The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីក្រសួងយុត្តិធម៌ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣ នាក់រងរបួសនោះ មិនអាចរួចពីទោសទណ្ឌបានឡើយ ទោះសងសំណងក្តី

មន្ត្រីក្រសួងយុត្តិធម៌ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣ នាក់រងរបួសនោះ មិនអាចរួចពីទោសទណ្ឌបានឡើយ ទោះសងសំណងក្តី

Content image - Phnom Penh Post
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបថត ក្រសួងយុត្តិធម៌

មន្ត្រីក្រសួងយុត្តិធម៌ថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣ នាក់រងរបួសនោះ មិនអាចរួចពីទោសទណ្ឌបានឡើយ ទោះសងសំណងក្តី

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន អះអាងថា សំណងនានាដែលជនរងគ្រោះទទួលបានក្នុងករណីរថយន្តស៊េរីទំនើប១គ្រឿងបើកបុកម៉ូតូ Scoopy បណ្ដាលឱ្យមនុស្សរងគ្រោះចំនួន៣នាក់ ក្នុងនោះមានទារកអាយុ ២ ខែ កំពុងរងរបួសធ្ងន់ធ្ងរ គឺមិនបានឱ្យជនសង្ស័យរួចផុតពីទោសទណ្ឌដែលមានចែងក្នុងច្បាប់នោះទេ។

ការអះអាងបែបនេះ បន្ទាប់ពីមានប្រតិកម្មពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នាពាក់ព័ន្ធនឹងករណីនេះ ហើយបន្ទាប់ពីសាច់ញាតិជនបង្កបានផ្តល់សំណងជាលុយចំនួន២ ៥០០ដុល្លាទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង។

កាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍១ បានកើតឡើងនៅត្រង់ចំណុចចុងគល់ស្ពានជ្រោយចង្វារ ដោយក្នុងនោះមានយុវជន១រូប បើកបររថយន្តស៊េរីទំនើប១គ្រឿងម៉ាកLexus ក្នុងល្បឿនយ៉ាងលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកម៉ូតូពីខាងក្រោយ ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹង។

ក្នុងហេតុការណ៍នោះ បានបណ្ដាលឱ្យអ្នកជិះម៉ូតូចំនួន៣នាក់ ម្នាក់ជាអ្នកបើកបរម៉ូតូ និងស្ត្រីជាម្តាយ ព្រមទាំងទារកអាយុ២ខែ ផ្លោងទៅជាមួយគ្នាប្រហែលជាង១០០ម៉ែត្ររងរបួសធ្ងន់។ ពួកគេកំពុងស្ថិតក្នុងការជួយសង្គ្រោះក្នុងមន្ទីរពេទ្យផ្សេងៗគ្នា។
ខណៈនេះស្ថានភាពទារកត្រូវបានអះអាងថា កំពុងស្ថិតក្នុងស្ថានភាពពិបាកក្នុងការជួយសង្គ្រោះ។

ជនរងគ្រោះទាំង៣ មានឈ្មោះហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយមានគ្នា២នាក់ ទី១-ឈ្មោះមុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ(រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ)។ ចំណែកអ្នកបើកបរ មានឈ្មោះសោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ និងធ្លាប់បានជួយកុមាររងគ្រោះដោយសារជំងឺរបស់កុមារនាពេលកន្លងមក និងបានចូលខ្លួនមកអន្តរាគមន៍ក្នុងហេតុការណ៍នេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៦ ធ្នូ ថា នៅថ្ងៃកើតហេតុ ដោយសារតែទារករងគ្រោះ មានបញ្ហាសុខភាព ទើបម្តាយនាំយកទៅមន្ទីរពេទ្យទាំងយប់។ លោកបានបន្តថា ក្រោយពីពិនិត្យហើយ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទាំងយប់ ដោយមិនបានទទួលឱ្យសម្រាកនោះទេ ទើបជនរងគ្រោះទាំង៣ បានជួបប្រទះហេតុការណ៍នេះតែម្តង។

លោករៀបរាប់ថា៖«ស្ថានភាពម្តាយក្នុងពេលនេះ គឺប៉ះពាល់ផ្នែកក្បាល និងភ្នែកដែលនៅហូរឈាមមិនបាត់ តែដោយសារតែស្ថានភាពកូនតូចកាន់តែធ្ងន់ធ្ងរមែនទែន ព្រោះប៉ះពាល់ក្បាលទាំងស្រុង ដែលក្រុមគ្រូពេទ្យមានសង្ឃឹមតិចពេក ទើបម្តាយសុខចិត្តចេញពីពេទ្យដើម្បីមកមើលកូនខ្លួនសិន។ ស្ថានភាពទារកក្នុងពេលនេះ គឺមានសង្ឃឹមតិច ព្រោះរាងកាយគាត់មិនកម្រើកទេ ការរស់បានដោយសារអុកស៊ីហ៊្សែន និងបញ្ចូលទឹកដោះគោតាមទុយោ តែយើងក៏មិនអស់សង្ឃឹមដែរ។ ចំណែកជនរងគ្រោះម្នាក់ទៀត ក៏ធ្ងន់ដែរ ហើយកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី»។

