ព្រះវិហារៈ ការចិញ្ចឹម​សត្វក្នុង​សហគន៍បាននិង​កំពុង​លើកកម្ពស់​ជីវភាព ​និងធានា​ការហូបចុក​គ្រប់គ្រាន់ ​ក្នុង​ការលើកកម្ពស់​សុខុមាល​ភាពជូន​បងប្អូន​កូនចៅ​ប្រជា​សហគមន៍​។ នេះ​ជាការ​លើកឡើង​របស់​លោក ​សាយ ​សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការចិញ្ចឹម​ពូជ​គោ​របស់​ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​ថ្មគោល ​ខេត្តព្រះវិហារ​ កាលពី​ដើម​ខែធ្នូ​ កន្លង​ទៅ​។​

​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បែបនេះ ​គឺជា​ការជំរុញ​សេដ្ឋកិច្ច​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ការពារ​ធម្មជាតិ​ដោយ​ការផ្ដល់​ពូជ​សត្វ​សម្រាប់​ចិញ្ចឹម​។ តាមរយៈ​គម្រោង​លើកកម្ពស់​ជីវភាព​សហគមន៍​នេះ ​ក្រសួង​តែងតែ​ផ្ដល់​មុខរបរ​ដល់​តាម​បណ្ដា​ខេត្ត​នានា​ ដើម្បី​បង្វែរ​ប្រជាជន​ចេញពី​ការអាស្រ័យ​អនុផល​ព្រៃឈើ​។​

កាលពី​អំឡុង​ខែឧសភា​ ក្រសួង​បរិស្ថាន​បានផ្ដល់​ពូជ​សត្វ​ក្របី​ចំនួន​៣០​ក្បាល​ទៅកាន់​សហគមន៍​ចំនួន​៣ ​ដែល​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ ​ព្រៃ​ឡង់​ ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ។ ដោយ​ឡែក ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រែ​វាល​ក្នុង​ដែនជម្រក​សត្វព្រៃ ​ព្រៃ​ឡង់​បានទទួល​ពូជ​សត្វ​ក្របី​ចំនួន​១០​ក្បាល ​ដែល​រយៈពេល​ប្រមាណ​ជា​៧​ខែ​មកនេះ ​សហគមន៍​បានទទួល​នូវ​កូន​ក្របី​កើត​ថ្មី​បន្ថែម​ចំនួន​៣​ក្បាល​ទៀត។​

តាមរយៈ​សមិ​ទ្ធផល​នេះ​ ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រែ​វាល​ លោក ​យឹម តេង ​បានបង្ហាញ​ការអបអរ​ចំពោះ​ការខិតខំ​ថែរក្សា​ពូជ​សត្វ​ក្របី​ពី​សហគមន៍​ទាំងមូល​ បើទោះបីជា​មិន​ច្រើន​ តែ​ក៏​ជា​ការចាប់ផ្ដើម​ល្អ​មួយ​សម្រាប់​សហគមន៍​

របស់​លោក​។ លោក​បន្ដថា ​ជា​ការចាប់ផ្ដើម​ដ៏​ល្អ ​ព្រោះ​នេះ​ជា​លើក​ទី១​ហើយ ​ដែល​សហគមន៍​មួយ​នេះ​ទទួលបាន​ពូជ​សត្វ​ចិញ្ចឹម​ពី​ក្រសួង​បរិស្ថាន ​ដែលជា​ការបង្ហាញ​ការយកចិត្ត​ទុកដាក់​មួយ​ពី​ក្រសួង​។​

​ទោះជា​យ៉ាងណា ​លោក​យឹម តេង ​បាន​អំពាវនាវ​បន្ថែម​ទៅដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​ ដែល​រួមមាន ​ប្រមាណ​ជាង​ ២០០​គ្រួសារ​ឱ្យ​ងាក​មក​ចូលរួម​ឱ្យ​កាន់តែ​ច្រើន ​ដើម្បី​បង្កើន​ជីវភាព​ តាមរយៈ​រូបភាព​ថ្មី​មួយ​ទៀត​។​

លោក​យឹម តេង ​បាន​ថ្លែងថា​៖«ប្រជាពលរដ្ឋ​ទាំង​ជាង​២០០​គ្រួសារ​នេះ ​ភាគច្រើន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ​ដាំ​ដុះ ​ចិញ្ចឹមសត្វ​ជាដើម ​ប៉ុន្តែ​ដោយឡែក​នៅ​មាន​មួយចំនួន​ទៀត​នៅ​បន្ត​ចូល​ព្រៃ​អាស្រ័យ​ផល​នឹង​ធនធាន​ធម្មជាតិ​នៅ​ឡើយ»។​

