ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ១ ធ្នូ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​លក្ខខណ្ឌ​បច្ចេកទេស​ទូទៅ​នៃការ​សាងសង់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​សេចក្តីព្រាង​គោលការណ៍​ថ្នាក់ជាតិ​ស្តីពី​អាង​ប្រព្រឹត្តិកម្ម​កាកសំណល់​ភក់​បង្គន់ ដើម្បី​សំដៅ​ជំរុញ​ឱ្យមាន​ការរៀបចំ​ចងក្រង​សេចក្តីព្រាង​ទាំងនេះ​មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ។​

​បើតាម​ផេក​ហ្វេសប៊ុក​ក្រសួង​សាធារណការ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន EGIS ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។​

​តំណាង​ក្រុមហ៊ុន EGIS ក្នុងនាម​ជា​អ្នក​ប្រឹក្សា​យោបល់ និង​រៀបចំ​ចងក្រង​សេចក្តីព្រាង​បាន​ធ្វើបទ​បង្ហាញ​អំពី​ស្ថានភាព​នៃ​ការសិក្សា វិធីសាស្ត្រ​នៃ​ការសិក្សា ករណី​សិក្សា​កន្លងមក ការ​ប្រមែប្រមូល​ធាតុ​ចូល បញ្ហា​ប្រឈម និង​ឱកាស​នានា​ដែល​អាច​កើតមាន​សម្រាប់​ការរៀបចំ​ចងក្រង​សេចក្តីព្រាង​លក្ខខណ្ឌ​បច្ចេកទេស​ទូទៅ​នៃការ​សាងសង់​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់។​

​បន្ថែម​ពីនេះ ក៏មាន​ការពិគ្រោះ​យោបល់​លើ​គោលការណ៍​ណែនាំ​ថ្នាក់ជាតិ​ស្តីពី​អាង​ប្រព្រឹត្តិកម្ម​កាកសំណល់​ភក់​បង្គន់ និង​បាន​លើកឡើង​អំពី​មាតិកា​នៃ​ការអនុវត្ត​ការងារ វិធីសាស្ត្រ​ប្រតិបត្តិ្កការ និង​ការថែទាំ វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង ក៏ដូចជា​នីតិវិធី​នៃការ​តាមដាន​ត្រួតពិនិត្យ​គុណភាព។​

​ទន្ទឹម​ជាមួយគ្នា​នោះ អង្គប្រជុំ បានធ្វើការ​កត់សម្គាល់ និង​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​យោបល់​យ៉ាង​ផុសផុល សំដៅ​ជំរុញ​ឱ្យ​ការរៀបចំ​ចងក្រង​សេចក្តីព្រាង​ទាំង ២ ខាងលើ​មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ​ប្រកបដោយ​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

​សូម​ជម្រាបជូន​ថា ក្រសួង​សាធារណការ បាន​ស្នើសុំ​ពេលវេលា​បន្ថែម​ដើម្បី​បញ្ជូន​សេចក្តីព្រាង​ទាំងនេះ​ទៅ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ដើម្បី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​បន្ថែម ឱ្យបាន​កាន់តែ​លម្អិត និង​ស៊ីជម្រៅ ហើយ​បន្ទាប់​មក​នឹងមាន​ការរៀបចំ​ជា​សិក្ខាសាលា​ដើម្បី​ដាក់ជូន​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ​ផ្លាស់ប្តូរ​យោបល់ ក៏ដូចជា​ប្រមែប្រមូល​ធាតុ​ចូល​បន្ថែម​ដើម្បី​បំពេញ​ភាព​ចន្លោះ​ប្រហោង មុននឹង​ស្នើសុំ​គោលការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន៕​