លោកផន ផល្លា បន្ថែមថា ក្នុងអំឡុងពេលជនរងគ្រោះទាំង៣នាក់ កំពុងបន្តការជួយសង្គ្រោះនៅមន្ទីរពេទ្យផ្សេងគ្នា លោកទទួលបានព័ត៌មានថា មានសាច់ញាតិរបស់ជនបង្កហេតុ បានមកសម្របសម្រួលជាមួយជនរងគ្រោះ ដោយផ្តល់សំណងចំនួន២ ៥០០ដុល្លារ ដើម្បីឱ្យជនរងគ្រោះបញ្ចប់រឿង។ ចំពោះរឿងនេះ លោកបានអះអាងថា លោកកំពុងទាក់ទងជាមួយមេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីតំណាងឱ្យជនរងគ្រោះទាំង៣រៀបចំពាក្យបណ្តឹងបន្តនីតិវិធីទៅតុលាការ។

លោកថា មានក្រុមសម្របសម្រួលដែលចេញពីសាច់ញាតិជនបង្ក បានទៅតាមប្អូនស្រី(ជនរងគ្រោះ) ដល់មន្ទីរពេទ្យ ដើម្បីឱ្យទទួលសំណងនូវទឹកប្រាក់៣ពាន់ដុល្លារ។ ប្អូនស្រីបានបដិសេធ ហើយក្រោយមក ខាងអ្នកសម្របសម្រួលនេះ បានមកជួបនឹងលោកយាយរបស់ទារក។ ដោយសារលោកយាយខ្លាចកូនមិនមានលុយចេញថ្លៃពេទ្យ ព្រោះមិនមានលុយបង់ឱ្យពេទ្យឯកជន ក៏គាត់ព្រមទទួលលុយនោះ ហើយមិនបានដល់៣ពាន់ដុល្លារទេ គឺបានត្រឹម២ ៥០០ដុល្លារ។

លោកបន្តថា៖«ក្រោយមានការសម្រេចចិត្តជំនួសជនរងគ្រោះបែបនេះ ក្រោយមក ក្រុមអ្នកសម្របសម្រួល ក៏បានយកឯកសារឱ្យជនរងគ្រោះផ្តិតមេដៃ។ ប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើលបំផុតនោះជនរងគ្រោះបានប្រាប់ថា គាត់ស្មានតែឯកសារនេះ គឺជាពាក្យបណ្តឹងដើម្បីប្តឹងបន្តទៅតុលាការ ដែលមិនដឹងថា ជាឯកសាបញ្ចប់រឿងនោះទេ»។

បើតាមលោកផន ផល្លា ក្នុងពេលនេះ លោកកំពុងបន្តធ្វើការជាមួយមេធាវីការពារក្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីតតាំងរឿងនេះទៅតុលាការ និងដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំង៣នាក់ផងដែរ។

ករណីនេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើទោះជាអង្គហេតុយ៉ាងណាក៏ដោយចំពោះគោលការណ៍ច្បាប់ បើបុគ្គលណា បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់ជីវិត ហើយដោយការបំពានច្បាប់ចរាចរណ៍ បុគ្គលទាំងនោះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

លោកបញ្ចាក់ថា៖«ខ្ញុំសុំឱ្យភាគីរងគ្រោះនេះ បន្តនីតិវិធីតាមផ្លូវច្បាប់ទៅទៀតទៅ ព្រោះជាគោលការណ៍ច្បាប់ បើកាលណាបង្ករបួសស្នាម និងមានគ្រោះថ្នាក់ដល់អាយុជីវិតហើយ ការសងលុយនេះ គ្រាន់តែបញ្ចប់សំណងផ្នែករដ្ឋប្បវេណីទេ ហើយមិនអាចបញ្ចប់ការទទួលទោសតាមច្បាប់ព្រហ្មទណ្ឌបានទេ»។

កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកកើត រិទ្ធ ធ្លាប់បានព្រមានហើយថា ការប្រព្រឹត្តបទល្មើសចរាចរណ៍ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ និងស្លាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ មន្ត្រីអ្នកអនុវត្តច្បាប់ គឺត្រូវតែអនុវត្តទៅតាមច្បាប់ ដោយមិនត្រូវលើកលែងចំពោះជនល្មើសនោះឡើយ។

លោកលៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៦ ធ្នូ ថា ជនបង្កហេតុ (ដោយមិនបានបញ្ជាក់អត្តសញ្ញាណ) ត្រូវបានឃាត់ខ្លួនភ្លាមៗ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ធ្នូ ដើម្បីបន្តនីតិវិធី។

តាមការអះអាងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ គឺ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វើការផាកពិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២ ៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ)។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖«ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»៕

អត្ថបទគួរចាប់អារម្មណ៍