងប្រកបដោយផាសុកភាព។
តំបន់រមណីយដ្ឋានអង្គររបស់យើង គឺមានក្រុមការងារតាមផ្នែកនីមួយៗ ដ៏មានជំនាញយ៉ាងប៉ិនប្រសប់ ក្នុងនោះមានក្រុមមគ្គុទេសក៍ទេសចរណ៍ ដែលមានចំណេះដឹង និងការសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងក្បាច់រចនានៃចម្លាក់តាមប្រាង្គប្រាសាទនីមួយៗយ៉ាងស្ទាត់ជំនាញ ខណៈក្រុមសម្អាតអនាម័យបរិស្ថាន មានតួនាទីអប់រំអនាម័យ ដល់ភ្ញៀវទេសចរ ឱ្យយល់ពីគុណតម្លៃនៃអនាម័យ និងបរិស្ថាន និងជាអ្នកប្រមូលសំរាម វេចខ្ចប់ទុកដាក់យ៉ាងមានរបៀបរៀបរយ។
ទន្ទឹមនឹងនេះយើងក៏មានក្រុមការងារថែទាំដាំដើមឈើ ដែលមានតួនាទីថែទាំ ការពារ អភិរក្ស និងដាំដើមឈើចម្រុះប្រភេទជាច្រើនទៀតនៅក្នុងបរិវេណនៃតំបន់រមណីយដ្ឋានអង្គរផងដែរ។ បច្ចុប្បន្នក្រុមការងារយើង បានដំឡើងប្រព័ន្ធស្រោចស្រពទំនើបកម្មស្វ័យប្រវត្តិ ដើម្បីស្រោចសួនស្មៅអង្គរ ដែលកន្លងមកតែងតែក្រៀមស្វិត នៅក្នុងរដូវក្ដៅនោះ ឱ្យមានពណ៌បៃតងស្រស់គ្រប់រដូវកាល។
តាមរយៈការផ្សព្វផ្សាយ និងពន្យល់ណែនាំរបស់ក្រុមការងារយើងតាមផ្នែកនីមួយៗ ឃើញថា បច្ចុប្បន្ន ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ពួកគេមានការយល់ដឹងខ្ពស់ពីគុណតម្លៃនៃវប្បធម៌ និងបរិស្ថានអនាម័យយ៉ាងទូលំទូលាយ និងបានចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់យើង ដើម្បីលើកកម្ពស់គុណតម្លៃនៃវប្បធម៌ និងបរិស្ថានធម្មជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ របស់យើងប្រកបដោយក្ដីសោមនស្សរីករាយ យ៉ាងពេញចិត្តពេញថ្លើម ដោយសារនៅក្នុងតំបន់ប្រាសាទអង្គរ មានសួនរុក្ខជាតិមានដើមឈើជាង ៥០០ ប្រភេទ និងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទទៀត។
តើអាជ្ញាធរជាតិអប្សរា ធ្លាប់ទទួលបានការទិតៀន ឬការប្ដឹងតវ៉ាពីភ្ញៀវទេសចរ ដែរឬទេ ហើយដោះស្រាយបែបណា?
ជាការពិត ក្រុមការងារយើង ក៏បានទទួលការស្ដីបន្ទោសផងដែរពីទេសចររងគ្រោះ និងក្រុមជនឱកាសនិយមមួយចំនួន ដែលកេងចំណេញពីសកម្មភាពដ៏អាក្រក់របស់សត្វស្វានៅតំបន់អង្គរ។ ករណីអវិជ្ជមានទាំងនេះ បច្ចុប្បន្នត្រូវបានដោះស្រាយរួចរាល់ហើយ ដោយក្រុមការងារយើង បានចាត់វិធានការដកហូតសត្វស្វាដែលកាច និងខិលខូចទាំងនោះចេញពីតំបន់រមណីយដ្ឋានអង្គរអស់ហើយ។
តើអាជ្ញាធរជាតិអប្សរា មានការរំពឹងទុកថា ចំនួនភ្ញៀវទេសចរ នឹងមានកំណើនកើនឆាប់រហ័សឡើងវិញទេ?
យោងតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ យើងមានភាពសុទិដ្ឋិនិយមថា ចំនួនទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គររបស់យើង នឹងមានការកើនឡើងយ៉ាងឆាប់រហ័សឡើងវិញ ដូចកាលពីមុនពេលមិនទាន់មានជំងឺរាតត្បាតកូវីដ ១៩ ព្រោះដូចដែលយើងបានឃើញហើយ បន្ទាប់ពីគ្រប់ប្រទេសនៅលើពិភពលោក បានបើកដំណើរការប្រទេសឡើងវិញ ប្រជាជនមានចិត្តអរសប្បាយ ហើយគ្រប់គ្នា មានចិត្តអន្ទះសាចង់តែដើរកម្សាន្ត ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង និងភាពតប់ប្រមល់ ដោយសារជំងឺកូវីដ ១៩ ដែលពួកគេមិនអាចចេញដើរកម្សាន្តសប្បាយបានទាល់តែសោះនៅក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ៕