កំពង់ចាមៈ សាលា​ភាសា​អន្តរ​ជាតិ​​ ១ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​ផ្ទុះ​ការចាប់​អា​រ​ម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម នាពេល​ថ្មីៗ​នេះ គឺជា​សាលា​របស់លោក ​មឿ​ន​ ឈាន​ណា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន ដែល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ចាប់​តាំងតែ​ពី​ឆ្នាំ​ ១៩៩២​។​

​ជារឿយៗ លោក​សាស្ត្រាចារ្យ​តែង​បង្ហោះ​នូវ​រូបភាព​ក្មេងៗ​នៅ​ទីជនបទ​ដែល​បាន​ចូលរៀន​នៅ​សាលា ដែល​លោក​បានដាក់​ឈ្មោះថា «​សាលា​ភាសា​អន្តរ​ជាតិ​បូ​រ៉ុ​ម​បូរាណ (Borom Borann International Language School-BBILS)»​។

​តាមរយៈ​រូបភាព​ដែល​លោក​បាន​បង្ហោះ គេ​អាច​ឃើញ​ក្មេងៗ​ដែល​រស់នៅក្នុង​ស្រុក​ក​ង​មាស សប្បាយចិត្ត​ឥតឧបមា ក្នុងការ​បាន​រៀន​ភាសាបរទេស​ដោយ​អស់ប្រាក់​តិចតួច ខណៈពេលដែល​ពួកគេ​ភាគច្រើន មិនមាន​លទ្ធ​​ភាព​ក្នុងការ​បង់ប្រាក់​ច្រើន​សម្រាប់​រៀន​នោះឡើយ​។

​បើតាម​លោក មឿ​ន ឈាន​ណា​រិ​ទ្ធ ដែលជា​នាយក​សាលា​ភាសា​អន្តរជាតិ​បូ​រ៉ុ​ម​បូរាណ ឱ្យដឹងថា សាលា​តូច​មួយ​នេះ ទើបតែ​ត្រូវបាន​បង្កើតឡើង​ប្រមាណ​ ១ ​ខែ​កន្លងទៅ​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ ​២០២២​។ ត្រឹមតែ​រយៈពេល​ខ្លី​នេះ លោកគ្រូ​បានទទួល​សិស្ស​ចំនួន​ ៤០​ នាក់ ហើយ​លោក​ក៏​រំពឹងថា នឹង​អាច​កើន​ដល់​ ១០០ ​នាក់ នៅ​រយៈពេល​ ៣​ ខែ​ខាងមុខ​។

​ចំពោះ​មូលហេតុ​នៃ​ការបង្កើត​សាលា​ភាសា​នេះ​ឡើង លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​គឺ​ដើម្បី​ជួយ​កុមារ​ក្រីក្រ​បាន​រៀន​ភាសា​អង់គ្លេស ដូច​កុមារ​មាន​ជីវភាព​ធូរធារ​ដទៃទៀត​...​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​សង្កេតឃើញ​កុមារ​ក្រីក្រ លួច​មើល​កុមារ​មាន​ជីវភាព​ធូរធារ​ស្លៀកពាក់​ឯកសណ្ឋាន​ឡើង​ជិះឡាន​ទៅ​រៀន​នៅ​សាលា​ភាសា​នៅ​ទីប្រជុំជន​»​។​

​លោក​សាស្ត្រាចារ្យ​បន្ថែមថា​៖ «​ខ្ញុំ​ធ្លាប់ជា​កុមារ​ក្រីក្រ​រស់នៅ​មណ្ឌលកុមារ​កំព្រា និង​ជា​កុមារ​លក់​ផ្កា ហើយ​បាន​តស៊ូ​រៀនសូត្រ រហូតដល់​មានចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​ភាសា និង​ជំនាញ​សារព័ត៌​មាន ដូច្នេះ ខ្ញុំ​ចង់ឃើញ​កុមារ​ក្រីក្រ ខំប្រឹង​តស៊ូ​កសាង​ជីវិត​ដូច​ខ្ញុំ កាលពី​នៅ​កុមារភាព​ដែរ​»​។​