ប្រធាន​សហគមន៍​រូប​នេះ ​បង្ហាញ​ក្តីបារម្ភ​ថា ​បើ​ពួកគេ​នៅតែ​បន្តធ្វើ​យ៉ាងនេះ​ទៀត ​ធនធាន​ធម្មជាតិ​ក្នុង​ដែនជម្រក​សត្វព្រៃ​ នឹង​ប្រឈម​ការបាត់បង់​ធ្ងន់ធ្ងរ​មិន​ខាន​។ ដូច្នេះ​ហើយ ​ឆ្លើយតប​ទៅនឹង​ការជួយ​គាំទ្រ​ស្រាប់​ពី​ក្រសួង​បរិស្ថាន ​លោក ​និង​សមាជិក​ដទៃទៀត​ ព្យាយាម​ថែរក្សា​សត្វ​ក្របី​ទាំង​១០​ក្បាល​ឱ្យ​បង្កើត​ពូជ​កាន់តែច្រើន​ទៀត​ដើម្បី​អាច​មាន​លទ្ធភាព​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​។​

លោក​ យឹម តេង ​បញ្ជាក់​ដែរ​ថា ​ពូជ​សត្វ​ក្របី​ទាំង​១០​ក្បាល​នេះ​ ត្រូវបាន​បែងចែក​ទៅតាម​ផ្នែក​នៃ​សហគមន៍ ​ពោល​គឺ​ព្យាយាម​ឱ្យ​ក្រុម​អ្នកពាក់ព័ន្ធ​បាន​យកទៅ​ចិញ្ចឹម ​និង​ថែរក្សា​យក​កូន​។ ជា​គោលការណ៍​ គឺ​ប្រជាជន​មាន​សិទ្ធិ​យក​ពូជ​ទៅ​ចិញ្ចឹម ​ប៉ុន្តែ​ត្រូវ​ធានា​ទុក​រក្សា​នូវ​ពូជ​ទាំង​១០​ក្បាល​នេះ​ជា​សម្បត្តិ​រួម​របស់​សហគមន៍ ​ពោល​គឺ​ប្រជាជន​មាន​សិទ្ធិ​ត្រឹមតែ​យក​កូន​ប៉ុណ្ណោះ។​

ដោយឡែក​ការចិញ្ចឹម​សត្វ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ​គឺជា​ភាពវៃឆ្លាត​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដោយ​សារ​ប្រើប្រាស់​ចំណី​ធម្មជាតិ ​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​សត្វ​បំផ្លាស់​ទីធ្វើ​ឱ្យ​សាច់ដុំ​សត្វ​រឹងមាំ ​ធន់​នឹង​ជំងឺ​តម្កាត់​នានា ​និង​មាន​រសជាតិ​ឆ្ងាញ់ ​ជាពិសេស​អាចជួយ​ដោះស្រាយ​ជីវភាព​ប្រជា​សហគមន៍​បានល្អ​ប្រសើរ​។​ នេះ​បើតាម​ការលើកឡើង​របស់​ក្រសួង​បរិស្ថាន​កាលពី​ពេល​កន្លង​ទៅ​។​

សូម​រំឭកថា ​កាលពី​ថ្ងៃទី​៧ ​ខែធ្នូ​ ក្រសួង​បរិស្ថាន​បានផ្តល់​ពូជ​សត្វ​ទៅកាន់​ខេត្តព្រះវិហារ​ ដោយបាន​គោ​ ៣០៧​ក្បាល​ជូន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន៩​សហគមន៍​។​ ក្រៅពី​នោះ ​មាន​ពូជ​ក្របី​ចំនួន​៣០​ក្បាល ​ជូន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៣​សហគមន៍ ​ក្នុង​នោះ​មាន​ពូជ​ពពែ​ចំនួន​១០ក្បាល​សម្រាប់​សហគមន៍​ជាំ​ពេន​ មាន​ពូជ​ជ្រូក​ចំនួន​៥៧​ក្បាល ​សម្រាប់​សហគមន៍​ប្រាសាទ​ភ្នំ​ក្រៀល​(១៩​គ្រួសារ)​និង​ពូជ​មាន់​ចំនួន​៨៥០​គីឡូក្រាម ​សម្រាប់​៧​សហគមន៍​៕