​លោក​ មឿ​ន ឈាន​ណា​រិ​ទ្ធ មាន​គម្រោង​បង្រៀន​សិស្ស​ ៣ ​វេន គឺ​ពេលព្រឹក ពេល​រសៀល និង​ពេលយប់ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ននេះ លោក​បង្រៀន​សិស្ស​ ១ ​ថ្នាក់ តែ​ក្នុងពេល​រសៀល​សិន ហើយ​លោក​នឹង​បែងចែក​តាម​វេន​ទាំង​ ៣ ពេល​សិស្ស​ចូលរៀន​សាលា​រដ្ឋ​វិញ​។ លោក​បន្ថែម​ផងដែរ​ថា​៖ «​បន្ទាប់ពី​សិស្ស​ធំៗ​រៀន​បាន​ ១​ ឆ្នាំ ខ្ញុំ​នឹង​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​ក្លាយជា គ្រូ​ភាសា​ថ្នាក់ដំបូង ដើម្បី​ពួកគេ​អា​ចរក​កម្រៃ​ទ្រទ្រង់​ជីវភាព​បណ្តើរ និង​រៀន​បណ្តើរ​»​។​

នៅ​ពី​ក្រោមផ្ទះ​ឈើ​ដែលមាន​កម្ពស់​សមល្មម លោក​បាន​រៀប​ជា​តុ​ឈើ​សម្រាប់​សិស្ស​សរសេរ មាន​កៅអី​ជ័រ​សម្រាប់​អង្គុយ មាន​ក្ដារខៀន​ចំនួន​ ២​ ខាងមុខ​។ សិស្ស​ដែល​កំពុង​រៀន ជា​កុមា​រវ័យ​ចម្រុះ ដែល​រាប់​ចាប់តាំងពី​ថ្នាក់ដំបូង​តទៅ​។ ក្រៅពី​ម៉ោង​សិក្សា ទីធ្លា​ផ្ទះ​របស់​លោកគ្រូ បាន​ក្លាយជា​ទីធ្លា​សម្រាប់​ក្មេងៗ​រត់​លេង ប្រឡែង​គ្នា​យ៉ាង​មមាញឹក​ផងដែរ​។​

​តាមរយៈ​ទិដ្ឋភាព​ទាំងនេះ សប្បុរសជន​មួយចំនួន ក៏បាន​បរិ​ច្ចាគ​ថវិកា ក៏ដូចជា​សម្ភារ​សិក្សា​ផ្សេងៗ​ជូនទៅ​ដល់​សាលា​ភាសា​របស់លោក​សាស្ត្រាចារ្យ មឿ​ន​​ឈាន​ណា​រិ​ទ្ធ​ផងដែរ​។ លោក​សាស្ត្រាចារ្យ បានបង្ហាញ​នូវ​សេចក្ដី​រីករាយ​ដែលមាន​សប្បុរស​ជន​បាន​ជួយឧបត្ថម្ភ​ថវិកា​ដល់​សាលា​ភាសា​ជា​បន្តបន្ទាប់ ដែល​បង្ក​លទ្ធភាព​ឱ្យ​លោក​អាច​ទិញ​តុ កៅអី ក្តារខៀន សៀវភៅ និង​សម្ភារ​សិក្សា​បន្ថែមទៀត​។​

​ម្យ៉ាងទៀត លោក​បាន​យក​កម្រៃ​បន្តិចបន្តួច ដើម្បី​ជួល​គ្រូ​ជំនួយ​មួយចំនួន​ផងដែរ ខណៈ ដែល​សាលា​ភាសា​ផ្សេងៗ​នៅ​ទី​ប្រជុំជន​យក​កម្រៃ​ពី​សិស្ស​ក្នុង​ ១​ ខែ​ប្រមាណ​ពី ​១០ ​ដុល្លារ​ទៅ​ ១៥ ​ដុល្លារ​ក្នុង​សិស្ស​ ១​ នាក់ ចំណែក​សាលា​ភាសា​របស់លោក​យក​កម្រៃ​ត្រឹម ​២ ​ដុល្លារ​កន្លះ ឬ​ស្មើនឹង​ ១ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ខែ​។​

​លោក​ថា​៖ «​ប្រសិនបើ​មានការ​ជួយឧបត្ថម្ភ​សមរម្យ​បន្ថែមទៀត សាលា​នឹង​សង់​ថ្នាក់រៀន​អំពី​ឈើ​បន្ថែមទៀត នៅពេលដែល​ចំនួន​សិស្ស​កាន់តែ​កើនឡើង​»​។

​សម្រាប់​ការបង្រៀន​ក្នុងពេល​បច្ចុប្បន្ននេះ លោក​មឿ​ន ឈាន​ណា​រិ​ទ្ធ ដែលមាន​ជំនាញ​ផ្នែក​សារព័ត៌មាន​ថ្លែងថា លោក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​មួយចំនួន​ដូចជា​ថ្នាក់រៀន​មានតែ​មួយ ស្រប​ពេលដែល​សិស្ស​មាន​ចំនួន​ច្រើន​ពី ១​ ថ្ងៃ​ទៅ ​១ ​ថ្ងៃ​។

​ចំណែកឯ​គ្រូ​ជំនួយ​ក៏​ពិបាក​នឹង​រក​ដោយសារ តែ​គ្រូ​ដែលមាន​ជំនាញ​ពិត​ប្រា​កដ​ត្រូវមាន​ប្រាក់​ប្រចាំខែ​ថ្លៃដូច្នេះ​សម្រាប់​ពេលនេះ​លោក​ជា​អ្នក​បង្រៀន​តែម្នាក់ឯង​សិន​។ ជាមួយគ្នានេះដែរ សាលា​របស់លោក​ក៏​មិនមាន​មធ្យោបាយ​ធ្វើដំណើរ សម្រាប់​ដឹក​សិស្ស​ដែរ ដែល​នេះ​ក៏​ជា​បញ្ហា​ផងដែរ ដោយ​លោក​ថា មាន​សិស្ស​មួយ​ចំនួន​មានផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា ហើយ​ពួកគេ​ខំ​ស្កាត់​មក​រៀន នៅ​សាលា​របស់លោក​។ លោក​ឈាន​ណា​រិ​ទ្ធ បច្ចុប្បន្ន ជា​សា​ស្ត្រា​ចា​រ្យ​ផ្នែក​សារព័ត៌​មាននៅ​សាកលវិទ្យាល័យ​កម្ពុជា​។

​លោក​ធ្លាប់​ធ្វើការ​នៅ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍​ រយៈពេល​ ៤ ​ឆ្នាំ គឺ​ពី​ឆ្នាំ ​១៩៩២ ដល់​ ១៩៩៥ មុននឹង​ក្លាយជា​គ្រូ​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌​មាននៅ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌​មាន ដែល​លោក​បាន​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ចំនួន​ ៨ ​ឆ្នាំ រហូតដល់​ឆ្នាំ ២០០៣​។

​ចាប់ពី​ឆ្នាំ​ ២០១០​ មក​លោក​បាន​ធ្វើជា​សាស្ត្រាចារ្យ​សារព័ត៌​​មាន នៅ​សាកលវិទ្យាល័យ​ភូ​​មិ​ន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ហើយ​ដែល​បច្ចុប្បន្ន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។​លោក​ក៏​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​តាំងពី​ ៣៥​ ឆ្នាំ​​មុន ហើយ​បាន​ដកខ្លួន​មក​ធ្វើជា​អ្នកសារព័ត៌មាន​វិញ ប៉ុន្តែ​កាលពី ​៦ ​ខែ​មុន លោក​បាន​លាឈប់​ពី​អាជីព​សារព័ត៌មាន តែ​លោក​នៅតែ​បន្ត​បណ្ដុះបណ្ដាល​ជំនាញ​សារព័ត៌មាន​ដដែល និង​បាន​ត្រឡប់​ទៅ​រៀបចំ​ដំណើរ​ការបង្រៀន​ភាសាបរទេស​នៅ​ស្រុក​កងមាស​នេះ​។ សាស្ត្រាចារ្យ​វ័យ ៥០ ​ឆ្នាំ​ប្លាយ​រូបនេះ​និយាយថា ៖ «​ជាការ​ពិត ជួយ​ឱ្យ​មនុស្ស​មាន​ធនធាន យើង​ចាំបាច់​ត្រូវ​កសាង​ធនធានមនុស្ស​ជាមុនសិន​»៕